វ៉ាន់ នីឡា ​​កាន់តែ​ភ័យ​បារម្ភ​រឿង​​សុវត្ថិភាព

កញ្ញា វ៉ាន់ នីឡា និង​​លោក​ ហេង ឡុង ​​​​​អនុប្រធាន​​​សមាគម​អ្នក​​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយសង្គម(រូបថតពីហ្វេសប៊ុក​)

យោងតាមការអះអាងរបស់សាមីខ្លួននិងសមាគមដែលផ្ដល់មេធាវីអោយកញ្ញា វ៉ាន់ នីឡា គឺតារាស្រីរូបនេះកាន់តែមានការភ័យបារម្ភរឿងសុវត្ថិភាពទ្វេរដង ដោយសារតែនាងសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ហើយត្រូវបានជនអនាមិកគំរាមកំហែង។ វ៉ាន់ នីឡា បញ្ជាក់ថាសុវត្ថិភាពរបស់នាងនៅមិនទាន់មាននោះទេ ដរាបណាជនអនាមិកដែលបានគំរាមនាងនៅតែវែកមុខមិនឃើញ និងមិនត្រូវបាននាំយកមកផ្តន្ទាទោសតាមច្បាប់។

លោក ហេង ឡុង អនុប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលគេស្គាល់ថាជាគូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា បានប្រាប់វីអូឌីថាក្រោយការទទួលយកមេធាវីដែលខាងសមាគមលោកផ្ដល់អោយកាលពីថ្ងៃទី១៣ មិថុនា កញ្ញា វ៉ាន់ នីឡា បានប្រាប់លោកថានាងមានការភ័យបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនយ៉ាងខ្លាំង ដោយសារការគំរាមថ្មីៗរបស់ជនអនាមិក។ លោកថាវ៉ាន់ នីឡា មិនបាននិយាយពាក់ព័ន្ធនឹងរឿងទាមទារជំងឺចិត្ត ឬទទូចអោយចាប់អ្នកចែកចាយរូបភាពនិងអ្នកគំរាមយកមកផ្ដន្ទាទោសនោះទេ ប៉ុន្តែអ្វីដែលនាងចង់បានគឺនីឡាសុំអោយច្បាប់និងតុលាការការពារសុវត្ថិភាពចំពោះនាង បន្ទាប់ពីនាងប្រកាសចេញមុខតតាំងជាមួយអ្នកចែកចាយរូបភាពហើយត្រូវបានជនអនាមិកគំរាមកំហែង។ លោកនិយាយថា៖ “ក្រោយពីយើងជជែកគ្នា នីឡាគាត់អត់មាននិយាយថារឿងនឹងត្រូវអោយច្បាប់ចាត់ការយ៉ាងមិចៗទេ ប៉ុន្តែអ្វីដែលគាត់សុខចិត្តទទួលយកមេធាវីពីយើង គឺគាត់ចង់អោយមេធាវីខាងយើងធ្វើពាក្យបណ្ដឹងទៅតុលាការជួយការពារគាត់រឿងសុវត្ថិភាពតែម្មង ព្រោះយើងមើលទៅគាត់ដូចជាភ័យរឿងសុវត្ថិភាពច្រើនជាងចង់បានអ្វីៗទាំងអស់ឥឡូវនឹង!”។ លោកថាសមាគមដែលបានបង្កើតឡើងនេះ អ្នកនាងចន ច័ន្ទលក្ខិណា គឺជាប្រធាន ហើយលោកគ្រាន់តែជាអនុប្រធានដែលជួយចាត់ចែងមេធាវីនិងជួយផ្នែកច្បាប់ផ្សេងទៀត ដើម្បីជួយអោយ វ៉ាន់ នីឡា មានយុត្តិធម៌ប៉ុណ្ណោះ។ លោកថាមេធាវីម្នាក់ក្នុងចំណោមមេធាវីមួយក្រុមរបស់សមាគមនឹងចាត់ការរឿងបណ្ដឹងរបស់វ៉ាន់ នីឡា ក្នុងរង្វង់ពីរបីថ្ងៃ ទៅកាន់តុលាការ។ លោកបង្ហាញសុទិដ្ឋិនិយមថាបើទោះជាគូជម្លោះរបស់នាង អាចជាកូនអ្នកធំ ពាក់ស័ក្តប៉ុន្មាន និងមានឪពុកពាក់ផ្កាយប៉ុន្មានក៏ដោយ ក៏រឿងបណ្ដឹងរបស់វ៉ាន់ នីឡា នឹងទទួលបានយុត្តិធម៌។

វ៉ាន់ នីឡា និងអតីតសង្សារ(រូបថតពីហ្វេសប៊ុក)
វ៉ាន់ នីឡា និងអតីតសង្សារ(រូបថតពីហ្វេសប៊ុក)

យ៉ាងណាក៏ដោយលោកអះអាងជនអនាមិកជាអតីតសង្សាររបស់វ៉ាន់ នីឡា ឬក៏មិនមែនគឺលោកមិនទាន់អាចបង្ហើបបាននៅឡើយទេ ដោយសារតែបញ្ហានេះស្ថិតក្នុងក្រោមការស៊ើបអង្កេត។ លោកនិយាយថា៖ “ផ្អែកតាមសារគំរាមនិងភស្តុតាង យើងដឹងហើយថាអ្នកធ្វើរឿងនឹងជាអ្នកណា ប៉ុន្តែផ្លូវច្បាប់យើងអត់អាចទៅប្រកាសថាអ្នកនេះឬអ្នកនោះបានទេគឺទាល់តែយើងដាក់បណ្ដឹងទៅតុលាការ ហើយតុលាការចាត់ការយ៉ាងណាទើបអាចនិយាយបាន!”។

លោកសុខ ជំនោរ បងប្រុសកញ្ញាវ៉ាន់ នីឡា បដិសេធមិនផ្ដល់បទសម្ភាសន៍ ដោយលោកបញ្ជាក់ថាលោកសុំមិននិយាយច្រើនជាងអាន ក្នុងពេលដែលការវិវត្តថ្មីៗនៅមិនទាន់លេចចេញលទ្ធផលដែលអាចអោយលោកផ្ដល់សម្ភាសន៍នៅឡើយ។ ដូចគ្នាដែរ កញ្ញាវ៉ាន់ នីឡា ក៏ប្រកែកចំពោះការស្នើសុំសម្ភាសន៍ផងដែរ ដោយនាងប្រកាសថារឿងរ៉ាវរបស់នាងគឺទុកអោយច្បាប់ចាត់ការ ហើយនាងមិនធ្វើការបកស្រាយណាមួយនោះទេ។ យ៉ាងណាក៏ដោយ នាងបានបង្ហោះទទួលស្គាល់ថាសុវត្ថិភាពរបស់នាង ស្ថិតក្នុងការគំរាមកំហែងទើបបណ្ដាលអោយនាងឈានទៅដាក់បណ្ដឹងនៅតុលាការតាមរយៈមេធាវីដែលផ្ដល់អោយដោយសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា។ នាងសរសេរថា៖ “នាងខ្ញុំបានជួបពិភាក្សាជាមួយតំណាងសមាគមអ្នកសិល្បៈស្មគ្រ័ចិត្តជួយសង្គម  ដែលសមាគមកំពុងរៀបចំផ្តល់មេធាវីដល់រូបនាងខ្ញុំ ដើម្បីឈានទៅវែកមុខជនដៃដល់ ហើយរូបនាងខ្ញុំកំពុងតែបារម្មណ៍អំពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះជនសង្ស័យបានគំរាមមកលើរូបនាងខ្ញុំជាច្រើនដង!”។

វ៉ាន់ នីឡា ធ្លាប់បានប្រកាសថា មុននឹងឈានដល់រឿងរ៉ាវដែលបានកើតឡើងគឺនាង និងលោកកុយ សិទ្ធិស័ក្ត អតីតសង្សារដែលពាក់ស័ក្ត៤កន្លះនិងជាកូនមន្ត្រីផ្កាយ៣បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ បន្ទាប់មកក៏មានជនអនាមិកគំរាមបញ្ចេញរូបអាក្រាតរបស់នាងហើយក្រោយការបង្ហោះរូបថតអាក្រាតទាំងនោះគឺជនអនាមិកក៏ធ្វើការគំរាមកំហែងនាង បន្ទាប់ពីនាងដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ធ្វើអោយផ្អើលអស់ស្រទាប់មហាជន។ ចំពោះករណីនេះ លោកកុយ សិទ្ធិស័ក្ត បានប្រកាសនៅលើហ្វេសប៊ុកថាលោកមិនបានពាក់ព័ន្ធនឹងករណីបង្ហោះរូបអាក្រាតរបស់វ៉ាន់ នីឡានោះឡើយ ដោយលោកបង្ហោះថានោះគឺជាប្រឌិតឡើងពីភាគីផ្សេងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ