សមាជិកសភា CNRP ស្នើកែច្បាប់ដើម្បីឲ្យពលករខ្មែរបោះឆ្នោតនៅក្រៅប្រទេស

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

សមាជិកសភាគណបក្សប្រឆាំងជាច្រើនរូប បានស្នើកែប្រែច្បាប់បោះឆ្នោត ដោយថា ដើម្បីអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេស អាចបោះឆ្នោតដូចពលរដ្ឋឯទៀត។ ប៉ុន្តែការស្នើនេះ ត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចរិះគន់ថា​ ជាបំភាន់មតិមហាជនទៅវិញ។

យោងតាមសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលចុះហត្ថលេខាដោយសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិចំនួន៣៣រូប កាលពីថ្ងៃទី១១សីហានេះ ពួកគេបានស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន ទទួលយកទៅពិនិត្យ និងអនុម័តនូវមាត្រាចំនួន៣ ដោយថា ដើម្បីរៀបចំការចុះឈ្មោះ និងបោះឆ្នោតដល់ពលករខ្មែរ កំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស។

សមាជិកសភាគណបក្សសង្គ្រោះជាតិទាំងនោះ អះអាងថា កាលពីបោះឆ្នោតរៀបចំដោយអ៊ុនតាក់ ឆ្នាំ១៩៩៣​នោះ គឺប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែមានសិទ្ធិចូលរួមបោះឆ្នោត ប៉ុន្ដែថាពលរដ្ឋខ្មែរក្រៅប្រទេសបែរជាបាត់បង់សិទ្ធិនេះ បន្ទាប់ពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង។

ក្នុងសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សមាជិកសភាគណបក្សសង្គ្រោះជាតិស្នើថា «គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវស​ម្រេចបង្កើតការិយាល័យមួយឬច្រើន នៅតាមច្រកព្រំដែនអន្ដរជាតិ ឬស្ថានទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសនីមួយៗ ដែលមានប្រជាពលរដ្ឋខ្មែរបាននឹងកំពុងធ្វើការ ឬរស់នៅ ដើម្បីបង្កភាពងាយស្រួលក្នុងការចុះឈ្មោះ និងការបោះឆ្នោត»។

សមាជិកសភាគណបក្សសង្គ្រោះជាតិក៏ស្នើឲ្យ គ.ជ.ប សហការជាមួយស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស រៀបចំចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។

VOD មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននៅឡើយទេ។

តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា លោកមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋសភានោះទេ។ លោកថា ការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺគណបក្សសង្គ្រោះជាតិ មានគោលបំណងគោរពដល់សិទ្ធិ និងការចង់បានរបស់ពលរដ្ឋខ្មែរ។

លោក សុន ឆ័យ លើកឡើងថា នេះជារឿងថ្មីស្រឡាង ដែលមិនមានកំណត់ក្នុងកិច្ចព្រមព្រៀង រវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង កាលពីក្រោយបោះឆ្នោតឆ្នាំ២០១៣។ លោកបន្ដថា ការស្នើកែប្រែច្បាប់បោះឆ្នោត គឺបន្ទាប់ពីស្ថាប័ន គ.ជ.ប បានបន្ទោសលើអ្នកធ្វើច្បាប់ ដោយថា បានរិតត្បិតសកម្មភាពរបស់ គ.ជ.ប មិនឲ្យរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតដល់ពលករនៅក្រៅប្រទេស។

លោកថា៖ «ក៏ប៉ុន្ដែទីបំផុត គឺថាយើងបានសម្រេចថា ទុកឲ្យ គ.ជ.ប គាត់ដោះស្រាយបញ្ហាហ្នឹងតាមលទ្ធភាពដែលគាត់អាចធ្វើទៅបាន។ ក៏ប៉ុន្ដែអាឡូវហ្នឹង រឿងវាថ្មីទៀតហើយ ក្រោយពី គ.ជ.ប ត្រូវបានគេសួរនាំអំពីការងារចុះឈ្មោះឲ្យពលករខ្មែរ និងពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ គាត់ (គ.ជ.ប) បានឆ្លើយទម្លាក់មកខាងអ្នកធ្វើច្បាប់… ដូច្នេះខ្ញុំថាយើងមិនអាចនិយាយអំពីច្បាប់ ដែលយើងអនុម័ត មិនអាចកែប្រែបាននោះទេ បើសិនណា បើស្ថានភាពតម្រូវ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការស្នើកែប្រែច្បាប់បោះឆ្នោតនេះ ជាសិទ្ធិរបស់សមាជិកសភាគណបក្សប្រឆាំង ប៉ុន្ដែលទ្ធផលយ៉ាងណានោះ គឺអាស្រ័យលើការសម្រេចទទួលយកទៅពិនិត្យ និងពិចារណានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាការអចិន្ដ្រៃយ៍រដ្ឋសភា។

លោករិះគន់ទៀតថា បក្សប្រឆាំងកំពុងបោកបញ្ឆោតទស្សនៈមហាជន ដោយថា បើតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ គឺប្រជាពលរដ្ឋខ្មែរត្រូវមកចុះឈ្មោះបោះឆ្នោតក្នុងប្រទេស និងនៅតាមឃុំសង្កាត់ ដែលខ្លួនរស់នៅ។ លោកថា៖ «[…] ដោយសារអី ទី១​គឺគោលការណ៍ចុះឈ្មោះនៅឃុំណា មានទីលំនៅអចិន្ដ្រៃយ៍នៅឃុំណា ឲ្យចុះឈ្មោះនៅឃុំហ្នឹង ហើយបងប្អូននៅក្រៅប្រទេសមាននៅឃុំណា គឺមានតែឲ្យត្រឡប់មកឃុំដើមវិញ ដើម្បីចុះឈ្មោះបាន។ ទី២ការិយាល័យចុះឈ្មោះបោះឆ្នោត ក៏ដូចជាការិយាល័យបោះឆ្នោត ត្រូវតែឋិតនៅក្នុងឃុំ ដែលឋិតក្នុងមណ្ឌលខេត្ត រាជធានី។ ចុះទម្រាំតែនៅក្រៅប្រទេស ដែលសុទ្ធតែស្ថានទូតជាមន្ដ្រីរបស់រដ្ឋាភិបាល មន្ដ្រីរបស់គណបក្សប្រជាជន អញ្ចឹងទេ ការស្នើរបស់គាត់ វាគ្រាន់តែជាការបោកបញ្ឆោតទស្សនៈមហាជនតែប៉ុណ្ណោះទេ»។

កាលពីថ្ងៃទី៣១កក្កដា លោក គួយ ប៊ុនរឿន អនុប្រធានគជប បានគូសបញ្ជាក់ថា បើសិនចង់ឲ្យពលករខ្មែរ អាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺលុះត្រាតែមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រង់មាត្រា៣៨និងមាត្រា៣៩ ជាមុនសិន។

បើតាមសេចក្ដីប្រកាស គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១កញ្ញា រហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ ពោលគឺធ្វើឡើងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

បើតាមរបាយការណ៍ គ.ជ.ប មានពលរដ្ឋខ្មែរប្រមាណ២លាននាក់ទៀត នៅមិនទាន់ចុះឈ្មោះបោះឆ្នោតនៅឡើយ រួមមាន ពលរដ្ឋទើបគ្រប់អាយុបោះឆ្នោត ពលរដ្ឋមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះ និងករណីផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ