ប្រទេសតួកគីនៅតែទទួចចង់ឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាអន្តរជាតិហ្សាម៉ាន់ ដោយថាសាលាដែលមានដើមទុនពីវិនិយោគពីជនជាតិតួកគីមួយនេះ មានជាប់ទាក់ទងនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំមុន។
ឯកអគ្គរដ្ឋទូតទួកគីប្រចាំកម្ពុជាបានស្នើទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឲ្យបិទសាលាអន្តរជាតិហ្សាម៉ាន់(Zaman) ម្តងហើយកាលពីឆ្នាំមុន តែរហូតមកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជាមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្នីសិទមួយនៅព្រឹកនេះ ឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក (Ilhan Khemal Tug) បានឲ្យដឹងថារដ្ឋាភិបាលតួកគីនៅតែចង់ឲ្យសាលាអន្តរជាតិហ្សាម៉ាន់បិទទ្វារ តែថាបញ្ហាគឺទាក់ទងនឹងទំនាក់ទំនងជាមួយកម្ពុជា។ តែទោះជាយ៉ាងណាលោកថា តួកគីនៅតែពេញចិត្តសហការជាមួយកម្ពុជាដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ។
លោកថា៖ «ពិតណាស់ យើងមានអទិភាពក្នុងការបិទទ្វារសាលានេះ តែអាចមានបញ្ហានៅកម្ពុជា។ ជាពិសេសចំនួនសាលាដែលមាននៅកម្ពុជាបច្ចុប្បន្ន។ ដូច្នេះពួកយើងត្រូវការស្វែងរកការផ្លាស់ប្តូរមួយ ជាឧទាហរណ៍ គណៈគ្រប់គ្រងសាលានេះជាមធ្យោបាយមួយដែលរដ្ឋាភិបាលតួកគី អាចគ្រប់គ្រងសាលានេះបាន។ ពួកយើងពេញចិត្តក្នុងការប្រតិបត្តិជាមួយរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចរកដំណោះស្រាយចុងក្រោយមួយ»។
ប្រធានក្រុមហ៊ុនហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) ធ្លាប់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ថាសាលាហ្សាម៉ាន់មិនមានជាប់ទាក់ទងនឹងការធ្វើរដ្ឋប្រហារនៅតួកគីនោះទេ ហើយស្នើឲ្យរដ្ឋាភិបាលតួកគីបង្ហាញភស្តុតាងច្បាស់លាស់ពីការចោទប្រកាន់នេះ។
ទាក់ទងនឹងករណីនេះឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ថាលោកមិនទាន់អាចនិយាយបានទេ ដោយថាកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីឆ្នាំ២០១៦ថា ហ្សាម៉ាន់ជាសាលាមួយមានគុណភាពល្អ តែថាការសម្រេចបិទសាលានេះឬយ៉ាងណានោះ វាជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ថាលោកសុំមិនធ្វើអត្ថាធិប្បាយពីការវិវត្តនៃដំណើរការរបស់កម្ពុជាលើករណីនេះ ដោយថាមិនមានព័ត៌មានគ្រប់គ្រាន់។
លោកថា៖ «រឿងនេះវាកន្លងមកហើយយូរ ដូច្នេះខ្ញុំអត់មាន Information រឿងហ្នឹងទេខ្ញុំអត់បានតាមរឿងហ្នឹងណា ដូច្នេះខ្ញុំមិនអាចនិយាយពីព័ត៌មានដែលមានរយៈពេលប៉ុន្មានខែមុនគឺខ្ញុំមិនអាចនិយាយបានទេ! មិនដឹងថាមកដល់ឥឡូវហ្នឹងមិនដឹងថាវាវិវត្តន៍ដល់ណា»។
គួរបញ្ជាក់ថា សមាជិកនៃចលនារបស់លោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen) បានបង្កើតបណ្តាញនៃសាលារៀននិងសាកលវិទ្យាល័យដែលដំណើរការនៅក្នុងប្រទេសជាង១០០លើសកលលោក។ ក្នុងនោះ សាលាហ្សាម៉ាន់នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ អាទីឡា យូសេហ្វ ហ្គូលីឃឺ (Atilla Yusef Guleker) ដែលជាអតីតអ្នកកាសែតនៅប្រទេសតួកគីនិងត្រូវបានគេស្គាល់ថាជាសមាជិកនៃចលនាលោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)។
សាលាអន្តរជាតិហ្សាម៉ាន់នៅកម្ពុជាត្រូវបានបង្កើតឡើងដំបូងសម្រាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ក្នុងឆ្នាំ១៩៩៧។ សាលានេះត្រូវបានផ្តល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យជាប្រចាំដោយក្រសួងអប់រំ យុវជន និងកីឡា រហូតមកដល់ពេលនេះហ្សាម៉ាន់មានសាខាចំនួន៤នៅរាជធានីភ្នំពេញ ហើយមានសិស្សជាង២ពាន់នាក់ ចាប់ពីមត្តេយ្យដល់សាកលវិទ្យាល័យ៕