ក្រុមអង្គការសង្គមស៊ីវិលស្នើជាថ្មីឲ្យឡាវបញ្ឈប់សង់ទំនប់វារីអគ្គិសនី «ប៉ាក់បេង»

បណ្ដុំអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋបារម្ភពីផលប៉ះពាល់កើតចេញពីគម្រោងទំនប់វារីអគ្គិសនី «ប៉ាក់បេង» និងស្នើជាថ្មីទៀតឲ្យរដ្ឋាភិបាលឡាវបញ្ឈប់គម្រោងនេះជាបន្ទាន់។

ក្នុងសនិ្នសីទសារព័ត៌មានមួយ នារាជធានីភ្នំពេញ ថ្ងៃពុធនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជានិងអង្គការសម្ព័ន្ធទន្លេកម្ពុជា ដែលមានសមាជិកចំនួន៥២ ប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលឡាវ បញ្ឈប់គម្រោងសាងសង់ទំនប់ «ប៉ាក់បេង» ស្ថិតក្នុងស្រុកប៉ាក់បេង ខេត្តឧត្តមសៃ ប៉ែកខាងជើងប្រទេសឡាវ។

ថ្លែងក្នុងសន្និសីទនេះ នាយកប្រតិបត្ដិវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក សុវណ្ណារ៉ា​ មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យផ្អាកគម្រោងទំនប់វារីអគ្គិសនីនេះ ដោយថាទំនប់វារីអគ្គិសនីចំនួន២ កាលពីលើកមុន ឡាវមិនបានគោរពតាមនីតិវិធីជូនដំណឹងពិគ្រោះយោបល់និងសិក្សាពីផលប៉ះពាល់ទេ។ លោកបន្ដថា បើតាមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ គឺឡាវត្រូវតែគោរពតាមនីតិវិធីជូនដំណឹងនេះដាច់ខាត និងមិនត្រូវបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសជិតខាងឡើយ។

លោកថា៖ «ការជូនដំណឹង ការពិគ្រោះយោបល់ កិច្ចព្រមព្រៀង ដែលគេហៅថា PNPCA ហើយអាហ្នឹងជានីតិវិធីមួយនៅក្នុងកិច្ចព្រមព្រៀងទន្លេមេគង្គ ឆ្នាំ១៩៩៥ ដែលតម្រូវឲ្យភាគីនៃរដ្ឋ ជាភាគីហត្ថលេខា កិច្ចព្រមព្រៀងមេគង្គត្រូវគោរពតាម មុននឹងធ្វើការអភិវឌ្ឍទំនប់តួមេលើទន្លេមេគង្គ។ ជាគោលជំហររបស់យើង យើងស្នើឲ្យមានការបញ្ឈប់គម្រោងអភិវឌ្ឍវ៉ារីអគ្គិសនីហ្នឹង ហើយស្នើឲ្យខាងភាគីឡាវគាត់ត្រូវគោរពទៅតាមនីតិវិធីជូនដំណឹង និងហើយពិគ្រោះយោបល់ជាមុន ហើយនិងកិច្ចព្រមព្រៀង»។

នាយិកាប្រតិបត្តិសមាគមថែរក្សាបរិស្ថាន និងវប្បធម៌លោកស្រី លុយ រស្មី លើកឡើងថា នីតិវិធីជូនដំណឹងជាមុនសម្រាប់ទំនប់ «ប៉ាក់បេង» នេះ គឺភាគីឡាវនៅមានភាពអន់ខ្សោយ។ ការលើកឡើងដូចនេះ ដោយលោកស្រីថា ភាគីឡាវមិនបានផ្សព្វផ្សាយត៌មានសំខាន់ៗ ដល់ពលរដ្ឋឲ្យបានយល់ដឹងច្បាស់ គ្មានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសហគមន៍រងគ្រោះ ហើយក៏គ្មានការវាយតម្លៃពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។

អ្នកស្រីថា៖ «ខ្ញុំអាចនិយាយបានថា PNPCA សម្រាប់ប៉ាក់បេងនេះ មានលក្ខណៈគេហៅ Poor Process មានគុណភាពអន់ខ្សោយ អន់មានប្រសិទ្ធភាព អ្វីដែលយើងហ៊ានអាងអញ្ចឹង គឺយើងយោងទៅលើលក្ខណៈមួយចំនួន ទី១ គឺទាក់ទងទៅនឹងការចែករំលែកនូវព័ត៌មានទាក់ទងទៅនឹងទំនប់ប៉ាក់បេង»។

ក្រុមតំណាងសហគមន៍នៅតំបន់បឹងទន្លេសាបនិងទន្លេមេគង្គ ក៏លើកឡើងពីក្ដីបារម្ភរបស់ពួកគេ ដោយថា សហគមន៍នឹងរងផលប៉ះពាល់ជាច្រើនដូចជា បញ្ហាបរិស្ថាន បាត់បង់ជម្រកត្រី ចំនួនសត្វផ្សោតថយចុះ បាត់បង់ប្រភពទឹក ប៉ះពាល់ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

បើទោះជាមានការស្នើឡើងជាបន្ដបន្ទាប់អំពីការស្នើផ្អាកគម្រោង «ប៉ាក់បេង» នេះក៏ដោយ លោក តឹក សុវណ្ណារ៉ា ថាពុំទាន់មានការឆ្លើយតបវិជ្ជមានណាមួយទេ ដោយថា ឡាវនៅតែបន្ដសាងសង់ទំនប់ថ្មីនេះដដែល។​

កាលពីខែកុម្ភៈឆ្នាំ២០១៧កន្លងទៅ អង្គការចំនួន២៧ ក៏ធ្លាប់បានស្នើឲ្យផ្អាកគម្រោងទំនប់ «ប៉ាក់បេង» លើតួមេនៃដងទន្លេមេគង្គនេះម្ដងហើយ ដោយពួគេបារម្ភពីផលប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ ប្រភពទឹក ធនធានជលផល ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប និងកសិកម្មក្នុងខេត្តមួយចំនួននៅកម្ពុជា ក៏ដូចជា សហគមន៍នៅប្រទេសថៃ។

ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យរដ្ឋាភិបាលឡាវសិក្សាផ្នែកបច្ចេកទេស និងផលប៉ះពាល់ឲ្យបានស៊ីជម្រៅ ដោយយ៉ាងហោចឲ្យបាន១០ឆ្នាំ មុនសង់ទំនប់ថ្មីនេះឡើង។

សូមជំរាបថា ទំនប់វារីអគ្គិសនី «ប៉ាក់បេង» ជាគម្រោងទី៣ របស់រដ្ឋាភិបាលឡាវ បន្ទាប់ពីគម្រោងទី១ ឈ្មោះ «សាយ៉ាប៊ូរី» កាលពីឆ្នាំ២០១១ និងគម្រោងទី២ «ដនសាហុង» នៅឆ្នាំ២០១៦។ គម្រោងថ្មីនេះ ស្ថិតក្នុងខេត្តឧត្តមសៃ ប៉ែកខាងជើងប្រទេសឡាវ និងមានចម្ងាយ១៤២៣គីឡូម៉ែត្រ ពីប្រទេសកម្ពុជា ដោយអាចផលិតថាមពលអគ្គិសនីដល់ទៅ៩១២មេហ្គាវ៉ាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ