អង្គការ CCC ថានឹងពង្រឹងសមត្ថភាពអង្គការដៃគូ ដើម្បីអភិវឌ្ឍកម្ពុជា​ប្រកបដោយចីរភាព

នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក​) បានឲ្យដឹងថា ស្ថាប័ននេះ​នឹង​ធ្វើការ​ពង្រឹង​សមត្ថភាពអង្គការដៃគូនៅភ្នំពេញ និង១០​ខេត្ត​ផ្សេង​​ទៀត ដោយសហការជាមួយរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីធ្វើការភិវឌ្ឍនៅតាម​មូល​ដ្ឋាន​ប្រកបដោយចីរភាព។

អង្គការ​សង្គមស៊ីវិលដែលត្រូវ​ពង្រឹងនៅក្នុងខេត្ត​ទំាង១០នោះ រួមមាន​ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ បាត់ដំបង សៀម​រាប ព្រះសីហនុ និងខេត្ត​កំពតជាដើម ខណៈ​គម្រោង​នេះនឹងចាប់ផ្តើម​អនុវត្តពី​ថ្ងៃទី១​មេសា​ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០ ក្រោមជំនួយពីសហភាពអឺរ៉ុប និងអង្គការ Bread for the world (Bfdw) ចំនួន​១លាន​៦សែន​ដុល្លារ​ ។

នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤មិថុនា​នេះថា ​គម្រោងពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយចីរភាព​នៅ​កម្ពុជា មានគោលដៅ៥ចំនុច រួមមាន​ ពង្រឹងការសហការត្រីភាគី មានសង្គមស៊ីវិល រដ្ឋ និងវិស័យឯកជន កសាង​សមត្ថិភាពមន្ត្រីសង្គមស៊ីវិល បង្កើតប្រព័ន្ធគៀងគហិរញ្ញប្បទា​នដែលនៅ​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្តនីមួយៗ ពង្រឹងការស្រាវជ្រាវ តស៊ូមតិ ជំរុញទៅរដ្ឋាភិបាលនិងស្ថាប័ន​ពាក់ព័ន្ធជួយដោះស្រាយ​បញ្ហា​ប្រឈម​នានាជូនប្រជាពលរដ្ឋ​​ប្រកប​ដោយ​តម្លាភាព។

លោក សារឿន មានជំនឿថា គម្រោ​ង​នេះនឹងអាចជួយ​ពង្រឹងសមត្ថិភាពសង្គមស៊ីវិលនៅរាជធានីភ្នំពេញ និង​​១០ខេត្ត ឲ្យចេះធ្វើការងារសហការល្អជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍​ប្រទេស​​កម្ពុជា​ប្រកបដោយចីរភាព និងមានអភិបាលកិច្ចល្អនៅតាមមូលដ្ឋាន​បាន​ពិតប្រាដក​។

លោកមានប្រសាសន៍ថា «នៅពេលដាក់អង្គការសង្គមស៊ីវិលនិងរដ្ឋធ្វើការជាមួយគ្នា តំាងពីកម្រិតគោលនយោ​​បាយ កំរិតផែនការ រហូតដល់ការអនុវត្តជាក់ស្តែង ខ្ញុំគិតថាបញ្ហាទំាងឡាយនៅស្រុកខ្មែរនិងត្រូវបានដោះស្រាយ សំខាន់ថាតើថ្នាក់សង្គមស៊ីវិលមានសមត្ថិភាពប៉ុណ្ណាហើយស្ម័គ្រចិត្តធ្វើការជាមួយរដ្ឋប៉ុណ្ណា ជាមួយវិស័យឯកជនប៉ុណ្ណាហើយរដ្ឋមានឆន្ទៈនយោបាយក្នុងការបើកចំហឲ្យគ្រប់វិស័យ គ្រប់និន្នាការអាចធ្វើការជាមួយរដ្ឋបានឬក៏របៀបធ្វើការមួយចំនួនដែលមិនជំរុញឲ្យមានការចូលរួមយ៉ាងសកម្មនិងអាចកែសម្រួលបាន​​​»

លើសពីនេះទៀត លោក សារឿន អះអាង បើគម្រោងនេះទទួលបានផលវិជ្ជមាន នោះអង្គការរបស់​លោក​នឹង​​បន្ត​ពង្រឹង​និងអនុវត្តឲ្យបានទូទំាង២៥រាជធានី/ខេត្តផង​ដែរ។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិ​បត្តិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាម​បែប​​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅថា​ (គ.ជ.អ.ប) លោក ង៉ាន់ ចំរើន​ ដែលចូលរួម​វេទិកានៅថ្ងៃនេះ​ បាន​គំាទ្រនិងគម្រោងនេះ​ ដោយ​ថា រដ្ឋាភិបាលត្រូវ​ការ​សហការជាមួយអង្គការសង្គមស៊ីវិល ទើបធ្វើឲ្យកម្ពុជា​ទទួល​បានអភិបាល​កិច្ច​ល្អ ស្រប​​តាមគោលនយោបាយ​របស់រដ្ឋាភិបាល​។

លោក ចំរើន បានប្រាប់ទៅស្ថាប័នជាតិដែលពាក់ព័ន្ធ ត្រូវ​សហការធ្វើការល្អជាមួយសង្គមស៊ីវិល​តំាងពី​ពេល​ចាប់​ផ្តើមនិងដល់ពេល​បញ្ចប់គម្រោងនេះ ទើបទទួលបានផលវិជ្ជមាន។

លោកនិយាយថា «ការរៀបចំពង្រឹងដៃគូដ៏ល្អប្រសើរនេះប្រហែលជាពាក់ព័ន្ធនឹងការខិតខំបែងចែកការទទួលខុសត្រូវឲ្យបានច្បាស់លាស់រវាងដៃគូទំាងអស់ ការបែងចែកនេះមានលក្ខណៈច្បាស់លាស់ ហើយមានតុល្យភាព ទំាងក្នុងការរៀបចំធ្វើផែនការ ក៏ដូចជាការអនុវត្ត និងព្រួតគ្នាតាមដានក្រោយការអនុវត្តផងដែរ ដូច្នេះជាមួយគ្នាដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏គប្បីគិតបញ្ហានេះ ហើយចាត់ទុកបញ្ហានេះ ជាបញ្ហាសំខាន់របស់ខ្លួនដែរ ដើម្បីធានាបាននូវរាល់ការរួមគ្នាអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន»

អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន​ ប៊ុនស័ក្តិ យល់ថា គម្រោងរបស់ គណៈកម្មាធិការសហ​ប្រតិ​បត្តិការ ដើម្បីកម្ពុជា (គ.ស.ក​) នឹងជួយឲ្យកម្ពុជា​ទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព ហើ​យ​អាច​ជួយ​ទប់ស្កាត់ កុំឲ្យមន្ត្រីថ្នាក់ក្រោមជាតិចាយលុយជាតិខ្ជះខ្ជាយផង​ដែរ។

លោក​និយាយថា «គោលគំនិតនៃគម្រោងហ្នឹង ចង់មិនចង់គឺជំរុញឲ្យមនុស្សចូលរួម ជំរុញឲ្យមនុស្សធ្វើការ ជំរុញឲ្យមនុស្សកែឥរិយាបទ ពីព្រោះហេតុអ្វីបានជាថាអញ្ចឹង ដោយសារកន្លងមកវាអត់មានដំណើរការចូលរួមសហប្រតិបត្តិការល្អ អត់មានគិតគូរឿងការអភិវឌ្ឍដោយចីរភាព មានន័យយ៉ាងម៉េចដោយសារតែខ្វះការគិតគូកន្លងមកបានជាវាមានគម្រោងហ្នឹង ដែលមានគំនិតបែបហ្នឹង ដើម្បីអនុវត្តទៅមានការផ្លាស់   ប្តូផ្នត់គំនិតទៅខាងមុខ​»

​លោក ប៊ុនស័ក្តិ ឲ្យដឹងទៀតថា បើរដ្ឋាភិបាល​មិន​សហការល្អជាមួយអង្គការសង្គមស៊ីវិល ដើម្បី​អនុវត្ត​គម្រោង​នេះឲ្យមានប្រសិទ្ធិភាពទេ និងធ្វើឲ្យសាធារណៈជនកាន់តែយល់​ច្បាស់ពីការដឹកនាំ​របស់​រដ្ឋាភិ​បាល ហើយអាច​ធ្វើឲ្យ​បក្សកាន់អំណា​ចបាត់បង់ការគំាទ្រផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ