នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៖ ការ​អនុវត្ត​ច្បាប់​មិន​ខុស​ទេ តែ​មាន​កំហុស​នីតិវិធី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងថា លោកបានសម្រេចដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយសារតែមន្ត្រីសុខាភិបាលរូបនេះ បានអនុវត្តខុសនីតិវិធី នៅក្នុងប្រតិបត្តិការចាប់រថយន្តសង្គ្រោះមួយគ្រឿងរបស់វិទ្យុ ABC។

ប្រមុខរដ្ឋាភិបាល កាលពីថ្ងៃម្សិលមិញ បានប្រកាសនៅតាមវិទ្យុ ABC ពីការដកតំណែងប្រធានមន្ទីរសុខាភិបាលក្រុង លោក សុខ សុគន្ធ នៅពេលលោកទូរស័ព្ទដោយផ្ទាល់ទៅកាន់សហការីវិទ្យុមួយនេះ ដែលជាវិទ្យុរបស់លោក សេង ប៊ុនវេង ហៅ អាចារ្យ អេ។

ក្រៅពីមតិសាទរ សាធារណជនក៏បានរិះគន់ចំពោះចំណាត់ការបែបនេះពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដោយពួកគេយល់ថា មន្ត្រីសុខាភិបាលរូបនោះ បានអនុវត្តច្បាប់ដើម្បីជំរុញប្រសិទ្ធភាពនៅក្នុងវិស័យសុខាភិបាល។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា ការអនុវត្តច្បាប់របស់លោក សុខ សុគន្ធ មិនខុសនោះឡើយ ប៉ុន្តែ លោកថា មានកំហុសខាងនីតិវិធី។

លោកថ្លែងថា៖ «ការអនុវត្តច្បាប់ មិនខុសទេ តែមានកំហុសខាងនីតិវិធី។ ប៉ុន្តែ ប្រសិនបើគាត់អនុវត្តក្នុងតួនាទីនេះ ទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោក សុខ សុគន្ធ អាចនឹងត្រូវបានតែងតាំងឡើងវិញ សម្រាប់មុខតំណែងណាមួយ នៅពេលខាងមុខ។

មន្ត្រីសុខាភិបាលរូបនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ដកចេញពីតំណែង ពីរថ្ងៃក្រោយពីក្រុមមន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បានចាប់រថយន្តសង្គ្រោះមួយគ្រឿងរបស់វិទ្យុ ABC របស់លោក អាចារ្យ អេ បន្ទាប់ពីបានរកឃើញថា រថយន្តនោះ ត្រូវបានដាក់ឲ្យប្រតិបត្តិការដោយពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះ និងគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាល៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ