​សារព័ត៌មាន​អន្តរ​ជាតិចាប់អារម្មណ៍​ចំពោះ​ការណែនាំ​ឲ្យប្រើ​គោរមងា​រ​«​សម្ដេច​»​ក្នុង​ព័ត៌មាន

រូបលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ក្នុង​​គេហទំព័រ​BBC News (រូបថតពី៖ BBC News)

សារព័ត៌មានអន្តរជាតិធំៗមានការចាប់អារម្មណ៍ចុះផ្សាយចំពោះការណែនាំរបស់ក្រសួងព័ត៌មានឲ្យសារព័ត៌មានក្នុងប្រទេសកម្ពុជាប្រើប្រាស់គោរមងារ «សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន» ដែលព្រះមហាក្សត្រព្រះរាជប្រទាន។

សារព័ត៌មានអន្តរជាតិធំៗ ដែលចុះផ្សាយនោះមានដូចជា BBC News, Washington Post, Channel News Asia និង  Telegraph News ជាដើម។ ការចាប់អារម្មណ៍ផ្សាយនេះ បន្ទាប់ពីក្រសួងព័ត៌មានបានប្រជុំណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មាន ដោយទុកពេលត្រឹមខែកក្កដាខាងមុខ ហើយថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដ៍បានលើកថា ការចេញគោលការណ៍ថ្មីនៃការប្រើគោរមងានេះ ហាក់ជាការដាក់កំហិតទៅលើសារព័ត៌មានដែលឃ្លាំមើលសកម្មភាពនាយករដ្ឋមន្ត្រីដូចជា សារព័ត៌មានគាំទ្របក្សប្រឆាំង និង សារព័ត៌មានលោកខាងលិចនិយម។ ចំណែកឯសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលបានប្រើប្រាស់គោរមងារនោះជាធម្មតារួចហើយ។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដ៍ដដែលបន្តថា នេះជាការផ្លាស់ប្តូរមួយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីដាក់សំពាធផ្លូវច្បាប់ទៅលើក្រុមអ្នករិះគន់ និងអ្នកប្រឆាំង នយោបាយរបស់ខ្លួន។

បើតាមសារព័ត៌មាន BBC News លើកឡើងថានាពេលថ្មីៗនេះនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមនាយករដ្ឋមន្ត្រីដែលកាន់ដំណែងយូរនៅលើពិភពលោក និងជាអ្នកតាំងខ្លួនជា បុរស ខ្លាំង លោកហ៊ុន សែន បានកំពុងព្យាយាមប្រើអំណាច គ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ និង បណ្ដាញសង្គមដោយគំរាមកំហែងចាត់ការតាមផ្លូវច្បាប់លើអ្នករិះគន់។

បើតាមការចុះផ្សាយរបស់ Channel News Asia ចុះផ្សាយដោយដាក់ចំណងជើងជាសំនួរថា តើអ្នកដឹងទេថា ខ្ញុំជានរណា? គឺជាកំពូលនាយករដ្ឋមន្ត្រី របស់កម្ពុជាលោក ហ៊ុន សែន។ ឃ្លាបន្ទាប់របស់សារព័ត៌មាននេះ បានសរសេរថា ប្រព័ន្ធ ផ្សព្វផ្សាយនៅកម្ពុជាត្រូវបានបញ្ជាឲ្យសរសេរតួនាទីពេញរបស់ បុរសខ្លាំង ហ៊ុន សែន នៅគ្រប់សេចក្តីរាយការណ៍ទាំងអស់ ដែលមានតួនាទីវែង បកប្រែអត្ថន័យថា កំពូលនាយក រដ្ឋមន្ត្រីដ៏អង់អាចក្លាហាន និង អគ្គមេបញ្ជាការកំពូល។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោរមងារថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង មាន គោរមងារថា “សម្តេចក្រឡាហោម ស ខេង” ចំណែក ប្រធានរដ្ឋសភា លោក ហេង សំរិន មាន គោរមងារថា “សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន” និង ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ មានគោរមងារថា “សម្តេចវិបុលសេនាភក្តីសាយឈុំ” ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ