ប៉ុស្ដិ៍លេខ​​៥ រកឃើញ​​​​​​ម្ចាស់ជើងឯក និងជើង​ឯករង​ផ្លូវការ ​

រូបភាព៖ ពាក់​ខោកីឡា លន បញ្ញា ហើយ​ខោធម្មតា ​​​ធន់ មករា

នៅទីបំផុតការប្រកួតជម្រុះក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដើម្បីស្វែង​​រក​​​​​​​​អ្នកខ្លាំង​​​​២​នាក់ អោយទៅប្រកួត​​ដណ្ដើមយកតំណែងជើង​​​ឯក​ក្នុងព្រឹត្តិការណ៍​​ TV5 Knock Out Series By K-Cement របស់​សង្វៀន​ប៉ុស្ដិ៍លេខ​៥​ត្រូវបានបញ្ចប់ហើយ ដោយ​​​​ក្នុងចំណោម​​កីឡាករ​​​​​៤នាក់ចុងក្រោយ​ គឺ​​២នាក់​ត្រូវបានជ្រុះ​​​ចេញ​​​​​​​​​ពី​​ឱកាស​​​យក​ពាន​​ជើង​ឯក ហើយ​កីឡាករ​​២នាក់​​​ត្រូវបាន​​ឡើង​​​​​បន្ត។ បើទោះជា​​​​ការប្រកួតក្នុងវគ្គចុងក្រោយ នៅមិនទាន់បាន​ធ្វើ ប៉ុន្តែ​​ក្នុងចំណោម​​​អ្នក​​បានឡើងទាំង​​២ គឺ​ត្រូវគេ​កំណត់ថា​​ជាម្ចាស់ជើងឯក និងជា​ជើង​​ឯករង​​​​ដោយគ្មានប្រកែកបាន។

យោងតាមលទ្ធផលដែលបានស្ដែងឡើង កីឡាករវ័យក្មេងជើងខ្លាំង ធន មករា ដែល​ស្លៀក​​​​ខោ​​​​ធម្មតា​​ក្នុងរូប និង​កីឡាករ​ជើងខ្លាំងវ័យក្មេង ​លន បញ្ញា បានទម្លាក់​គូប្រកួត​ដែលជា​​​​ខ្លាំង​​របស់ខ្លួន​យ៉ាង​គួរអោយកត់សម្គាល់​​​ក្នុង​​ការប្រកួតពាក់កណ្ដាល​​​ផ្ដាច់ព្រ័ត្រ ដែលបានធ្វើឡើងកាលពីថ្ងៃទី​​​​១២ ឧសភា ​​មុននេះ។ ការប្រកួតរបស់ពួកគេទាំង​​៤​ មិនមាន​អ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារតែកីឡាករ​​​​ម្ខាង​ៗទាំង​​​៤រូបសុទ្ធតែបានប្រឹង​​វាយ​ឡើងអស់ពីសមត្ថភាព ហើយធ្វើអោយសង្វៀនរបស់ប៉ុស្ដិ៍លេខ​​៥ទាំង​​មូល​​​​​​​កក្រើក​​ ហើយមានការចាប់អារម្មណ៍។ ​​​ការប្រកួតដែលទើបបញ្ចប់ ​អ្នក​​ចាញ់ការប្រកួតសុទ្ធតែបង្ហាញអារម្មណ៍​សោកស្ដាយ ខណៈដែលអ្នកឈ្នះក៏​​​​​​នៅ​​​ផឺតពោះ​មិនដឹងថា​តើខ្លួននឹង​ក្លាយជា​ម្ចាស់ជើងឯក ឬ​បានត្រឹមតែជាជើង​​ឯករង ​ក្រោយពីមាន​ឱកាស​បានឡើងទៅកាន់ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រទៅ​​ហើយ។ កីឡាករ​​​​​ធន់ មករា ដែលស្លៀកខោគគី គឺជាជើងថ្មី និង​​​​​​​​មិនទាន់មានឈ្មោះបោះសំឡេងនោះទេ ប៉ុន្តែគេ​បាន​បង្កើតប្រវត្តិ​​កម្រ​​មួយ ដោយអាចវាយផ្ដួលកីឡាករ​​ជើងខ្លាំង និងល្បីឈ្មោះជាយូរមកហើយ គឺ​​យុគ យក្សផ្លែ ​អោយបរាជ័យដោយពិន្ទុ ក្នុងពេលដែល​​យុគ យក្សផ្លែ គឺជា​កីឡាកររៀមច្បង ដែលអ្នកណាក៏​មើលឃើញ​ថាមិនគួរនឹងចាញ់កីឡាករ​​សិស្ស​ប្អូន​ទាល់តែសោះ។ ​ការប្រកួតរបស់គូនេះ មាន​ភាពស្វិត​ស្វាញ​​សម្បើមណាស់​​ ​​​ដោយអាច​និយាយបានថា​អ្នកចាញ់ក៏​​​​​ទ្រមខ្លួន ហើយអ្នកឈ្នះគឺ​រឹតតែទ្រមខ្លួនទៅទៀត ​ដើម្បីដណ្ដើម​យកឱកាស​​ឡើងទៅប្រកួត​​យកខ្សែក្រវាត់ និង​ប្រាក់​លាន ដែលជាវគ្គនៃក្ដីស្រម៉ៃ​​នៅក្នុងអាជីព។ យ៉ាងណាមិញ កីឡាករ យុគ យក្សផ្លែ នៅតែមិនអាចសម្រេចក្ដីសុបិន្ដ ដោយ​​ក្រោយ​​ការប្រកួត​​​​៣ទឹក​​​នៅលើសង្វៀន ​បានត្រឹមតែ​រងការអាម៉ាស់ប៉ុណ្ណោះ ​​ព្រោះត្រូវកីឡាករ​​​​ស្រករក្រោយ ​​ធន់ មករា វាយអោយចាញ់​ដែលធ្វើអោយគេ​បានត្រឹមតែឡើង​​ប្រកួត​យក​លេខ​​​៣ នៅ​​២សប្ដាហ៍ក្រោយ។ ​

ងាកទៅកាន់​កីឡាករ​​​​ ​លន បញ្ញា ឯណោះវិញ ​​​​គេ​ក៏ល្អណាស់ដែរ ដោយសារតែគេ​​បានបង្ហាញសមត្ថភាព​នៅលើ​សង្វៀន ហើយ​ធ្វើអោយម្នាក់ៗកោតសរសើរ​​​ជាមួយ​នឹង​​កណ្ដាប់ដៃ និង​សមត្ថភាពដែលអាច​​​​​វាយផ្ដួលគូប្រកួតម្ខាង​ទៀត គឺកីឡាករ ​សង គង់ អោយ​​​​​បរាជ័យ​​តាមការចង់បាន។ ​លន បញ្ញា ដែលទើប​ចុះពីរេញ ហើយ​​ស្លៀក​​ខោ​កីឡា​​​​ពណ៌ខៀវ​​ផ្ដល់សម្ភាសន៍អោយអ្នកសារព័ត៌មានយើងបាន​អះអាងថា លោកមិនមានជំននឿចិត្តថាលោកនឹង​ឈ្នះ​ការប្រកួតក្នុងថ្ងៃនោះទេ ​ក្នុងពេលដែលគូប្រកួតរបស់លោកគឺជាជើងខ្លាំងម្នាក់ដែលល្អទាំងកណ្ដាប់ដៃ និង​ថ្វីជើង ​​​​​​តែលោកអាចយកប្រៀបដោយសារតែបានកម្ពស់​​ខ្ពស់ជាង។ យ៉ាងណាមិញ លោកថា​មិនទាន់រំពឹងថា​​​​ការប្រកួត​​នៅវគ្គ​ចុង​​ក្រោយនៅពេលខាងមុខ នឹង​ឈ្នះ​​​កីឡាករ​​​​​​​ធន់ មករា ឬយ៉ាងណានោះទេ អ៊ីចឹង​ហើយទើប​គេមិនទាន់​ដឹងថា​រវាងពួកគេថាតើអ្នកណា​ជាម្ចាស់ជើងឯក ​​ហើយអ្នកណាជា​​​​ជើងឯករង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ