តុលាការដាក់​លោក​ កឹម សុខា ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយមិនអនុញ្ញាតឲ្យចេញក្រៅប្រទេស

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា(រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខា)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទ បដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជា។

ក្នុងដីកាសម្រេចមួយចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង សម្រេចមិនឲ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេស បើមិនដូចនោះទេ ចៅក្រមស៊ើបសួរអាចនឹងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន។

លោក ថាន់ ឡេង សរសេរក្នុងដីកាសម្រេចនោះថា៖ “ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈអនុវត្តឲ្យបានសម្រេចតាមខ្លឹមសារនៃដីកាសម្រេចនេះ និងត្រូវរាយការណ៍មកចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីជនត្រូវចោទ កឹម សុខា មិនគោរពតាម … ដីកាសម្រេចនេះ …។ ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន … ”

គួរបញ្ជាក់ថា លោក កឹម សុខា បានកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ ជាងមួយខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោក មិនបានសម្រេចកាលពីចុងខែឧសភា ពីសំណាក់អាជ្ញាធរ និងក្រោយបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ