សកម្មជនដីធ្លីស្នើឲ្យតំណាងអង្គការសហប្រជាជាតិ ចូលរួមរំលឹកខួប១ឆ្នាំអ្នកស្រី ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីនៅតំបន់បឹងកក់នៅព្រឹកនេះបានដាក់លិខិតអញ្ជើញតំណាងអង្គការសហប្រជាជាតិ (UN) ជាថ្មីទៀត ដើម្បីស្នើសុំឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចូលរួមក្នុងពិធីរំលឹកខួប១ឆ្នាំរបស់អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ពន្ធនាគារ។

ការដាក់លិខិតអញ្ជើញនេះ ​ធ្វើឡើងខណៈដែលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកំពុងបំពេញទស្សនកិច្ច​នៅប្រទេសកម្ពុជា។

តំណាងសហគមន៍បឹងកក់​អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជួប អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា ពួកគាត់ចង់ឲ្យលោកស្រី រ៉ូណា ស្មីត ចូលរួមក្នុងថ្ងៃរំលឹកខួប១ឆ្នាំនេះ គឺចង់ឲ្យលោកស្រីដឹងពីបញ្ហានៅតំបន់បឹងកក់ដូច លោក សូរិយា ស៊ូប៊ែឌី អតីតអ្នករាយការណ៍ពិសេសដែរ។ អ្នកស្រីបន្តថា ការចូលរួមរបស់លោកស្រី រ៉ូណា ស្មីត នៅថ្ងៃស្អែកនេះវាជាក្ដីសង្ឃឹមមួយសម្រាប់ពួកគាត់ និងជាការលើកទឹកចិត្តដល់អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ពន្ធនាគារផងដែរ បើទោះបីជា លោកស្រី រ៉ូណា ស្មីត មិនបានជួយអន្តរាគមឲ្យមានការ ដោះលែងអ្នកស្រី ទេព វន្នី ប៉ុន្តែលោកស្រីអាចដឹងពីប្រព័ន្ធតុលាការនៅកម្ពុជាថា មិនមានភាពឯករាជ្យ។

អ្នកស្រីថា «​​ខ្ញុំគិតថាគាត់អាចជួយបាន គឺគាត់អាចបង្ហាញពីការដែលតុលាការនៅស្រុកខ្មែរ មិនឯករាជ្យ គាត់អាចនិយាយបានទៅថ្នាក់អន្តរជាតិ សិទ្ធិមនុស្សនៅប្រទេសកម្ពុជា កំពុងធ្លាក់ចុះ ប្រជាធិតេយ្យនៅប្រទេសកម្ពុជា កំពុងធ្លាក់ចុះ អាហ្នឹងហើយ គឺជាក្ដីសង្ឃឹម ថាគាត់អាចជួយពួកខ្ញុំបាន។ គាត់មិនអាចទៅចាក់សោ​រទ្វារឲ្យដោះលែងអ្នកស្រី ទេព វន្នី បានទេ តែសំឡេងគាត់អាចនិយាយទៅដល់អន្តរជាតិថា ប្រទេសកម្ពុជាកំពុងតែមានតុលាការមួយ ដែលមិនឯករាជ្យ។ ខ្ញុំគិតថាគាត់អាចនឹងនិយាយទៅអន្តរជាតិបាន នោះហើយជាក្ដីសង្ឃឹមរបស់ពួកខ្ញុំ ដែលពួកខ្ញុំតែងតែព្យាយាមមករកកិច្ចអន្តរាគមដល់ UN ហ្នឹង»។

បើតាមអ្នកស្រី ប៊ូវ សោភា ថា លោកស្រី រ៉ូណា ស្មីត បានទទួលលិខិតអញ្ចើញ ប៉ុន្តែលោកស្រីនៅមិនច្បាស់ថានឹងបានចូលរួមឬអត់ទេ ដោយសារថ្ងៃស្អែកលោកស្រីមានកម្មវិធីច្រើនដែលត្រូវទៅចូលរួម។

ក្រៅពីដាក់លិខិតអញ្ចើញនៅ UN សកម្មជនដីធ្លីទាំងក៏បាននាំគ្នាយកញតិទៅដាក់ស្ថានទូតឥណ្ឌូនេស៊ី ដើម្បីស្នើសុំជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី។

អ្នកប្រឹក្សាឯករាជ្យផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ការរកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិឲ្យជួយដោះស្រាយបញ្ហានេះ ជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលធានាដោយច្បាប់។ លោកយល់ថា ការបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី ជាថ្មីទៀតនេះ វាមិនបានចំណេញអ្វីទៅរដ្ឋាភិបាលទេ មានតែធ្វើឲ្យរដ្ឋាភិបាលខាតទៅវិញ។

លោកថា «ដូច្នេះបើកាលណាឃុំខ្លួន វាខាតមុខមាត់គាត់ទៅវិញទេ ខាតត្រង់ថា គេមើលពីក្រៅថាកម្ពុជាជាអ្នកឃុំដូចជាអ្នកការពារសិទ្ធិមនុស្ស ហើយគេថាកម្ពុជាឃុំគេដាក់កែវឡង់ឌីពង្រីកមើលមែនទែនទៅ គឺរដ្ឋាភិបាលអ្នកឃុំ ហើយអ្នកកាន់កាប់រដ្ឋាភិបាល គឺគណបក្សប្រជាជន វាចេះតែខាតតៗទៅ។ ដូច្នេះចំណុចនេះ ដើម្បីជាមុខមាត់ដល់កម្ពុជាក៏ដូចជាមុខមាត់ បក្សដែលកាន់អំណាច​គួរតែដោះលែងវិញ»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ