ហុងដា ត្អូញត្អែរពីការឈឺចា​ប់ជាមួយកូនស្រីវ័យ៨ខែ

តារាកំប្លែងនាយហុងដា (វង្ស សុម៉ាលីន)

កាលពីយប់ថ្ងៃ១៣ កក្កដា តារាកំប្លែងនាយហុងដា បានបន្តផ្ទាល់នៅលើហ្វេសប៑ុកត្អូញត្អែរផង យំផង និយាយពីកូនស្រី៨ខែរបស់លោក ដែលត្រូវម្ដាយស្លាប់ចោល។ លោកថាមិនអាចបំភ្លេចអតីភរិយាដែលត្រូវបានសម្លាប់នោះទេ ជាពិសេសក្នុងពេលដែលលោកមើលឃើញកូនស្រីបើកភ្នែកលេងឡង់ៗក្នុងវ័យ៨ខែហើយអត់ដឹងថាម្ដាយទៅបាត់។

លោកថានៅពេលបាត់បង់ភរិយាទើបលោកដឹងថា ជីវិតមានការប្រែប្រួលយ៉ាងណា ជាពិសេសក្នុងពេលសុខភាពមានបញ្ហា។ លោកនៅតែអះអាងថាស្រម៉ៃឃើញភរិយានៅនឹងភ្នែកនិងបានប្រកាសលោកមិនខ្មាស់នឹងយំស្ដាយស្រណោះជាសាធារណៈនោះទេ ដោយសារតែភរិយារបស់លោកគឺជានារីតែមួយគត់ ដែលលោកមិននឹកស្មានអ្នកនាងត្រូវចាកចេញហើយទុកកូនស្រីអោយលោកទទួលខុសត្រូវម្នាក់ឯង។

លោកថារាល់ពេលសម្ដែងលោកនៅតែដក់នឹងភ្នែកនូវសកម្មភាព និងទឹកមុខភរិយា ដែលតែងរៀបចំឥវ៉ាន់និងសំលៀកបំពាក់អោយលោកគ្រប់ពេលត្រូវដូរឈុត និង តែងអង្គុយញញឹមរាល់ពេលលោកសម្ដែងនៅលើឆាក។

លោកនិយាយបណ្ដើរយំបណ្ដើរថា៖ “ភ្លេចមិនបានទេ នៅពេលដែលគាត់(ភរិយា)រៀបចំស្អីៗអោយយើងមិនដែលពិបាកទៅសម្ដែងដល់ណាក៏ដោយ ក៏គ្នាទៅតាម និងអង្គុយញញឹមលើកទឹកចិត្តរហូត អោយតាប្ដីឡើងសម្ដែង“។

លោកថាកាន់តែស្រណោះថែមទៀតនៅពេលកូនស្រីវ័យ៨ខែក្លាយជាក្មេងកំព្រា ហើយត្រូវផ្ញើអោយម្ដាយក្មេករបស់លោកមើលថែ ដែលតម្រូវអោយលោកត្រូវចែករំលែកពេលវេលាពីសម្ដែងមកទទួលខុសត្រូវ។

លោកទ្រហោយំមិនខុសពីពេលសម្ដែងលើឆាកនោះទេ ដោយលោកប្រកាសនេះជាទឹកភ្នែកចេញពីចិត្ត និងចេញពីការឈឺចាប់។ លោកសារភាពថា ភរិយាដែលត្រូវកូនប្រុសរបស់លោកសម្លាប់ មិនមែនជាភរិយាតែម្នាក់ដែលបែកចេញពីជីវិតរបស់លោកនោះទេ ដោយសារក្រោយពីលែងលះជាមួយតារាកំប្លែងឃ្មឹប លោកក៏មានភរិយាផ្សេងទៀតផងដែរ។ តែលោកចាត់ទុកថា ភរិយាដែលទើបនឹងស្លាប់ គឺជាភរិយាតែម្នាក់ដែលព្រ័ត្រស្លាប់ពីលោក និង ជាភរិយាដែលលោកចាត់ទុកថាមិនធ្លាប់ធ្វើអោយលោកល្អក់កករទាល់តែសោះ តាំងពីបានរួមរស់ជាប្ដីប្រពន្ធ។ លោកសារភាពថាគឺជាពិបាកដែលលោកនៅតែលុបការឈឺចាប់មិនដាច់ជុំវិញការស្លាប់របស់ភរិយា ហើយធ្វើអោយប៉ះពាល់អារម្មណ៍សម្ដែងនាពេលចុងក្រោយ។

លោកបង្ហាញពីការភ័យបារម្ភចំពោះជីវភាព បន្ទាប់ពីលោកចេះតែនឹកឃើញចង់យំ ហើយភាគច្រើនចេញសម្ដែងមិនបានល្អ។ លោកថារាល់ថ្ងៃមានត្រឹមតែរថយន្តប្រើប្រាស់សមរម្យប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការរស់នៅគឺលំបាកមានពេលដាច់លុយក៏មានដែរ បន្ទាប់ពីការងារសិល្បៈចុះខ្សោយ ក្នុងពេលតម្រូវប្រចាំថ្ងៃកើនឡើង។

លោកប្រកាសលក់ផ្ទះដែលបានទិញជាមួយភរិយាក្នុងខុនដូរជាកន្លែងប្រពន្ធស្លាប់ ហើយរត់ទៅជួលផ្ទះមួយកន្លែងនៅម្ដុំវត្តទួល ដោយលោកប្រកាសថានៅក្នុងផ្ទះនោះពេលខ្លះក៏យ៉ាប់រឿងបង់ឈ្នួលផ្ទះ។ នាយហុងដា និយាយថា ក្រោយពេលប្រពន្ធស្លាប់ មាននារីក្មេងៗមួយចំនួនបានទាក់ទងលោក តែលោកមិនទាន់ដាក់ចិត្តទទួលនោះ ដោយសារតែចិត្តនៅមិនទាន់ដាច់អាល័យពីប្រពន្ធក្មេងរបស់លោកនិងអាណិតកូនស្រីមិនចង់អោយមានការរិះគន់ថា ប្រពន្ធស្លាប់មិនទាន់បានប៉ុន្មានក៏មានប្រពន្ធថ្មី។

យ៉ាងណាមិញលោកសារភាពថា មិនកាន់ជំហរមិនយកប្រពន្ធជារៀងរហូតនោះទេ ដោយគ្រាន់តែអាចយូរបន្តិចទើបលោកនឹងទទួល។ មកទល់ពេលថា លោកថាមិនបានតាមដានរឿងតុលាការកាត់ក្ដីកូនប្រុសរបស់លោកនោះទេ ដោយលោកប្រកាសថាមិនចង់ដឹងមិនចង់ឮដើម្បីកុំអោយមានការឈឺចាប់។ លោកថាតុលាការកាត់ក្ដីយ៉ាងណាៗ គឺជារឿងសមត្ថកិច្ចរបស់តុលាការ ដោយលោកជាឳពុកមិនធ្វើអន្តរាគមណាមួយដើម្បីអោយមានការបន្ធូរបន្ថយទោសនោះទេ។

លោកថាសាច់ឈាមអ្នកណាក៏អាណិត តែលោកមិនអាចការពារមនុស្សខុស ហើយបណ្ដោយអោយកូនប្រុសរបស់លោកបន្តធ្វើខុសព្រោះតែអោយរួចទោសគ្មានការទទួលខុសត្រូវនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ