បក្សប្រឆាំងចាត់ទុក​ចំណាត់ការដាក់លោក កឹម សុខា ក្រោមការតាមដានរំលោភរដ្ឋធ​ម្មនុញ្ញ

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា(រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខា)

ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានចាត់ទុកការដាក់លោក កឹម សុខា ប្រធានស្តីគណបក្សឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ ជាការរំលោភលើរដ្ឋមធម្មនុញ្ញ។

ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៤ ខែកក្កដានេះ ក្រុមសមាជិកសភាបក្សសង្រ្គោះជាតិយល់ថាការសម្រេចរបស់តុលាការជាការរំលោភសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្រ្តនិងជាការរំលោភម្តងទៀតលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា។ តំណាងរាស្រ្តចាត់ទុកទង្វើលើលោក កឹម សុខា ជារឿងនយោបាយ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

គួរបញ្ជាក់ថាចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឲ្យលោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជា។ ក្នុងដីកាសម្រេចមួយចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង សម្រេចមិនឲ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេស បើមិនដូចនោះទេ ចៅក្រមស៊ើបសួរអាចនឹងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន។

លោក ថាន់ ឡេង សរសេរក្នុងដីកាសម្រេចនោះថា៖ “ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈអនុវត្តឲ្យបានសម្រេចតាមខ្លឹមសារនៃដីកាសម្រេចនេះ និងត្រូវរាយការណ៍មកចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីជនត្រូវចោទ កឹម សុខា មិនគោរពតាម … ដីកាសម្រេចនេះ …។ ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន … ” 

គួរបញ្ជាក់ថា លោក កឹម សុខា បានកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ ជាងមួយខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោក មិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភា ពីសំណាក់អាជ្ញាធរនិងក្រោយបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ