របាយការណ៍៖ អ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ

របាយការណ៍ប្រចាំឆមាសទី១នៃឆ្នាំ២០១៦របស់អគ្គស្នងការនគរបាលជាតិបង្ហាញថាចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែចុងក្រោយនេះថយចុះចំនួន១០០នាក់ស្មើនឹង៩.៨១% ចំណែកអ្នករបួសថយចុះចំនួន៤៥១នាក់ស្មើនឹង១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។

របាយការណ៍ឲ្យដឹងទៀតថាអ្នកស្លាប់ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ។ ដោយឡែកមូលហេតុដែលបង្កគ្រោះថ្នាក់ច្រើនជាងគេនោះគឺករណីបើកបរហួសល្បឿនកំណត់។

អនុប្រធាននាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ លោក ទី ឡុង ឲ្យដឹងថាកត្តាដែលនាំឲ្យចំនួនអ្នកស្លាប់ អ្នករបួស ក៏ដូចជាចំនួនគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះគឺដោយសារក្រសួងបានបង្កើតគណៈកម្មការសុវត្ថិភាពចំនួន៧ក្រុមដែលមានដូចជាក្រុមទិន្នន័យ ក្រុមយានដ្ឋានកែច្នៃ ក្រុមផ្សព្វផ្សាយច្បាប់ និងក្រុមផ្សេងៗមួយចំនូនទៀត ដើម្បីចុះទៅធ្វើការអប់រំផ្ទាល់តាមមូលដ្ឋានជាពិសេសនៅតាមតំបន់ដែលជាមុខព្រួញមានគ្រោះថ្នាក់ច្រើន។

លោក ទី ឡុង បន្តថាកងកម្លាំងនគរបាលចរាចរណ៍ក៏បានបង្កើននូវកិច្ចការងារអនុវត្តច្បាប់ឲ្យបានកាន់តែតឹងរ៉ឹង និងបង្កើនគោលដៅត្រួតពិនិត្យដើម្បីទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង មិនពាក់មួកសុវត្ថិភាព និងឡានដឹកទំនិញលើសទម្ងន់ជាដើម។

លោកបញ្ជាក់ថាដើម្បីឲ្យចំនួនគ្រោះថ្នាក់កាន់តែមានការថយចុះទៀតនោះ ក្រសួងនឹងចាប់ផ្តើមរឹតបន្តឹងយានយន្តដែលមិនទាន់បានបំពេញឯកសារដូចជាប័ណ្ណបើកបរឬឈៀកបានត្រឹមត្រូវដោយគ្មានការលើកលែងទៀតឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ