នគរបាលដែលបាញ់គំរាមក្នុងរឿងចរាចរណ៍ត្រូវដកតំណែង

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាលម្នាក់ បន្ទាប់ពីមានការផ្សាយថានគរបាលស័ក្ត៤កន្លះរូបនោះ បានបើករថយន្តកៀរនិងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ១។

វេបសាយអគ្គស្នងការនគរបាលជាតិ នៅព្រឹកនេះផ្សាយឲ្យដឹងថា លោក ស ខេង បានសម្រេចដាក់វិន័យ លោក លឹម ចំណាន ៣រូបភាព ទី១ ធ្វើការព្រមានជាផ្លូវការ និងហាមដាច់ខាតមិនឲ្យមានការប្រព្រឹត្តខុសឆ្គងនេះជាថ្មីម្ដងទៀត ទី២ បន្ថយឋានន្តរស័កពីវរសេនីយ៍ទោ មកវរសេនីយ៍ត្រី និងទី៣ ដកឋានៈរបស់លោក លឹម ចំណាន ពីនាយរងការិយាល័យចរាចរណ៍ផ្លូវគោក មកជាមន្រ្តីនគរបាលធម្មតា។

អនុប្រធានសមាគមន៍មន្ត្រីរាជការឯករាជ្យ​ លោក ហុង គីម គាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃ «សម្តេចក្រឡាហោមគាត់បានធ្វើការដកតួនាទី និងឋានន្តរស័កមន្ត្រីខិលខូចគឺថាសមស្របហើយដើម្បីជាគំរូល្អដល់មន្ត្រីផ្សេងៗកុំឲ្យធ្វើខុសច្បាប់។ ធម្មតាយើងជាមន្ត្រីនគរបាល ជាគំរូល្អរបស់ប្រជាពលរដ្ឋ ដល់តែធ្វើចឹង ធ្វើឲ្យវាខូចដល់វិន័យរបស់កងកម្លាំង»

លោកមេធាវី សេក សោភ័ណ មានប្រសាសន៍ថា នេះជាជំហានល្អ ហើយចំណាត់ការវិន័យរដ្ឋបាលនេះធ្ងន់បំផុតហើយពីស្ថាប័នសាម៉ីរបស់មន្ត្រីដែលធ្វើខុស «អាហ្នឹងអត់ពាក់ព័ន្ធដល់រឿងតុលាការទេ! បើរឿងតុលាការ បើសិនជារកទៅឃើញគាត់ប្រើប្រាស់កាំភ្លើងហ្នឹងខុសច្បាប់ ឬក៏ការបាញ់ត្រូវរបួសស្នាមអីផ្សេងទៀត អាហ្នឹងជាបទល្មើសផ្សេង បើសិនជាមានអ្នករងគ្រោះប្តឹងប្តល់ទៅតុលាការអាហ្នឹងជារឿងមួយបន្ទាប់ពីរឿងការផ្លាស់ប្តូរដកតំណែង។ ទីពីរពាក់ព័ន្ធនឹងរឿងច្បាប់ចរាចរណ៍! តើគាត់ជិះហ្នឹងជិះខុសច្បាប់ឬជិះត្រូវច្បាប់? បើជិះខុសច្បាប់ហើយទៅសម្លុតគេទៀត អាហ្នឹងខុសច្បាប់ចរាចរណ៍មួយទៀត»

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ មានការផ្សាយវីដេអូមួយដោយបង្ហាញថា លោក លឹម ចំណាន ជាកូន លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើករថយន្តបាឡែន ប៉ះជាមួយរថយន្តមួយគ្រឿងទៀត ក្នុងដៅទិសដៅស្របគ្នា ហើយក៏បើកកញ្ចក់រថយន្តបាញ់មួយគ្រាប់គំរាមភាគីម្ខាងទៀត រួចបើកទៅមុខបាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ