ប្អូនស្រីនាយករដ្ឋមន្ដ្រីថាការប្ដូរឈ្មោះវិទ្យាល័យ «អង្គរ» ធ្វើឲ្យពលរដ្ឋខឹងលោក ហ៊ុន សែន

វិទ្យាល័យអង្គរ (រូបភាពពីហ្វេសប៊ុក)

ប្អូនស្រីលោកនាយករដ្ឋមន្ដ្រី សំដែងការមិនពេញចិត្តចំពោះសំណើរបស់អភិបាលខេត្តសៀមរាបដែលសុំប្តូរ​ឈ្មោះវិទ្យាល័យ «អង្គរ» ទៅជាវិទ្យាល័យ «តេជោ ហ៊ុន សែន អង្គរ» នោះ ដោយថាបានធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារ លោក ហ៊ុន សែន។

លោកស្រី ហ៊ុន ស៊ីណាត បានចូលរួមបញ្ចេញមតិ តាមរយៈបណ្ដាញហ្វេសប៊ុករបស់លោកស្រីនៅថ្ងៃនេះថា លោកស្រីក៏មិនពេញចិត្តនឹងការប្ដូរឈ្មោះវិទ្យាល័យនេះដូចគ្នា ដោយថា វិទ្យាល័យនេះជាសមិទ្ធផល បន្សល់ទុកពីសម័យមុន និងថាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគេយល់ខុសទៅលើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។  លោកស្រីបន្ថែមថា «បើសិនជាមានការកសាងសាលាថ្មី រួចដាក់ឈ្មោះថ្មី គឺពិតជាល្អប្រសើរណាស់។ ម៉ោងនេះ ពេលនេះខ្ញុំកំពុងនៅលើទឹកដីអង្គរ ហើយបានស្ដាប់សម្ដីប្រជារាស្ដ្រ កំពុងតែខឹងដល់សម្ដេច»។

នាយកវិទ្យាល័យអង្គរ នៅខេត្តសៀមរាប លើកឡើងថា ការប្ដូរឈ្មោះវិទ្យាល័យ «អង្គរ» គឺអាស្រ័យលើក្រសួងអប់រំ ជាអ្នកសម្រេច បើទោះបីជាមានការរិះគន់ពីសំណាក់ក្រុមគ្រូបង្រៀន និងសិស្សានុសិស្សយ៉ាងណាក្ដី។

នាយកវិទ្យាល័យអង្គរ លោក រិន ឡូត ឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា បើទោះបីជាមានការរិះគន់ និងមិនពេញចិត្តពីសំណាក់ក្រុមគ្រូបង្រៀន និងសិស្សានុសិស្ស លោកថា សំណើសុំប្ដូរឈ្មោះវិទ្យាល័យ «អង្គរ» ទៅជាវិទ្យាល័យ «តេជោ ហ៊ុន សែន អង្គរ» នោះ បានដាក់ទៅក្រសួងអប់រំ យុវជន និងកីឡា រួចទៅហើយ។ លោកបន្ថែមថា លទ្ធផលយ៉ាងណានោះ គឺវាអាស្រ័យទៅលើក្រសួងអប់រំ ជាអ្នកសម្រេច។

លោកថា៖ «កន្លែងហ្នឹង ខ្ញុំអត់ទាន់ដឹងថាម៉េចដែរ ព្រោះឯកសារយើងបញ្ជូនទៅក្រសួង វាអាស្រ័យទៅលើការសម្រេចរបស់ក្រសួងទេ។​ អាហ្នឹងវាត្រូវតែអញ្ចឹងហើយ ប៉ុន្ដែយើងនិយាយអញ្ចឹង ប៉ុន្ដែបើសិនជាក្រសួងគាត់សម្រេចយ៉ាងម៉េច ក៏យើងត្រូវតែទទួលយក»។

អនុប្រធានមន្ទីរអប់រំខេត្តសៀមរាបលោក លី ប៊ុនណា ឲ្យដឹងថា សំណើនេះបានទៅដល់ដៃក្រសួងអប់រំហើយ ដោយលោកថា ការស្នើដូរឈ្មោះវិទ្យាល័យនេះ គឺជារឿងសមគួរ ដែលគណៈគ្រប់គ្រងសាលាចង់សងគុណដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភដល់វិទ្យាល័យនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកថា៖«ឃើញដូចមានរៀបចំ ជាបែបបទរដ្ឋបាល សុំគោលការណ៍ទៅក្រសួង ដោយសារថា សហគម លោកចង់ថ្លែងអំណរគុណ ដែលបានជួយអាគារសិក្សាច្រើននៅទីនោះ ហើយទៅគណៈកម្មាការ គណៈគ្រប់គ្រង ចង់បន្ថែមឈ្មោះ។ ទេខ្ញុំអត់ដឹងទេ អាហ្នឹងស្រេចទៅលើអ្នកដឹកនាំថ្នាក់លើជាអ្នកសម្រេច ប៉ុន្ដែដូចជាមិនមានអីដែលអាក្រក់ទេ»។

VOD មិនអាចទាក់ទងរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងអ្នកនាំពាក្យក្រសួងនេះគឺ លោក រស់ សាលីន បានទេ ព្រោះទូរសព្ទ គ្មានអ្នកទទួល។

ជុំវិញការស្នើប្ដូរឈ្មោះវិទ្យាល័យនេះ ក្រុមគ្រូបង្រៀនក៏បានសំដែងការខកចិត្ត ដោយថា វិទ្យាល័យនេះជាកេរតំណែលរបស់សម្ដេច សីហនុ ដែលព្រះអង្គបានកសាងឡើងតាំងពីឆ្នាំ១៩៦៧។

ជាមួយគ្នានេះ អតីតសិស្សនៅវិទ្យាល័យអង្គរជាច្រើននាក់ ក៏បានសរសេរនៅលើហ្វេសប៊ុកស្រដៀងគ្នា ដោយថា ពាក្យ «អង្គរ» ជាឈ្មោះតំណាងឲ្យខេត្តសៀមរាបនិងប្រទេសកម្ពុជា ហើយថា ការប្ដូរឈ្មោះនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌ ដែលល្បីជាងគេលើពិពលោក។

ប្រតិកម្មរបស់សិស្សានុសិស្ស និងក្រុមគ្រូបង្រៀន គឺបន្ទាប់ពីអភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមិថុនាឆ្នាំ២០១៧ ដោយសុំប្ដូរឈ្មោះ «វិទ្យាល័យអង្គរ» ទៅជា «វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ» វិញ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់អាគារសិក្សាចំនួន៣ខ្នង ​កម្ពស់៤ជាន់ មាន១២០បន្ទប់ កាលពីថ្ងៃទី១៣មិថុនាកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ