វិភាគ៖ តើជម្លោះព្រំដែនកម្ពុជា-ឡាវ ជារឿងពិតឬជាឆាកល្ខោន?

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:00 AM | បទវិភាគ | 0 | 1903 លោក ហ៊ុន សែន និង លោក​ ថោង​លួន​ ស៊ី​ស៊ូ​លីត​ នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​ឡាវ​ (រូបភាពហ្វេសប៊ុក លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី១១ខែសីហា បានព្រមានពីសង្គ្រាម បើមេដឹកនាំឡាវ មិនព្រ​មដក​កងទ័ពចេញពីទឹកដីកម្ពុជា ​​ពីខេត្តស្ទឹង​ត្រែ​ង ក្នុ​ង​រយៈ​​ពេ​ល​៦ថ្ងៃ​នោះ ដោយថាកម្ពុជានឹង​​​ប្រើ​កម្លាំ​​​​​​​ងទ័​ពរុ​​ញច្រាន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

សា​រព្រមានដ៏កម្ររបស់មេដឹកនាំបក្សកាន់អំណាចនេះ ជំរុញឲ្យពល​រ​ដ្ឋកម្ពុជាមួ​​យ​​ចំ​នួ​នបង្ហា​​ញទ​ស្ស​​​នចម្រុះ ដោយអ្នកខ្លះគាំទ្រវិធា​នការបក្សកាន់អំណាច តែអ្នកខ្លះទៀតបែរ​ជារិះគន់រដ្ឋា​ភិបា​លថា បង្កើតព្រឹ​ត្តិ​​​កា​​រ​​ណ៍ ដើម្បីកេងចំណេញនយោបាយមុនការបោះឆ្នោតជិតមកដល់ទៅវិញ។

អ្នក​ប្រើ​ប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គម ​រិះ​​គន់បក្សប្រឆាំងថា អួ​​ត​ក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិ តែដល់ពេលប្រទេសជួបបញ្ហាជាមួយឡាវ បែរជាមិនហ៊ាន​ចេញមុ​ខទៅ​ការពា​រ។

តែអ្នកខ្លះវិញ រិះគន់បក្សកាន់អំណាចថា ការប្រកាសវិធានការក្តៅជាមួយឡាវពេលនេះ ថាជាល្បិច​នយោ​បាយ ​​ដើ​ម្បីទាក់ទាញប្រជាប្រិយភាព ខណៈការបោះឆ្នោតជាតិឆ្នាំ២០១៨ជិតមកដល់​។

ជាកា​រកត់សម្កាល់ ក្រោយលោក ហ៊ុន សែន គំរាមពីសង្គ្រាមជាមួយឡាវនេះ នៅល្ងាចថ្ងៃដដែល គេស​ង្កេ​តឃើញបណ្តាញសារព័ត៌មាន ដែលភាគច្រើនស្និទ្ធនឹងរដ្ឋាភិបាល ​ក៏បានផ្សាយផ្ទាល់ពីសកម្មភា​ពចល័​​តកង​ទ័ព រថពាសដែក កាំជ្រួចហ្វូង(BM) និងសម្ភារសឹកមួយចំនួន ចេញពីបន្ទាយ ឆ្ពោះទៅ​កាន់ខេ​​ត្តស្ទឹ​​ងត្រែ​ង​​​​​ទាំងយប់ផងដែ​រ។

ករណីនេះ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ​បានស​​រ​សេ​​​ររិះគន់ថា បើសង្គ្រា​មផ្ទុះ​ឡើង​ជាមួយឡាវមែ​ន លោកថា ពលទាហាន ជាអ្នកស្លាប់ មេធាហាន ជាអ្នកទទួលផល​ប្រយោជន៍ពី​​សង្គ្រា​ម​​ក្នុង​​សម័យទំនើបនេះ។

ប៉ុន្តែមួយថ្ងៃបន្ទាប់ លោក សួន សេ​​រី​​រ​ដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា ការប​ញ្ចេ​ញមតិ​រប​ស់​អ្ន​​ក​ន​យោបាយរូបនោះ ​ថាជាកា​​​រ​​ប្រ​​​​មា​ថមើលងាយកងទ័ព។

នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានព្រមានថា នឹងចាប់​វាយខ្នោះ បើអ្នកណានិយាយថា បញ្ហាព្រំដែន​កម្ពុជា ឡាវ ជាការកេងចំណេញសន្លឹកឆ្នោតសម្រាប់បក្សប្រជាជន ខណៈនាយករដ្ឋមន្រ្តីកម្ពុជាបានទៅចរចាដល់ប្រទេសឡាវ ឲ្យឡាវដកទ័ពចេញហើយនោះ។

អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ការប្រកាសពីសង្គ្រាមជាមួយឡាវរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ លោកថាពិបាកថា​ជារឿ​ងពិតឬ​ជា​ឆាកល្ខោន បើទោះបីលោកថា កងទ័ពឡាវពិ​តជាបានចល័តចូលទឹកដីកម្ពុ​ជា ក្នុ​​​​ង​​​ខេ​​​​​ត្ត​ស្ទឹ​​​ង​​ត្រែ​ងពិត​មែ​​ន​ក៏ដោយ។

ប៉ុន្តែ​លោក ឆាំ ប៊ុនថេត លើកឡើងថា បញ្ហាព្រំដែនត្រូវបានអ្នកនយោបាយខ្មែរ យកមកធ្វើការទាញផ​លប្រយោ​ជ​ន៍​​​​នយោ​​បា​​​​​​យច្រើនជំ​​នាន់មកហើយ។

លោក ឆាំ ប៊ុនថេត វិភាគទៀតថា អ្វីជាយន្តការការពារបូរណភាពទឹកដីពិតប្រាកដនោះ គឺបក្សកា​ន់អំ​ណា​ចនិ​ងបក្សប្រ​ឆាំង រួមទាំងពលរដ្ឋគ្រប់និន្នាការផង គួរសហការគ្នា ពង្រឹ​ងផ្ទៃ​ក្នុង​ជា​តិ រុញស្ថាន​ការណ៍នេះ​ទៅ​​​​​ជា​ការប្រឹងប្រែងការពារបូរណភាពរួមគ្នា ជៀសវាងបង្កើ​តបញ្ហានេះឡើង​ ដើម្បីតែលាភពណ៌ខ្មែរគ្នាឯង ឬចាប់គ្នាដាក់គុក។

លោកថា៖ «វាមិនមែនរឿងតែជាមួយឡាវទេ វាជាមួយថៃផង ជាមួយវៀតណាមផង បើសិនជាមានការជ្រោ​មជ្រែងទាំងឡា​យណាយកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីដោះស្រាយវិប័តជាតិ ហើយនឹងបញ្ហាខាងក្នុងនេះ ដែលពលរដ្ឋនៅ​ខ្វះ[ការយល់ដឹង]យកអាស្មារតីហ្នឹង ស្មារតីការខំ​ប្រឹងប្រែងរបស់រដ្ឋាភិបាល ស្មារតីខំប្រឹងប្រែ​ងរបស់ប្រជាពលរដ្ឋ។ រឿ​ងច្រើ​នណា​ស់ដែលរដ្ឋាភិបាលធ្វើអត់ទាន់បាន ដែលត្រូវការប្រជាពលរដ្ឋ ត្រូវ​ការបក្សប្រឆាំង ដើម្បីជួ​យជំរុញ​បន្ថែ​មឲ្យ​រដ្ឋាភិបាលបំពេញបន្ថែមឲ្យបានច្រើន»។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថាជម្លោះព្រំដែនកម្ពុជា-ឡាវ លោកថា​មិ​ន​​​​​មែ​​​​ន​ជាឆាកល្ខោនទេ ដោយថាហេតុការណ៍នេះ វាបានកើតឡើងពិតប្រាកដនៅលើទឹក​ដីកម្ពុជាតាំ​ងពីដើ​ម​​​ឆ្នាំ​​​២០១៧មកម្លេះ។ លោកថា បញ្ហានេះដោ​យ​សារតែ​ភាគីឡា​វ​ រារាំងមិនឲ្យកម្ពុ​ជាធ្វើផ្លូវក្នុងខេត្ត​ស្ទឹងត្រែ​ង​​​ ជិ​​តព្រំដែននោះ។​

ប៉ុន្តែ​លោក ​ឯម សុវណ្ណារ៉ា វិភាគថា អ្វីដែលរដ្ឋាភិបាលកម្ពុជាហ៊ានបង្ហាញសាច់ដុំដាក់ឡាវ ខុសពីជម្លោះ​ជា​ថៃ​និ​ងវៀតណាម លោកថាអាចមកពីប្រមុខដឹកនាំកម្ពុជា គិតថាខ្លួនមានប្រៀបផ្នែ​កកងទ័ពលើ​ប្រទេ​សជិ​ត​​ខាង​មួយនេះ។

លោកថា៖ «បើយើងគិតពីកម្លាំងទ័ពយើងខ្សោយជាងប្រទេសជិតខាង​ ហើយជាមួយឡាវ យើងអាចត​ទល់​បាន​ ហើយប្រសិនជាឡាវយើងនិយាយតាមការទូតមិនស្តាប់ទេ យើងមានតែប្រើក​ម្លាំងហ្នឹងហើយ អា​នេះជា​​យ​​ន្តការដោះស្រាយ។ ប៉ុន្តែតែគ្រាន់ថា រូបភាពជាមួយថៃយើងមិនហ៊ាន ជាមួយវៀតណា​មយើងមិនហ៊ាន អីដែរព្រោះថៃក៏មិនទា​ន់​​ដ​​​​កអ​ស់ពី​តំបន់ព្រះវិ​ហារត្រង់តំបន់៤.៦ដែរ អានេះដែលបក្សប្រឆាំងគួរប្រតិកម្ម មិនមែន​ប្រតិកម្ម​រឿ​ងនេះទេ»។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បញ្ហាព្រំដែននៅតែជាចរន្ត​មួយ ទាញទម្លាក់ប្រជា​ប្រិយ​ភាពបក្ស​​កា​ន់អំ​ណា​ច បើបញ្ហានេះមិនត្រូវបានលាតត្រដាង ដើម្បីឲ្យពលរដ្ឋ និងអ្នកនយោបាយ​ផ្សេ​ង​ជឿបា​នថា ការបោះបង្គោលព្រំដែន រដ្ឋាភិបាលពិតជា​មានលទ្ធភា​ពការពារមិន​ឲ្យបាត់បង់ទឹកដីទៅប្រទេ​សជិត​ខា​​ង​​​​នោះ​។

លោកថា៖ «ករណីព្រំដែនមិនត្រូវបានបំភ្លឺនៅតែស្រពេចស្រពិល នៅតែអាថកំបាំង ធ្វើឲ្យពលរដ្ឋគិត​ថា​អញ្ចេះ​ គិតថាអញ្ចុះវាមានការអាថកំបាំង មានការថាបាត់បង់ប្រយោជន៍ជាតិ អីអញ្ចឹង តាមការស្រមើ​ស្រម៉ៃ​តា​ម​អ្នកនយោ​បាយមួយចំនួនបំប៉ោងព័ត៌មាន បំភ្លៃព័ត៌មាន។ ដល់​អញ្ចឹង​ទៅគាត់[ប្រជាពលរដ្ឋ]អាចវិលវល់ បាត់បង់ជំនឿទៅលើកិច្ចការរបស់រដ្ឋ ដល់អ​ញ្ចឹងរដ្ឋា​ភិបា​ល​អាចប្រ​ឈមទៅនឹ​ងការ​បាត់បង់​ប្រជា​ប្រិ​យភាព»។

សាស្ត្រា​ចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បូរណភាពទឹកដី ជាកាតព្វ​កិ​ច្ច​​របស់​រដ្ឋា​​​​​ភិបាលនិងកងកម្លាំងប្រដាប់អាវុធ។

ប៉ុន្តែលោ​​ក សូ ចន្ថា វិភាគថា បើគេពិនិត្យពីជម្លោះព្រំដែន​ដូចគ្នាជាមួយ​វៀតណា​​ម ដែលលោកថា​រដ្ឋាភិបា​​ល​​​​​ក​​​ម្ពុ​ជា​​​​​​​​​​រក្សា​​ភា​ពស្ងៀ​មស្ងាត់ មិនផ្ញើសារគំរាម ដូចករណីជាមួយឡាវ លោកថា ប​ញ្ហានេះអា​ចមា​​​​​​ន​​​​​​ភា​​​​គី​​ណា​​មួ​​​យរៀបចំឡើង ដើម្បីបង្កើតជាព្រឹត្តិការណ៍ជួយយិតយោងប្រជាប្រិយភាព ​ខណៈការបោះឆ្នោ​ត​​ជិតម​​ក​ដល់។

លោកថា៖ «ចំពោះស្ថានការណ៍ព្រំដែនដូចគ្នា ក្នុងករណីជាមួយថៃ ជាមួយវៀតណាមអីជាដើម យើងហាក់ដូ​ចជាមិ​នឃើញមាននាយករដ្ឋមន្ត្រីរបស់កម្ពុជាហ្នឹងចេញមុខដោយផ្ទាល់ ចេញមុខទៅ​ចរចាបែបនេះនោះទេ។​ អ​ញ្ចឹ​ងហើ​យយើងមើលទៅហាក់ដូចជាបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រ ជាពិ​​សេស​បានប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតខាងមុខនេះដែរ»។

បើតាមអ្នកវិភាគ ដើម្បីឲ្យការខំប្រឹងប្រែងរបស់រដ្ឋាភិបាលទទួលបានការគាំទ្រពីប្រជា​ព​ល​រដ្ឋមួយចំនួ​ន​ដែ​​​ល​បារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តឲ្យអ្ន​​កបារ​ម្ភទាំង​នោះ​ បា​ន​​​ទៅពិ​និ​​​​​​​ត្យ​​​​​​​​​​​ប​​​ង្គោលព្រំដែនដោយគ្មានការរារាំង ហើយ​គ​ណៈក​ម្មាធិ​ការព្រំ​ដែ​នត្រូវមានសមាសភាពមកពីគ្រ​ប់​និ​ន្នា​​​​​​ការ ​រួមទាំងបើកចំហព័ត៌​មានពីបញ្ហា​ព្រំដែន​នេះ​​​​​​​៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required