សហភាពការងារកម្ពុជាស្នើ GMAC បញ្ឈប់ការប្រើពាក្យ «អសុរស»

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:29 AM | សន្ដិសុខ | 0 | 2457

សហភាពការងារកម្ពុជា (CLC) ស្នើឲ្យតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បញ្ឈប់ការប្រើពាក្យ «អសុរសនិងគ្មានក្រមសីលធម៌» ដោយថា ដើម្បីបន្តធ្វើការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នូល និងលក្ខខណ្ឌការងារជូនកម្មករឲ្យបានល្អប្រសើរនាថ្ងៃអនាគត។

ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជាចេញសេចក្តីថ្ងែងការណ៍មួយប្រតិកម្មចំពោះប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ដែលថ្លែងប្រាប់ការសែតឌឹខេមបូឌាដេលី ដោយបានដាក់ការសង្ស័យលើការប្រើប្រាស់ប្រាក់កម្ចីដែល GMAC ខ្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីបង្កើតវិទ្យាស្ថានជំនាញការងារ ហើយថា ការបង្កើតវិទ្យាស្ថាននោះធ្វើឡើងក្នុងគោលបំណងដើម្បីរកប្រាក់ចំណេញជាជាងការខិតខំកសាងសមត្ថភាព ផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដដល់កម្មករ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ចាត់ទុកការលើកឡើងរបស់លោក អាត់ ធន់ នេះជាការ គិតដ៏អគតិ និងគ្មានមូលដ្ឋានច្បាស់លាស់ ដោយថា ការលើកឡើងនោះមិនបានសិក្សាស្វែងយល់ច្បាស់ពីគម្រោងនៃការបង្កើត។

ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៣កក្តដាឆ្នាំ២០១៧ សហភាពកម្ពុជាឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ GMAC នោះថា ការប្រើប្រាស់ពាក្យរបស់សមាគមរោងចក្រកាត់ដេរគឺជាឥរិយាបថដ៏អាក្រក់ និងបំផ្លាញទំនាក់ទំនងវិជ្ជាជីវៈរយៈពេលកន្លងមក ហើយថាឥរិយាបថនេះជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់តំណាងកម្មករទៅលើគម្រោងនោះ និងឧបសគ្គក្នុងការបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អលើវិស័យការងារពេលអនាគត។

សហភាពការងារកម្ពុជាបញ្ជាក់ថា ប្រសិនបើគម្រោងថវិកានោះជារបស់ GMAC ផ្ទាល់ តំណាងសហជីព មិនធ្វើការបញ្ចេញមតិឡើយ ប៉ុន្តែគម្រោងថវិកានោះផ្តល់ដោយ(AFD)ទើបមានការផ្តល់យោបល់បែបនេះ។

សហភាពការងារកម្ពុជាអះអាងថា បន្ទប់ពី GMAC បំបិទសិទ្ធិសេរីភាពបញ្ចេញមតិទៅលើគម្រោងជួយកម្មករនេះខ្លួននឹងបន្តសួរទៅ(AFD)ឲ្យបានច្បាស់ដើម្បីផលប្រយោជន៍កម្មករ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required