សមត្ថកិច្ច​ត្រៀម​បញ្ជូន​ករណី​អ្នក​កាប់​ព្រៃ​ដាំ​ដំណាំ​នៅ​ពោធិ៍សាត់​ទៅ​តុលាការ​

ដី​ដែល​បាន​កាប់រានព្រៃរងទឹកភ្លៀងក្នុងអាងវារីអគ្គិសនីស្ទឹងអាតៃ(រូបភាពពី​ក្រសួង​បរិស្ថាន)

សមត្ថកិច្ចចម្រុះនៅខេត្តពោធិ៍សាត់ អះអាងថា ពួកគេប្រមូលបានភស្តុតាងមួយចំនួនពីអ្នកដែលបានកាប់រានព្រៃរងទឹកភ្លៀងក្នុងអាងវារីអគ្គិសនីស្ទឹងអាតៃជាច្រើនកន្លែង ហើយថានឹងបញ្ជូនករណីនេះទៅតុលាការនៅពេលខាងមុខ។

ក្រសួងបរិស្ថានបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនចុះថ្ងៃ១៣ ខែឧសភា បានឲ្យដឹងថា កម្លាំងមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កងកម្លាំងយោធា និងប្រជាពលរដ្ឋមូលដ្ឋានចំនួន ១៥នាក់ បានចុះពិនិត្យការរុករានដីព្រៃរងទឹកភ្លៀងអាងវារីអគ្គិសនីស្ទឹងអាតៃ នៅក្នុងភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង នៃតំបន់ដែនជម្រកសត្វព្រៃភ្នំ សំកុស ខេត្តពោធិ៍សាត់។

តាមក្រសួងបរិស្ថានដដែលឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនោះឃើញមានការកាប់រានដីព្រៃជាច្រើនកន្លែងគួរឲ្យព្រួយបារម្ភ ប៉ុន្តែក្រុមមន្ត្រីមិនបានជួបអ្នកប្រព្រឹត្តនោះទេ។ ក្រុមសមត្ថកិច្ចប្រទះឃើញមានការដាំដំណាំម្នាស់ ដំឡូង ចេក អំពៅដែលទើបតែដាំថ្មីៗ និង រោងចាំចំការទើបសង់បន្ទាប់ពីកាប់រាន និងដុតព្រៃរួចតែប៉ុណ្ណោះ។

តាមក្រសួងបរិស្ថានឲ្យដឹងទៀតថា ករណីនេះសមត្ថកិច្ចបានកំណត់មុខសញ្ញាអ្នកបង្ក និងអ្នកនៅពីក្រោយខ្នងរួចហើយ នៅចាំតែប្រមូលភស្តុតាងមួយចំនួនទៀតដើម្បីធ្វើសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់។

មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសថា កន្លងមកពិតជាមានការកាប់រានបំផ្លាញព្រៃនៅតំបន់នោះមែន។ ប៉ុន្តែលោកជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើភាពគ្នាចំពោះចំណាត់ការទៅលើអ្នកកាប់រានព្រៃនេះ ជៀសវាងការអនុវត្តទៅលើតែប្រជាពលរដ្ឋ តែមិនចាត់វិធានការលើឈ្នួញធំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ