ពលរដ្ឋខេត្តក្រចេះបារម្ភពីសុវត្ថិភាពពេលឆ្លងកាត់ស្ពានមួយក្នុងភូមិ

ពលរដ្ឋមួយចំនួននៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ សំដែងក្តីបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរឆ្លងកាត់ស្ពានមួយក្នុងសហគមន៍ ដោយថា ស្ពាននោះមានសភាពចាស់ទ្រុឌទ្រោមពិបាកធ្វើដំណើរ ហើយថាមិនមានអាជ្ញាធរណាចុះដោះស្រាយឡើយ។

ពលរដ្ឋម្នាក់ លោក សី រិទ្ធ ឲ្យដឹងថា ស្ពានអូតាពោនសាងសង់អំពីឈើមានប្រវែងប្រហែល១០មែត្រស្ថិតក្នុងភូមិអន្ទង់វៀន ឃុំកន្ទួត កំពុងមានសភាពចាស់ទ្រុឌទ្រោមធ្វើឲ្យអ្នកភូមិពិបាកធ្វើដំណើរ និងបានបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋទៀតផង។

លោកបន្តថា កន្លងមកពលរដ្ឋធ្លាប់គ្រោះថ្នាក់ដោយអ្នកខ្លះបានធ្លាក់គោយន្ត ម៉ូតូ ចូលក្រោមស្ពាន និងបង្ករឲ្យម្ចាស់របួសធ្ងន់ធ្ងរទៀតផង។ លើលពីនេះទៀតវាក៍បានបង្កផលប៉ះពាល់ដល់ ជីវភាពរបស់ពលរដ្ឋក្នុងភូមិផងដែរ ដោយសារមិនអាចដឹកទំនិញធ្ងន់ ឬកសិកផលផ្សេងៗឆ្លងកាត់បានទេ។

លោកបន្ថែមថា «បង្កផលលំបាកដល់ប្រជាពលរដ្ឋយើងដូចថាពេលចេញចូលទៅវាលំបាកជួន កាលទៅពេលមេឃភ្លៀងវាមានហានិភ័យអាចរអិលធ្លាក់ ហើយជាពិសេសក្មេងៗសិស្សសាលា ដូចព្រឹកម៉ិញគ្នារអិលផងអីផង កន្លងមកមានធ្លាក់ ម៉ូតូ កាឡេថង ពលរដ្ឋយើងអំពាវនាវសុំ ឲ្យរដ្ឋាភិបាលនិងអង្គការនានាជួយសាសង់ស្ពានហ្នឹងថ្មីចង់បានជាថ្មឬក៏ដែកព្រោះដែកវាមាំ»។

ពលរដ្ឋម្នាក់ទៀតលោក ចាន់ នឿន ឲ្យដឹងថា ស្ពានអូតាពោននោះមានសភាពចាស់ទ្រុឌ ទ្រោមរយៈពេលជាងមួយឆ្នាំហើយដោយមិនមានអាជ្ញាធរណាអើពើក្នុងការជួសជុលឡើងវិញនោះទេ។

លោកបន្តថា រូបលោកក៏ដូចជាពលរដ្ឋក្នុងសហគមន៍អំពាវនាវសុំអាជ្ញាធរពាក់ព័ន្ធជួយកែលុំអរនិងជួសជុលស្ពាននេះឡើងវិញ ដោយថា ដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងធានាសុវត្ថិភាព។

លោកបន្ថែមថា «ស្ពាននេះបាក់ប្រកាន់ដៃទាំងសងខាងហ្នឹងប្រហែលជាមួយឆ្នាំហើយ ដល់ បាក់អស់អញ្ចឹង វាពិបាកត្រងថាវាអត់មានប្រកាន់ដៃអញ្ចឹងវាអាចជ្រុលជ្រួសទៅវាធ្លាក់ កាលពី ខែកត្តិកហ្នឹងមានកាឡេថង មានកូនម្នាក់ និងប្តីប្រពន្ធធ្លាក់ទៅក្នុងអូរតែម្តងហើយលិចទឹកទាំង អស់គ្នាតែម្តង ប៉ុន្តែគ្រោះថ្នាក់ដល់អាយុជីវិតទេ»។

មេភូមិអន្ទង់វៀន លោក ជា ទទួលស្គាល់ថាស្ពាននោះពិតជាមានសភាពទ្រុឌទ្រោម និងខួច ខាតផ្នែកខ្លះពិតមែនដោយសារឡានដឹកទំនិញបុកបាក់។

លោកបន្តថា មូលហេតុដែលអាជ្ញាធរពន្យាពេលជួសជុលដោយសារឃុំខ្វះថវិកា ដោយថា កន្លងមកឃុំធ្លាប់ដាក់សំណើរទៅថ្នាក់លើសុំថវិកាដើម្បីជួសជុលស្ពាននោះដែរ ប៉ុន្តែមិនមាន ការឆ្លើយតបឡើយ។

លោកបន្ថែមថា «កន្លងមកយើងបានដាក់សំណើរស្នើសុំ ប៉ុន្តែគេថាយើងហ្នឹងស្នើសុំខ្លាំងពេក អញ្ចឹងអត់បាន ថ្នាក់លើធ្លាប់ចុះមកមើលច្រើនដងដែរ ប៉ុន្តែគាត់ធ្វើមិនដឹងមិនលឺ ឥលូវរឿង ហ្នឹងខ្ញុំអត់ហ៊ានសម្រេចដែររងចាំគេរៀបចំមេឃុំរួចសិនអាហ្នឹងចាំគិតមួយសារទៀត»។

បើតាមពលរដ្ឋឲ្យដឹងថា នៅឃុំកន្ទួតមានពលរដ្ឋប្រមាណ៣០០០គ្រួសារ ដោយមួយថ្ងៃៗមាន មនុស្សធ្វើដំណើរឆ្លងកាត់ស្ពាននោះប្រហែលបីទៅបួនរយនាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ