វិវាទការងារប្រចាំឆ្នាំជាង៥០ភាគរយនៅ​តែ​គ្មាន​ដំណោះ​ស្រាយ

វិវាទការងារក្នុងវិស័យកាត់ដេរជាង ៥០ភាគរយ នៅ​តែ​មិន​ទាន់​អាច​រក​ដំណោះ​ស្រាយ​បាន​នោះ​ឡើយ បើទោះបី​ជាក្រសួងរកឃើញថា ចំនួន​វិវាទ​ការងារ​បានថយចុះគួរឲ្យកត់សម្គាល់ក៏ដោយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍ប្រចាំ២០១៧ ដោយ​រកឃើញថា វិវាទការងារ​បាន​ថយចុះ ៨០​ភាគរយបើប្រៀបទៅនឹងឆ្នាំ២០១៦។

របាយការណ៍ដដែលបង្ហាញថា វិវាទការងារដែលបានកើតឡើង ១២៧ករណី ត្រូវ​បាន​ដោះ​ស្រាយ​ចេញ​បាន ៥៧​ករណី ខណៈ​ដែល​វិវាទ ៧០ករណីទៀត នៅ​តែ​ដោះ​ស្រាយ​មិន​ទាន់​បាន ប៉ុន្តែ ក្រសួងមិនបានបញ្ជាក់ពីហេតុផល​​នៃការជាប់គាំងនៃ​វិវាទ​ការងារ​នោះឡើយ។

វិអូឌីមិនអាចសុំការឆ្លើយបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេជុំវិញបញ្ហានេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ករណីក្រសួងដោះស្រាយវិវាទការងារក្នុង​វិស័យកាត់ដេរមិនបានជោគជ័យ ដោយសាររឿងវិវាទនោះជាប់ពាក់ព័ន្ធអំពើពុករលួយ ដោយថា មន្រ្តីក្រសួង​មួយចំនួនជាទីប្រឹក្សាក្រុមហ៊ុន មន្រ្តីធំៗមួយចំនួនកាង​ឲ្យ​ក្រុមហ៊ុនដែលមានវិវាទនោះ និងការរឹតបណ្តឹងផ្នែក​ច្បាប់សហជីពជាដើម។

លោកបន្តថា ដើម្បីដោះស្រាយវិវាទនោះឲ្យមានប្រសិទ្ធភាព មន្រ្តីក្រសួងត្រូវយកចិត្តទុកក្នុងការដោះស្រាយ​កុំ​ឲ្យមានមន្រ្តីធំៗក្នុងជួររដ្ឋាភិបាលកាងរោងចក្រ និងផ្តល់សេរីភាពដល់សហជីពក្នុងការជួយដោះស្រាយ។

លោកបន្ថែមថា៖«ដើម្បីដោះស្រាយឲ្យបានសះជាទាំងអស់ទី១ គឺឲ្យដំណើរការរឿងក្តីហ្នឹងធម្មតាវិញ គឺខាង សហជីពមានសិទ្ធិតំណាងឲ្យសមាជិកធម្មតាវិញ នោះវាកាត់បន្ថយហើយ។ រឿងទី២ ក្រសួងត្រូវឲ្យមន្រ្តី អនុវត្តឲ្យបានត្រឹមត្រូវ កុំឲ្យធ្វើជាទីប្រឹក្សាក្រុមហ៊ុន ឬកំឲ្យមានអ្នកកាងក្រុមហ៊ុន ហើយបន្ទាប់មកខុសថាខុស ត្រូវថាត្រូវ បើក្រុមហ៊ុនធ្វើខុសត្រូវទទួលទោស បើកម្មករខុសកម្មករត្រូវទទួលទោស ដល់អញ្ចឹងទៅអាច ដោះស្រាយបញ្ហាហ្នឹងបានហើយ»។

បើ​តាមរបាយការណ៍​ដដែល​នោះ ក្រសួងការងារអះអាងថា នៅឆ្នាំ២០១៨ ក្រសួងនឹងខិតខំដោះ​ស្រាយវិវាទការងារជូនដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ