ចំណូល​លក់​សំបុត្រ​ចូល​តំបន់​អង្គរ​កើន​ឡើង​ជាង​១០០​ភាគរយ​កាល​ពី​ខែ​មេសា

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

អាជ្ញាធរ​គ្រប់​គ្រង​រមណីយដ្ឋាន​តំបន់​អង្គរ បាន​ឲ្យ​ដឹង​ថា ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​ទេសចរណ៍​នេះ បាន​កើន​ឡើង​លើស ១០០​ភាគរយ កាល​ពី​ខែ​មេសា​កន្លង​មក​នេះ បើ​ធៀប​ទៅ​នឹង​តួលេខ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន។

របាយការណ៍​ដែល​ចេញ​ដោយ​គ្រឹះស្ថាន​អង្គរ ជា​ក្រុមហ៊ុន​រដ្ឋ​ដែល​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ កាល​ពី​ដើម​ខែ​ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​មេសា​កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​បរទេស​ជាង ១៨​ម៉ឺន​នាក់ បាន​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ ដោយ​បាន​កើន​ឡើង​ជិត ២៤​ភាគរយ បើ​ធៀប​ទៅ​នឹង​តួលេខ​ចំនួន​ភ្ញៀវ​ទេសចរ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦។

គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​កំណើន​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​អាច​រក​ចំណូល​បាន​ជាង ៨​លាន ៣៩​ម៉ឺន​ដុល្លារ ជាមួយ​អត្រា​កំណើន​ដល់​ទៅ​ជាង ១០២​ភាគរយ។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរ​ជាង ៩៤​ម៉ឺន​នាក់ បាន​ចូល​ទស្សនា​តំបន់​អង្គរ ឬ​កើន​ឡើង​ជាង ១១​ភាគរយ ដោយ​អាច​ផ្ដល់​ចំណូល​ដល់​កម្ពុជា​ជាង ៣៩​លាន​ដុល្លារ​អាមេរិក ឬ​កើន​ឡើង ៦០​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល ៤​ខែ​ដើម​ឆ្នាំ​២០១៦​កន្លង។

តួលេខ​កំណើន​ចូល​ដ៏​ខ្ពស់​បែប​នេះ កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​អនុវត្ត​តារាង​តម្លៃ​ថ្មី​សម្រាប់​សំបុទ្រ​ចូល​ទស្សនា​តំបន់​អង្គរ កាល​ពី​ដើម​ឆ្នាំ២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ