លោក ហ៊ុន សែន បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​អតីត​មេ​បក្ស​ប្រឆាំង​ជុំ​វិញ​ការ​ចោទ​ថា «កាត់​ដី​ឲ្យ​វៀតណាម»

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំបក្សកាន់អំណាច បញ្ជាផ្ទាល់មាត់​ទៅក្រសួងពាក់ព័ន្ធ ឲ្យបើកការស៊ើបអង្កេត​លើអ​តីតមេដឹកនាំ​​ប​ក្ស​​ប្រ​ឆាំង ដោយចោទ​ថា មេដឹកនាំបក្សនេះក្បត់ជាតិ លួចចុះហត្ថលេខា និង​សន្យាកាត់ដី ៤​ខេត្ត​​ឲ្យវៀ​ត​ណា​​ម ពេលបាន​ឡើង​កា​ន់​អំណាច ប៉ុន្តែ មេ​បក្ស​ប្រឆាំង​បាន​បដិសេធ​រួច​ទៅ​ហើយ។

លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​បែប​នេះ នៅ​អំឡុង​ពេល​លោក​ចូល​រួម​សម្ពោធ​ស្ពាន​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ដោយ​លោក​ថា លោក​មាន​ឯកសារ​ដែល​លោក​ជឿ​បាន​ថា មេដឹកនាំ​បក្ស​មួយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក កុក ស។

លោកថា៖ «កាត់ដីឲ្យគេ ៤ខេត្ត រឿងនេះមិនតូចទេ។​ ក្រសួងមហាផ្ទៃកំពុង​តែធ្វើកិច្ចការងារនេះ ស្រា​វជ្រាវលើសំ​ណុំ​រឿ​ង ​ក្បត់ជាតិមួយថែមទៀត។ ខ្ញុំ​ព្រះ​ករុណាខ្ញុំ ១តឹក ១ផឹង នៅចរចានៅហ្នឹង ទាំងជាមួយថៃ ជាមួយវៀតណាម ជា​មួ​​យ​ឡាវ នៅចរចានៅហ្នឹង ឯគេ​កា​ត់​យ៉ាងស្រួល ៤ខេត្ត។ ទៅរកឃើញមុខហើយអ្នកឯងចោទ ឥឡូវផុតពីចោទ ក្ប​ត់​ជាតិខ្លួនឯងរហូត»។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ពេលទៅប្រជុំអាស៊ាន​នៅ​អូស្ត្រាលី​នៅសប្តាហ៍​​នេះ​ លោ​កនឹងសួរមេ​ដឹកនាំ​វៀ​ត​ណា​ម ដែលទៅចូលរួមដូចគ្នា ដើម្បីស្វែងរកឯកសារពាក់ព័ន្ធបន្ថែមទៀត។

លោកថា៖ «បើវៀតណាម​ស្មោះត្រង់ជាមួយខ្ញុំ ជាមួយកម្ពុជា ពិតប្រាកដ តើពេលដែលលោកហ្នឹង គាត់ទៅ​ទស្ស​ន​កិ​ច្ចនៅហាណូយ  និងលោកហ្នឹង​ទៅទស្សនកិច្ចនៅតៃនិញ និយាយពីស្អីខ្លះ?។ ប្រសិនបើវៀត​ណាមស្មោះ​ត្រង់​ជា​​មួ​​យខ្ញុំ ខ្ញុំនឹងសួរវៀតណាម ថ្ងៃ១៧នេះនឹងជួបគ្នាហើយ ជាមួយនឹង​នាយករដ្ឋមន្ត្រីវៀតណាម មាន​កំ​ណ​ត់ហេ​តុ​អត់? ខ្ញុំ​នឹងសួរ»។

ទោះបី​ជា​ថ្លែង​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ក៏​ដោយ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី​ទំនង​ជា​សំដៅ​ដល់​លោក សម រង្ស៊ី ជា​គូ​ប្រជែង​នយោបាយ​របស់​លោក បន្ទាប់​ពី​វីដេអូ​មួយ ត្រូវ​បាន​បង្ហោះ​នា​ពេល​ថ្មីៗ​នេះ​​ ទាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ប្រព័ន្ធ​កម្សាន្ត​ YouTube ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អ៊ិនថឹណិត​ផ្សេងៗ​គ្នា ដែល​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ថា កាត់​ដី​ឲ្យ​វៀតណាម។

វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​ YouTube មួយ​ហៅ​ថា Global Knowledge Supply ដោយ​មាន​ទាំង​ភ្ជាប់​មក​ជាមួយ​នូវ​សំឡេង​អធិប្បាយ​បន្ថែម​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​​រូប​នេះ បាន​​ចុះ​ហត្ថលេខា​ជាមួយ​ប្រធាន​មូលនិធិ​ម៉ុងតាញ៉ា លោក កុក ស កាល​ពី​ឆ្នាំ​២០១៣ និង​សន្យា​កាត់​ខេត្ត​ខ្មែរ​ចំនួន ៤ ឲ្យ​ទៅ​ក្រុម​ម៉ុងតាញ៉ា​វៀតណាម ប្រសិន​បើ​អតីត​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត ឈាន​ទៅ​រៀបចំ​រដ្ឋាភិបាល​។

ទោះជាយ៉ាងណា លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ឯ​បរទេស​នោះ បាន​ថ្លែង​ក្នុង​វីដេអូ​នោះ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​​ថា លោក​ថ្លែង​អំណរ​គុណ​ដល់​ជន​ជាតិ​ភាគ​តិច​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង។

ក្នុង​វីដេអូ​ដដែល​នោះ មេបក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា លោក​ធានា​ថា ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា គឺ​ជា​ផ្នែក​មួយ​នៃ​ពលរដ្ឋ​កម្ពុជា ដែល​ពួកគេ​ទាំង​នោះ​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «ពេល​យើង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ យើង​នឹង​ធានា​ថា ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា នឹង​រស់នៅ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដី​របស់​ពួកគេ ព្រៃឈើ​របស់​ពួកគេ ភ្នំ​របស់​ពួកគេ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ពួកគេ​វិញ ក្នុង​នាម​ពួកគេ​ជា​ម្ចាស់​ស្រុក»។

ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​រួច​មក​ហើយ ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា​នេះ ដោយ​លោក​បាន​ប្រាប់​ថា ឯកសារ​ដែល​លោក​ចុះ​ហត្ថលេខា​ជាមួយ​លោក កុក ស នោះ គឺ​ជា​ការ​ទទួល​​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា បញ្ហាព្រំដែនជារឿងរសើបមួយ ដែលអ្នកន​យោបាយ​ខ្មែរ តែ​​ងតែ​យកមកចោទប្រកាន់គ្នាទៅវិញទៅមក ដើម្បីកេងចំណេញនយោបាយ។ ប៉ុន្តែ លោកថា បញ្ហានេះ ពល​រដ្ឋ​ រ​ស់​នៅ​តា​ម​បន្ទា​​​​ប់ព្រំដែន ដឹងច្បាស់ជាងគេថា ទឹកដីនៅតាមព្រំដែន ពេលនេះបានបាត់បង់ ឬបន្តនៅគង់វង់។

លោកថា៖ «ប្រជាពលរដ្ឋ គាត់ដឹងអស់ហើយពីការដែលយកបញ្ហាព្រំដែនមកវាយប្រហារគ្នានេះ វាគ្រាន់តែជាកេរ្តិ៍​មួយដើម្បីជាការកេងចំណេញផ្នែកនយោបាយ។ ដូច្នេះ អ្នកនយោបាយត្រូវតែដឹងអំពីលក្ខខណ្ឌនេះ ហើយព្យា​យាមកែ​ប្រែ​ឲ្យទាន់ពេលវេលា។ ដូចយើង​ដឹង​ហើ​យថា ប្រទេសជាតិយើង​ យើងដើរក្រោ​យគេមែនទែន​​​ បើប្រៀបធៀបថៃ និងវៀតណាម គឺយើ​ង​ត្រូ​វតែរត់ឲ្យបានខ្លាំងមែនទែន បើមិនដូច្នោះទេ យើងនឹងជួបវិបត្តិធំមួយ ប្រសិនបើនយោបាយគាំង បញ្ហាសិទ្ធិមនុស្ស មិន​​​ត្រូវបា​នដោះស្រាយ អន្តរជាតិនៅតែដាក់សម្ពាធ។ ខ្ញុំគិតថា កម្ពុជានឹងដើរថយក្រោយ»។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ជាង ៥​ខែ​ក្រោយ​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ