លោក ហ៊ុន សែន ថា​មិនអត់ឱនឲ្យជនណាដែលបង្កចលាចលក្នុងសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីអង្គរសង្រ្កាន្ត

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍នេះ បានថ្លែងថារដ្ឋាភិបាលនឹងមិនអត់ឱនឲ្យជនណាដែលលោកថាបង្កចលាចលនៅក្នុងសង្គមនិងនាំឲ្យមានការស្លាប់រង្គាល ដូចកាលពីអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៨។

លោក ហ៊ុន សែន ថ្លែងបែបនេះតាមសុន្ទរកថារបស់លោក នៅក្នុងពិធីបើកអង្គរសង្ក្រាន្ដឆ្នាំថ្មី នៅព្រឹកថ្ងៃទី១៤ ខែមេសាឆ្នាំ២០១៦នេះ ដែលធ្វើឡើងក្នុងខេត្តសៀមរាប។

លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមកសាងសន្ដិភាពជាមួយរូបលោកហើយព្រមានចាត់ការលើអ្នកបង្កអស្ថិរភាពក្នុងប្រទេស។ លោកមិនបានបញ្ជាក់ថាតើបុគ្គលទាំងនោះជាក្រុមណានោះទេ។  លោកមានប្រសាសន៍ថា៖ “ហើយយើងមិនអត់ឱនឲ្យអ្នកណាក៏ដោយដែលមានគំនិតនិងបង្កការញុះញង់បំបែកបំបាក់ធ្វើឲ្យមានចលាចលនៅក្នុងសង្គមជាតិយើង ទោះមួយនាក់ ពីរនាក់ ឬច្រើននាក់ តែកុំឲ្យមនុស្សរាប់ម៉ឺននាក់ រាប់លាននាក់ត្រូវទទួលការស្លាប់ ដូចកាលជំនាន់ឆ្នាំ១៩៧០ ១៩៧៥ ១៩៧៩និងបន្តរហូតមកដល់ឆ្នាំ១៩៩៨។ យើងមានវប្បធម៌នៃការអត់ឱន យើងមានវប្បធម៌នៃសន្តិភាព ប៉ុន្តែយើងក៏មិនលើកលែងចំពោះជនណាក៏ដោយដែលមានការប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអស្ថិរភាពដែលជាអតីតកាលដ៏ជូរជត់របស់កម្ពុជា”។ លោកបញ្ជាក់បន្ថែមថា៖ “សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងរួមជាមួយលោកដើម្បីថែរក្សានូវសុខសន្ដិភាពរបស់យើង”

កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ថ្លែងថាកម្ពុជានឹងមានសង្រ្គាម ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត។ លោកបានប្រៀបធៀបការដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ទៅនឹងប៉ុល ពត ដោយសារប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងព្រមានថាឧកញ៉ានិងអ្នកមានខ្លះដែលលោកចាត់ទុកថារកស៊ីទុច្ចរិត ត្រូវចាប់ផ្តើមគិតឡើងវិញតាមរយៈការសងដីនិងការផ្ដល់សំណងជនរងគ្រោះវិញ។

ការថ្លែងរបស់លោក ហ៊ុន សែន ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើង តាមរយៈការបង្ហោះសារលើហ្វេសប៊ុកទាក់ទងនឹងការប្រើប្រាស់ផែនទីក្លែងក្លាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ