មេធាវី​ស្នើ​ចៅក្រមស៊ើបសួរ​ពិចារណាបញ្ឈប់នីតិវិធី​លើ​លោក កឹម សុខា​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានស្នើសុំឲ្យចៅក្រមស៊ើបសួរពិចារណាលើការបញ្ឈប់នីតិវិធីលើលោក កឹម សុខា ដោយថាកូនក្តីរបស់លោកមានអភ័យឯកសិទ្ធិ ហើយតុលាការមិនអាចចេញដីកានាំខ្លួនបាននោះទេ។

ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូលជំនួស។

លោក សំ សុគង់ ដែលជាមេធាវីម្នាក់ចូលជួបជាមួយចៅក្រមស៊ើបសួរ ប្រាប់វីអូឌីថាការចូលជួបចៅក្រមនេះ មិនមែនទៅឆ្លើយជំនួសលោក កឹម សុខា នោះទេ ព្រោះនេះជាករណីព្រហ្មទណ្ឌ តែលោកថាគឺដើម្បីទៅការពារនិងបង្ហាញមូលហេតុដែលកូនក្តីមិនអាចចូលខ្លួនទៅតុលាការ។ លោកបន្តថាលោកបានប្រាប់ចៅក្រមថាលោក កឹម សុខា មានឆន្ទៈសហការ តែថាលោក កឹម សុខា មិនអាចចូលទៅបានដោយសារមានអភ័យឯកសិទ្ធិ។ លោកបញ្ជាក់ប្រាប់ចៅក្រមថាករណីលោក កឹម សុខា មិនចូលខ្លួនបំភ្លឺនៅតុលាការតាមការកោះហៅកន្លងមក មិនមែនជាបទល្មើសជាក់ស្តែងនោះទេ។

ទោះជាយ៉ាងលោក សំ សុគង់ បានស្នើថា៖ ”តុលាការត្រូវពិចារណាលើដីការនាំខ្លួន ដោយសារមិនអាចនាំកូនក្តីដែលមិនទាន់មានការព្យួរអភ័យឯកសិទ្ធិនោះទេ។ គួរតែពិចារណាបញ្ឈប់នូវនីតិវិធី”។ បើតាមមេធាវី ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង ថានឹងពិនិត្យមើលករណីនេះនិងបន្តនីតិវិធីទៅតាមច្បាប់។

លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថាមេធាវីដែលការពារសិទ្ធិឲ្យជនត្រូវចោទមិនអាចឆ្លើយដោះសារជំនួសជនត្រូវចោទបានទេ ហើយក៏មិនមានប្រយោជន៍សម្រាប់ការដោះបន្ទុកនោះដែរក្រៅពីចម្លើយដោះសាររបស់ជនត្រូវចោទក្នុងកិច្ចស៊ើបសួរ។ លោកបញ្ជាក់ថា៖ “ចៅក្រមសើបសួរបានពិនិត្យលើករណីមិនចូលខ្លួនរបស់លោក កឹម សុខា នាថ្ងៃនេះ ហើយនឹងបន្តចំណាត់ការសើបសួរ”

កន្លងទៅ តំណាងរាស្រ្តបក្សកាន់អំណាចទាំង៦៨រូបបានសម្រេចឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា។ ករណីលោក កឹម សុខា រដ្ឋសភាមិនលើកពីការព្យួរអភ័យឯកសិទ្ធិដែលត្រូវការសំឡេងពីរភាគបីនោះទេ គឺរដ្ឋសភាលើកយកសំឡេងបីភាគបួន សម្រេចឲ្យតុលាការបន្តនីតិវិធីឬមិនបន្ត។

លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។ រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាតើនឹងមានការចាប់ខ្លួនលោក កឹម សុខាឬយ៉ាងណានោះទេ?

គណបក្សសង្រ្គោះជាតិព្រមានធ្វើបាតុកម្មអហិង្សាមួយប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា។ចំណែកកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ