បទយកការណ៍៖ ពលរដ្ឋគាំទ្រគណបក្សប្រឆាំងប្តេជ្ញាការពារមិនឲ្យចាប់ខ្លួន​លោក កឹម សុខា

អ្នកគាំទ្របក្ស​ប្រឆាំងប្រមូលផ្តុំនៅមុខស្នាក់ការគណបក្ស​សង្រ្គោះជាតិ​កាលពីពេលកន្លង

រយៈពេលជិតមួយខែមក ពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំងបាននាំគ្នាមកពីតាមបណ្តាខេត្តនានាមកជុំគ្នានៅមុខទីស្នាក់គណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។

ការដែលពលរដ្ឋនាំគ្នាមកប្រមូលផ្តុំនេះគឺបន្ទាប់ពីមានការអំពាវនាវរបស់គណបក្សសង្រ្គោះជាតិ ក្រោយពីសមត្ថកិច្ចប្រដាប់ដោយអាវុធបានឃាត់រថយន្តលោក កឹម សុខា និងឡោមព័ទ្ធទីស្នាក់គណបក្សកាលពីចុងខែមុនប៉ុនប៉ងចាប់ខ្លួនប្រធានស្តីទីគណបក្សប្រឆាំងរូបនេះទាក់ទងនឹងសំណុំរឿងដែលគេចោទថាមានស្នេហាលួចលាក់។

ពលរដ្ឋដែលប្រមូលផ្តុំនៅមុខស្នាក់គណបក្សសង្រ្គោះជាតិមានការកើនឡើងនិងថយចុះប្រែប្រួលទៅតាមស្ថានការណ៍នយោបាយ។

នៅថ្ងៃទី១៤ខែមិថុនាជាថ្ងៃដែលលោក កឹម សុខា បដិសេធជាលើកទី៣មិនចូលបំភ្លឺនៅតុលាការនោះ ប្រជាពលរដ្ឋដែលប្រមូផ្តុំនៅមុខស្នាក់គណបក្សកើនដល់ជិតមួយពាន់នាក់ ខណៈសមត្ថកិច្ចជិតមួយពាន់នាក់ត្រូវបានគេដាក់ត្រៀមជាស្រេចនៅចំងាយប្រហែលជិត១គីឡូម៉ែត្រ។

ឈរនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ អ្នកស្រី ងួន ស៊ី មកពីស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថា ពួកគាត់ស្ម័គ្រចិត្តឡើងមកទីស្នាក់ការបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដើម្បីការពារនិងគំាទ្រលោក កឹម សុខា ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួនមេបក្សជំទាស់រូបនេះ។ អ្នកស្រីបន្តថា៖ ព្រោះស្រលាញ់ជាតិបានមកតស៊ូទំាងអស់គ្នា ដើម្បីប្រទេសជាតិកុំឲ្យគេចាប់ខ្លួនអ៊ុំ កឹម សុខា ខ្លាចអញ្ចឹង គ្នាច្រើនយើងបានជួយទៅ ដើម្បីបានលើកទឹកចិត្តសង្គ្រោះជាតិយើងឲ្យបានរីកចំរើនទៅមុខទៀត

ប្រជាពលរដ្ឋម្នាក់ទៀតមកពីខេត្តព្រៃវែង អ្នកស្រី សេង វិសាល បានរៀបរាប់ថាគាត់មកស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីថ្ងៃចន្ទម្សិលមិញ។ អ្នកស្រីថាគាត់ចំណាយពេលស្នាក់នៅគណបក្សសង្គ្រោះជាតិមួយយប់ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយនិងឈប់គំរាមកំហែងលើលោក កឹម សុខា។ អ្នកស្រីបន្ថែមថា៖ មកចង់បានឲ្យជាពិសេសខាងរាជរដ្ឋាភិបាលខាងលោក ហ៊ុន សែន សុំឲ្យគាត់ដោះលែងសកម្មជនឬតំណាងរាស្ត្រដែលគាត់ជាប់ទោសឲ្យគាត់ឈប់ដាក់ទោសទណ្ឌគាត់ ហើយកុំឲ្យគាត់ធ្វើទុក្ខបុកម្នេញលោកប្រធានស្តីទី ព្រោះរឿងនេះជារឿងបុគ្គលហើយមិនមែនជារឿងនយោបាយទេ

ពលរដ្ឋដែលឡើងទៅកាន់ទីស្នាក់ការគណបក្សបប្រឆាំងគឺមកពីខេត្តដែលគណបក្សសង្រ្គើជាតិទទួលបានអាសនៈច្រើនជាងគណបក្សប្រជាជនកម្ពុជា រួមមានខេត្តកំពង់ចាម កំពង់ឆ្នាំង កណ្តាល ព្រៃវែង និងរាជធានីភ្នំពេញជាដើម។

ប៉ុន្តែអ្នកស្រី សេង វិសាល បញ្ជាក់ថាពលរដ្ឋមកពីខេ្តកំពត តាកែវ និងក្រុងព្រះសីហនុ ក៏មកគាំទ្រលោក កឹម សុខា ដែរ។

ឈរនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ឈិន ហាន់ រស់នៅរាជធានីភ្នំពេញអះអាងថា បើមានការចាប់ខ្លួនលោក កឹម សុខា មែនពួកគេប្តេជ្ញាការពារមេបក្សប្រឆំាងរូបនោះ បើទោះជាមានឧបសគ្គដល់អាយុជីវិតក៏ដោយ។ លោកបន្តទៀតថា៖ ខ្ញុំមក ខ្ញុំមកអត់ខ្លាចទេ បើថាប៉ះពាល់ដល់អាយុជីវិត យើងនេះក៏មានតម្លៃដែរដោយថាងាប់ដោយសារចឹងមែន ខ្ញុំមើលទៅ ខ្ញុំអត់ស្រលាញ់គណបក្សណាទេ តែគ្រាន់តែថាយើងមើលទៅវាអយុត្តិធម៌ពេក ព្រោះអីអ្នកមានដោយអ្នកមានទៅ អ្នកក្រផ្សេងទៅ អ្នកខ្លះដើរសុំទានពេញទឹកពេញដីទៅ អត់មានគិតប្រយោជន៍ជាតិ អត់មានគិតអីទេ គិតតែពីកាប់គ្នា

នៅពេលអ្នកគាំទ្រប្តេជ្ញាមិនឲ្យមានការចាប់ខ្លួនលោក កឹម សុខា គណបក្សសង្រ្គោះជាតិប្រកាសថាអ្នកគាំទ្រទាំងអស់ត្រូវតែអត់ធ្មត់ដោយប្រកាន់ជំហអហិង្សា។

ពលរដ្ឋដែលមកគាំទ្រគណបក្សសង្រ្គោះជាតិភាគច្រើនបានអះអាងថាពួកគេចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់ស្នាក់ការគឺមានគេឧបត្ថម្ភអាហារនិងទឹកសុទ្ធ។ នេះមិនខុសកាលពីគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៣នោះទេ។ កាលណោះពលរដ្ឋខ្លះអះអាងថាពួកគេលក់មាន់លក់ទា ដើម្បីបានប្រាក់ធ្វើដំណើរមកភ្នំពេញចូលរួមបាតុកម្មនោះ។

យ៉ាងណាក៏ដោយគណបក្សសង្រ្គោះជាតិប្រកាសថាបាតុកម្មប្រហែលជាមិនកើតឡើងទេ បើមានការចរចាក្នុងលក្ខខណ្ឌណាមួយដែលព្រមព្រៀងគ្នា។

ប៉ុន្តែប្រជាពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញលោកយល់ថា បើមានការចាប់ខ្លួនលោក កឹម សុខា នោះ កម្ពុជានិងឈានទៅរករបបផ្តាច់ការដូចសម័យអតីតកាលនិងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី។ លោកបន្តថា៖ ការដឹកនាំបច្ចុប្បន្ននេះយើងឃើញស្រាប់ថាធ្វើឲ្យមានការប្រមូលផ្តុំអំណាចបុគ្គលទីមួយ ទីពីរធ្វើឲ្យខ្មែរយើងបែកចេញជាពីរ វាមានខ្មែរខាងនេះ ខ្មែរខាងនោះទៅវាអាចមានការឈ្លោះគ្នា ប្រខំាគ្នា មិនដឹងថាក្មេងជំនាន់ក្រោយតៗមកវានៅតែខំាគ្នារហូត ប្រវត្តិសាស្ត្រយើងឃើញស្រាប់ហើយថាខ្មែរយើងធ្វើឲ្យមានបញ្ហាបាត់បង់ទឹកដីម្តងបន្តិចៗរហូតដល់បច្ចុប្បន្ននេះ

យ៉ាងណាក៏ដោយនៅថ្ងៃទី១៤ខែមិថុនានេះគេមិនទាន់ឮព័ត៌មានណាមួយថាមានការឃាត់ឬរារំាងរថយន្តប្រជាពលរដ្ឋដែលធ្វើដំណើរមកគំាទ្រលោក កឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះទេ។ ប៉ុន្តែនៅក្បែរគណបក្សសង្គ្រោះជាតិមាននគរបាលជួយធ្វើចរាចរណ៍នៅក្បែរស្នាក់ការបក្សនោះ ខណៈប្រជាពលរដ្ឋឡើងមកប្រឆំាងនឹងការចាប់ខ្លួនលោក កឹម សុខា ច្រើនកុះករ។

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យទេ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិប្រឆាំងការចាប់ខ្លួនលោក កឹម សុខា។

គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទគណបក្សសង្គ្រោះជាតិបានឲ្យដឹងថាខ្លួនបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ គណបក្សនៅមិនទាន់កំណត់ពេលជាក់លាក់ណាមួយសម្រាប់យកញត្តិដែលមានស្នាមមេដៃជាង២៣ម៉ឺននេះទៅថ្វាយព្រះមហាក្សត្រនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ