បក្សប្រឆាំងបង្ហាញជំហរថាមិនចង់ឃើញបរទេសកាត់ជំនួយកម្ពុជាដោយសារតែកម្តៅនយោបាយ

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីពេលកន្លងទៅ។

គណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារនេះបានបង្ហាញជំហរថាខ្លួនមិនចង់ឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយដល់កម្ពុជាដោយសារតែកម្តៅនយោបាយនោះទេ ខណៈលោក ហ៊ុន សែន អះអាងថាលោកមិនខ្វល់ពីការគំរាមផ្តាច់ជំនួយពីសហគមន៍អន្តរជាតិនោះ។

ក្រោយពីមានការចាប់ឃុំខ្លួនសកម្មជននយោបាយ អ្នកតំណាងរាស្ត្របក្សប្រឆាំង មន្ត្រី គ.ជ.ប និងមន្ត្រីអង្គការសង្គមស៊ីវិលរួចមក សហភាពអ៊ឺរុបបានព្រមានឲ្យពិនិត្យមើលឡើងវិញពីទំហំនៃទឹកប្រាក់ជំនួយមកកម្ពុជា អាស្រ័យទៅលើស្ថានការសិទ្ធិមនុស្ស។

នៅថ្ងៃទី១៤ខែមិថុនានេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថានៅក្នុងពេលដែលស្ថានការណ៍កំពុងឡើងកម្តៅពេលនេះថា អ្នកនយោបាយខ្មែរគួរតែវិលទៅរកតុចរចានិយាយគ្នាដោយភាពស្មោះជាជាងទុកឲ្យស្ថានការណ៍រាលដាលដល់ការផ្តល់ជំនួយមកកម្ពុជា។

លោក អេង ឆៃអ៊ាង អះអាងទៀតថា បើមានការកាត់ជំនួយណាមួយគឺប្រទេសកម្ពុជាទាំងមូលជាអ្នកខាតបង់។

លោកថា៖ “គណបក្សសង្គ្រោះជាតិយើងអត់ចង់ឃើញបែបនេះទេ យើងអត់ចង់ឲ្យបណ្តាប្រទេសជាមិត្តផ្តាច់ជំនួយឬបិទទីផ្សារ[ដល់កម្ពុជា]ទេ គឺយើងចង់បានឲ្យប្រទេសជាមិត្តផ្តល់ជំនួយកាន់តែច្រើនឡើងថែមទៀតដល់ប្រទេសកម្ពុជា ហើយបើកទីផ្សារឲ្យកាន់តែធំទៀត ដើម្បីឲ្យកូនខ្មែរមានការងារធ្វើ។ ឯរឿងនយោបាយយើងចង់ជជែកគ្នាចង់និយាយគ្នារវាងខ្មែរនិងខ្មែរ”។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចវិញបានអះអាងថាលោកនឹងមិនបារម្ភពីការផ្តាច់ជំនួយរបស់ប្រទេសប្រជាធិបតេយ្យនោះទេ ខណៈលោកសរសើរពីជំនួយរបស់ប្រទេសចិន។ លោកថា៖ «កាលពីឆ្នាំណានោះ ខ្ញុំគំរាមថាម៉េចក៏មិនកាត់ បើប្រកាសថាកាត់ហើយ កាត់ទៅ ប៉ុន្តែគាត់មិនកាត់ទេ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល អ្នកណាដែលធ្វើការឲ្យអង្គការក្រៅរដ្ឋាភីបាល ស៊ីប្រាក់ខែអង្គការក្រៅរដ្ឋាភិបាល អ្នកហ្នឹងងាប់មុនគេ ព្រោះគេមានផ្តល់មកឲ្យរដ្ឋាភិបាលពីអង្កាល់។ គេផ្តល់ឲ្យអង្គការក្រៅរដ្ឋាភិបាលតើ ដល់ពេលងាប់ៗអាអ្នកកំពុងស៊ីប្រាក់ខែរាប់រយ ស៊ីប្រាក់ខែដល់ពាន់ អើទៅៗងាប់ទៅ នែកុំមកគំរាមលេងៗ»។

សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងជំរុញឲ្យដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។

សភាអឺរ៉ុបក៏បានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី បានលើកឡើងខុសពីលោកនាយករដ្ឋមន្ត្រី ដោយលោកអះអាងថាបើមានការផ្តាច់ជំនួយពីសហគមន៍អន្តរជាតិមែន ពលរដ្ឋដែលមានជីវភាពក្រីក្រស្រាប់នឹងរងគ្រោះមុនគេ។

លោកថា៖ “អង្គការក្រៅរដ្ឋាភិបាលឬមួយរដ្ឋាភិបាលវាមិនប៉ះអីទេ ប៉ុន្តែអាប៉ះពាល់ហ្នឹង វាប៉ះពាល់ដល់ពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ជនពិការ កុមារកំព្រា ចាស់ជរា ជនជាតិដើមភាគតិច ក្មេងបោះបង់ចោលសាលា ជនចំណាកស្រុក ឬមួយជនរងគ្រោះផ្សេងៗទៀត។ អញ្ចឹងបើយើងបណ្តោយឲ្យគេកាត់ជំនួន យើងធ្វើសកម្មភាពអត់ល្អដូចយើងបន្ថែមបន្ទុកដល់ជនរងគ្រោះទាំងអស់ហ្នឹង”។

សភាអឺរ៉ុបជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេឲ្យមកកម្ពុជា។ គិតត្រឹមឆ្នាំ២០១៤ដល់២០២០ សហភាពអឺរុបបានផ្តល់ជំនួយដល់កម្ពុជា៤១០លានអឺរូស្មើនឹង៤៦៣លានដុល្លារអាមេរិក។

ការព្រមានផ្តាច់ជំនួយពីសហភាពអ៊ឺរ៉ុបដែលមាន២៨ប្រទេសនោះគឺក្រោយពីអាជ្ញាធរកម្ពុជាចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា រួមទាំងការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា។

ក្រៅពីនោះប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចចេញពីការចាប់ខ្លួន ខណៈតំណាងរាស្ត្រពីររូបទៀតមានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន កំពុងឃុំខ្លួនដោយមិនដកអភ័យឯកសិទ្ធិសភា។

សំណុំរឿងនេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភនិងបានជំរុញឲ្យគណបក្សទាំងពីរវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនយោបាយ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា បើមានការចរចាជាមួយបក្សប្រឆាំង លោកថានឹងមិនជជែកពីការដោះលែងអ្នកជាប់ឃុំនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ