លិខិតមិត្តអ្នកអាន៖ តើយើងត្រូវជ្រើសរើសប្រភពចំណូលមួយណាសម្រាប់អនាគត? ចង់ធ្វើការឬចង់រកស៊ី?

ជំនាញវិជ្ជាជីវៈចុងភៅ (ដោយកញ្ញា សាយ ទ្បាលីស)

ជីវភាពគឺជាកង្វល់ដ៏ធំមួយនៅក្នុងដំណើរជីវិតគ្រួសារ ហើយប្រភពចំណូលដើម្បីទ្រទ្រង់ជីវភាពនេះគឺបានមកពីប្រភពធំៗពីរគឺបានមកពីការធ្វើការងារ (បុគ្គលិកឬកម្មករ) និងការប្រកបមុខរបររកស៊ី។ មានមនុស្សជាច្រើនបានយល់ខុសឬយល់មិនច្បាស់អំពីសក្តានុពលនិងការរីកចម្រើនរបស់ប្រភពចំណូលទាំងពីរនេះ។

ឧទាហរណ៍ទី១៖ ឪពុកម្តាយខ្លះចង់ឱ្យកូនក្លាយជាអ្នកធ្វើការ ព្យាយាមជំរុញកូនឲ្យរៀនសូត្រនិងព្រមលះបង់គ្រប់បែបយ៉ាង (លក់ដី លក់ផ្ទះ) ដើម្បីឱ្យតែកូនបានរៀន ដោយរំពឹងថាពេលកូនរៀនចប់នឹងបានការងារល្អធ្វើ បានប្រាក់ខែខ្ពស់។ ការខិតខំប្រឹងប្រែងនិងលះបង់ទ្រព្យធនឱ្យកូនបានរៀនជារឿងល្អ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ! ព្រោះថាបើគ្រាន់តែទៅសាលារៀន ហើយរំពឹងថាពេលរៀនចប់នឹងបានការងារល្អ បានប្រាក់ខែខ្ពស់នោះ ចម្លើយគឺទេ។ មិនមែនអ្នកដែលបានចូលរៀនទាំងអស់សុទ្ធតែអាចមានការងារនិងជីវភាពធូរធារនោះទេ ព្រោះថាបើរៀនដែរតែរៀនចេះមិនប្រាកដឬរៀនអស់តែលុយក៏ជីវភាពមិនធូរធារតែដដែលហ្នឹង ពោលគឺរកការងារធ្វើមិនបាន។ ផ្ទុយទៅវិញ ទាំងសាមីខ្លួន ទាំងឪពុកម្តាយ ប្រសិនណាដឹងថាយើងរៀនមិនបានពូកែ រៀនមិនចូល អាចរិះគិតឡើងវិញថាតើយើងចូលចិត្តធ្វើអ្វី សង្កេតមើលនិន្នាការឱកាសទីផ្សារ យើងអាចទៅរៀនវិជ្ជាជីវៈ រៀនជំនាញណាមួយ ដូចជាចុងភៅ ជាងម៉ាស៊ីន ជាងទូរស័ព្ទវិញប្រសើរជាង ចំណេញទាំងពេលវេលា ចំណេញទាំងលុយកាក់ បានទាំងជំនាញពិតប្រាកដ អញ្ចឹងថ្ងៃនេះគឺជាកូនជាងគេ ស៊ីឈ្នួលគេ តែ១០ឆ្នាំក្រោយអាចក្លាយជាថៅកែគេម្តងក៏មាន។

នេះជាឧទាហរណ៍ខ្លីមួយសម្រាប់ប្រធានបទ៖ ចង់ធ្វើការឬចង់រកស៊ី។

ធ្វើការក៏អាចក្លាយជាអ្នកមាន រកស៊ីក៏អាចក្លាយជាអ្នកមានបានដែរឱ្យតែប្រឹងរក ប្រឹងធ្វើឱ្យប្រាកដ ដូចពាក្យខ្មែរចាស់បុរាណពោលថា «ចេះដប់មិនស្មើប្រសព្វមួយ» និងពាក្យមួយទៀតនិយាយថា «ចេះប្រាកដប្រាក់រត់តាមហៅ» ដែលចង់ប្រាប់យើងទាំងអស់គ្នាថា បើចាប់យកអ្វីមួយគឺយកឱ្យប្រាកដ។

បន្តពីឧទាហរណ៍ខាងលើអំពីការជំរុញកូនឱ្យរៀនសូត្រ៖ សិស្សានុសិស្សសព្វថ្ងៃដែលចូលសាលានិងរៀនគួរអស់លុយសន្ធឹកសន្ធាប់នោះ តើពីមួយថ្ងៃទៅមួយថ្ងៃពួកគេបានសន្សំចំណេះដឹងអ្វីខ្លះពីលុយចំណាយដែលឪពុកម្តាយរបស់ពួកគេប្រើប្រាស់ ញើសឈាម កណ្តាលថ្ងៃ ក្តៅ/ រងា/ ភ្លៀងផ្គរ/ ទាំងខ្លួនមានជំងឺ/ ហត់នឿយ ដើម្បីបានលុយទាំងនោះមកផ្គត់ផ្គង់ឱ្យកូនរៀនសូត្រ ដូច្នេះទាំងឪពុកម្តាយនិងកូនៗខ្លួនឯង ត្រូវចោទជាសំណួរដល់ខ្លួនឯងជានិច្ចថារាល់ថ្ងៃហ្នឹងទៅរៀនហ្នឹងចេះអ្វី យកប្រើការអី វាសមនឹងតម្លៃលុយចាយវាយហ្នឹងអត់ កុំព្យូទ័រចេះប៉ុណ្ណា ភាសាអង់គ្លេសចេះប៉ុណ្ណា គណិតវិទ្យាចេះប៉ុណ្ណា គណនេយ្យចេះប៉ុណ្ណា ច្បាប់ហ្នឹងចេះឬអត់ ព្រោះបើរៀនមិនចេះ វាមិនត្រឹមតែអស់លុយអត់ប្រយោជន៍ទេ គឺខាតទាំងពេលវេលាស្វែងរកជំនាញឬជួយការងារឪពុកម្តាយផងដែរ។ ត្រង់ចំណុចនេះ សិស្សានុសិស្សដែលនៅវ័យជំទង់ពេលខ្លះពួកគាត់មិនបានគិតដល់ទេ ហេតុនេះឪពុកម្តាយនិងសង្គមក៏គួរតែពន្យល់និងនិយាយជាប់ជានិច្ចត្រង់ចំណុចនេះ ដើម្បីឱ្យពួកគាត់បានយល់ដឹងនិងទុកក្នុងបេះដូង ព្រមទាំងអនុវត្ត ជាពិសេសគឺឪពុកម្តាយហ្នឹងតែម្តង!

ឧទាហរណ៍ទី២៖ ចាប់ផ្តើមពីឧទាហរណ៍ទី២នេះ ខ្ញុំចង់ពន្យល់ប្រិយមិត្តអ្នកស្តាប់ពីជីវភាពនិងការអភិវឌ្ឍខ្លួនរបស់អ្នកធ្វើការ។ ប្រហែលជាលោកពូអ្នកមីងបានសង្កេតឃើញហើយថា អ្នកធ្វើការណាខ្លះអាចមានជីវភាពធូរធារដូចជា៖ បុគ្គលិកធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចី បុគ្គលិកក្នុងការិយាល័យ បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ បុគ្គលិកលក់ គណនេយ្យករ ប្រធានសាខា ប្រធានផ្នែក វិស្វករ និងអគ្គនាយកជាដើម។ ពួកគាត់មានឋានានុក្រមគ្រប់គ្រង ហើយប្រាក់ខែទទួលបានទៅតាមកម្រិតយល់ដឹង បទពិសោធន៍ និងស្នាដៃការងារដែលជាទូទៅ គាត់ត្រូវឆ្លងកាត់ការងារពីថ្នាក់តូចពីគ្មានប្រាក់ខែមកមានប្រាក់ខែតិចតួច និងរហូតដល់មានប្រាក់ខែខ្ពស់ ដោយសន្សំយកចំណេះដឹងការងារ ភាសា កុំព្យូទ័រ ទំនាក់ទំនង និងស្នាដៃការងារ។ ពួកគាត់ម្នាក់ៗសុទ្ធតែបានចំណាយពេល១២ឆ្នាំក្នុងការសិក្សានៅថ្នាក់ចំណេះទូទៅ ៤ឆ្នាំក្នុងកម្រិតបរិញ្ញាបត្រ (គ្មានចំណូល) ហើយចាប់ផ្តើមពីការងារតូចតាច ពេលខ្លះគ្មានប្រាក់ខែឬមានប្រាក់ខែតិចតួច ដែលត្រូវចំណាយពេលសន្សំបទពិសោធន៍៣ទៅ៤ឆ្នាំឬច្រើនជាងនេះ ព្រមទាំងស្នាដៃក្នុងការងារ ដើម្បីបានទទួលតំណែងធំៗជាបន្តបន្ទាប់។ យ៉ាងណាមិញ មិនមែនគ្រប់អ្នកដែលបានរៀនចប់បាក់ឌុបឬចប់មហាវិទ្យាល័យឬធ្វើការ៤ទៅ៥ឆ្នាំសុទ្ធតែបានទទួលតំណែងធំៗទាំងអស់នោះទេ គឺវាអាស្រ័យនឹងការប្រជែងសមត្ថភាពយកតំណែង ហើយបុគ្គលខ្លួនឯងទៀតសោតត្រូវសួរខ្លួនឯងថា តើយើងបានអភិវឌ្ឍខ្លួនឯងបន្ថែមបានកម្រិតណា ប្រសិនបើយើងគ្មានការអភិវឌ្ឍទេនោះ ក្នុងនាមជាអ្នកធ្វើការពេលខ្លះយើងនៅតែមិនទាន់អាចទទួលបានប្រាក់ខែច្រើនដដែល។ ត្រង់ចំណុចនេះហើយដែលលោកពូអ្នកមីងពេលខ្លះបានធ្លាប់ត្អូញត្អែរថា កូនពូមីងរៀនចប់មហាវិទ្យាល័យហើយ ហេតុអីមិនទាន់មានការងារធ្វើទៀតឬត្អូញថា បានការងារធ្វើហើយតែហេតុអីបានប្រាក់ខែមិនច្រើន។ ការធ្វើការងារមិនគ្រាន់តែរៀនចប់ថ្នាក់មហាវិទ្យាល័យមួយ ហើយអាចរកបានការងារធ្វើដែលមានប្រាក់ខែខ្ពស់នោះទេ ពោលគឺត្រូវសិក្សារៀនសូត្រនិងអភិវឌ្ឍខ្លួនឯងជាប់ជានិច្ចទើបបាន។ ដូចនេះអ្នកធ្វើការគឺគាត់វិនិយោគពេលវេលា វិនិយោគលុយកាក់ និងមានការខិតខំប្រឹងប្រែងជាប់ជានិច្ច ហើយគាត់ក៏មានឧបសគ្គ ឈឺក្បាល តាមបែបជាអ្នកធ្វើការរបស់គាត់ ដើម្បីដោះស្រាយបញ្ហាក្នុងការងារ មានន័យថាពួកគាត់មិនគ្រាន់តែអង្គុយក្នុងការិយាល័យឬជិះម៉ូតូចុះជួបអតិថិជនឬចុចកុំព្យូទ័រធម្មតាៗហើយចប់នោះទេ ពួកគាត់ត្រូវខិតខំបំពេញភារៈកិច្ច ដើម្បីឱ្យក្លាយជាបុគ្គលិកឆ្នើម គាត់ត្រូវធ្វើការឱ្យគ្រប់តាមផែនការអាជីវកម្មទើបការងាររបស់គាត់ទទួលបានជោគជ័យ។ យ៉ាងណាមិញអ្នកធ្វើការក៏មានអ្នកបរាជ័យផងដែរ ក៏ព្រោះតែគាត់ធ្វើការមិនមានការទទួលខុសត្រូវក្នុងការងារ ធ្វើការចាំមើលតែម៉ោង មិនអភិវឌ្ឍសមត្ថភាព គ្មានការច្នៃប្រឌិតក្នុងកិច្ចការ មើលបំណាំ មិនសហការក្នុងក្រុម មិនមានការទំនាក់ទំនងជាដើមដែលទាំងនេះជាមូលហេតុធ្វើឱ្យបរាជ័យក្នុងការងារ បើទោះបីជាមិនបាត់បង់ការងារ ក៏មិនអាចឡើងប្រាក់ខែបានដែរ។

ឧទាហរណ៍ទី៣៖ បន្តមកទៀតខ្ញុំនឹងលើកឧទាហរណ៍ស្តីអំពីការអភិវឌ្ឍខ្លួនរបស់អ្នករកស៊ីវិញម្តង។ ចំណុចសំខាន់ដែលយើងធ្លាប់បានឮនិងឃើញតាំងពីថ្នាក់មធ្យមដល់ថ្នាក់ឧត្តមគឺមានអ្នករកស៊ីខ្លះគាត់បានជោគជ័យក្លាយខ្លួនពីអ្នកធ្វើការនិងរៀនសូត្រខ្ពង់ខ្ពស់ទៅជាអ្នករកស៊ីជំនួញជួញដូរធំដុំឬអ្នកខ្លះមិនបានរៀនសូត្រវែងឆ្ងាយទេដោយពីដំបូងជាកូនជាងជាកម្មករគេ ប៉ុន្តែ៥ឆ្នាំក្រោយគាត់បង្កើតមុខរបរផ្ទាល់ខ្លួនដូចជា៖ ក្លាយជាចុងភៅខ្លួនឯង សិប្បកម្មផ្សារដែកខ្លួនឯង ជាងម៉ូតូខ្លួនឯង ជាងកាត់ដេរខ្លួនឯង ។ល។ ទាំងនេះជាគំរូល្អនិងជាចលករសំខាន់ក្នុងសេដ្ឋកិច្ច។ ពេលនេះយើងយកករណីអ្នកដែលមិនបានរៀនសូត្រវែងឆ្ងាយទេ ប៉ុន្តែគាត់បានក្លាយខ្លួនជាអ្នករកស៊ីមានមុខរបរពិតប្រាកដម្នាក់ ដែលជាបុគ្គលមានគំរូល្អបំផុតគួរឱ្យកោតសរសើរនិងជាទីមោទនៈ ព្រោះពួកគាត់កើតក្នុងគ្រួសារដែលខ្វះខាតមិនបានរៀនសូត្រច្រើនដូចគេ ប៉ុន្តែមិនចុះចាញ់ហើយតស៊ូរហូតបានជោគជ័យក្នុងជីវិត។ ដោយសារកត្តាជីវភាពបុគ្គលទាំងនោះបានឈប់រៀនត្រឹមថ្នាក់ទី៨ ទី៩ ឬនៅអាយុ១៥ឆ្នាំ (នេះបើតាមការសង្កេតមើលរបស់ខ្ញុំ) បានក្លាយជាកម្មករស៊ីឈ្នួលគេ ខ្លះជាក្មេងរត់តុគុយទាវ ក្មេងខាត់ស្បែកជើង ជាងម៉ូតូ ជាងមាស កូនជាងដេរ ឬពេលខ្លះបន្លំអាយុធ្វើការរោងចក្រកាត់ដេរ ធ្វើការងារកំបុិកកំប៉ុកបានប្រាក់ខែខ្លះឬដូរតែបាយបីពេលក៏មាន។ ជីវភាពបែបនេះមិនបានធ្វើឱ្យពួកគាត់បាក់ស្រុតទន់ជ្រាយទេប៉ុន្តែបែរជាកើតជាភាពមានៈយកឈ្នះស្ថានភាព ដោយប្រឹងប្រែងរៀនជំនាញវិជ្ជាឱ្យប្រាកដ ដើម្បីថ្ងៃណាមួយមានដើមទុន មានអតិថិជន បើកអាជីវកម្មខ្លួនឯង ក្លាយខ្លួនទៅជាថៅកែទាំងវ័យក្មេង។ តាមការសង្កេតរបស់ខ្ញុំគឺ គាត់អាចនៅធ្វើការជាមួយគេយកលុយផ្គត់ផ្គង់ជីវភាពខ្លះ សន្សំទុកខ្លះ និងរយៈពេល១០ឆ្នាំក្រោយ ទើបហ៊ានចេញរកស៊ីខ្លួនឯង។ ជីវិតអ្នករកស៊ីមិនមែនជាការងាយស្រួលទេ ពេលខ្លះត្រូវប្រឹងប្រែងរក ប្រឹងធ្វើមិនគិតយប់ថ្ងៃ មិនគិតសៅរ៍ឬអាទិត្យ បើកមុខរបរដំបូងប្រឈមនឹងការខាតបង់ស្ទើរតែមិនខុសពីអ្នកស្រែចំការប្រវាស់មេឃអញ្ចឹងដែរ ប៉ុន្តែគឺពោពេញដោយក្តីសង្ឃឹមនិងភាពមិនទាល់ច្រក។ ប៉ុន្តែដោយសារមានជំនាញច្បាស់ ហ៊ានប្រថុយ ធ្វើការមានគុណភាព ចេះរួសរាយរាក់ទាក់រកភ្ញៀវ នៅទីបំផុតគាត់យកឈ្នះលើមុខរបរទី១ ដោយជោគជ័យ។ នារយៈពេល៥ឆ្នាំនៃរបរទី១និងឆ្នាំបន្តបន្ទាប់គាត់ចាប់ផ្តើមមានកូនជាង ចាប់ផ្តើមបើកសាខាទី១ សាខាទី២ បង្កើតផលិតផលទី១ បង្កើតផលិតផលទី២ រីកដុះដាលជាបន្តបន្ទាប់។ ដូចនេះក្នុងរយៈពេល១០ឆ្នាំទៅ១៥ឆ្នាំ គាត់អាចទទួលបានជោគជ័យដោយផ្តើមពីបាទដៃទទេ។ ទន្ទឹមនឹងអ្នកជោគជ័យក៏មានអ្នកបរាជ័យដែរដូចជាធ្វើការឱ្យគេតែមិនមានឆន្ទៈ មិនមានគោលដៅថាចង់ធ្វើអ្វី ធ្វើអ្វីឱ្យរួចតែពីដៃ គ្មានទំនួលខុសត្រូវ មិនហ៊ានប្រថុយ រួញរានឹងបញ្ហា មិនចេះសន្សំលុយកាក់ ចាយវាយមិនដឹងទិសដៅ មិនចេះគ្រប់គ្រងមនុស្ស មិនចេះគ្រប់គ្រងមុខរបរជាមូលហេតុ។

ឧទាហរណ៍ទី៤៖ ទន្ទឹមហ្នឹងគ្នានេះដែរមានចំណុចមួយទៀតក្នុងសង្គមបច្ចុប្បន្នដែលខ្ញុំបារម្ភ ជាពិសេសសម្រាប់អ្នកដែលបានខិតខំចំណាយប្រាក់កាសសន្ធឹកសន្ធាប់ក្នុងការសិក្សារបស់កូន។ សូមប្រយ័ត្នចំពោះគ្រប់ចំណាយទាំងអស់សម្រាប់ការសិក្សាដូចដែលខ្ញុំបានបរិយាយខាងលើ ព្រោះថាអាចជាការវិនិយោគខុសគោលដៅ។ មានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីមានកូនខ្លះគាត់រៀនចប់មហាវិទ្យាល័យធ្វើការបានបទពិសោធន៍បួន ប្រាំឆ្នាំ គាត់បានប្រាក់ខែល្អ បានប្រាក់ខែខ្ពស់ ប៉ុន្តែកូនខ្លះបែរជាមិនមានការងារធ្វើឬការងារមិនរីកចម្រើន? ស្រដៀងគ្នានេះដែរ ពេលដែលឪពុកម្តាយបានឃើញកូនគេរៀន មានការងារធ្វើក៏ប្រឹងបញ្ជូនកូនមករៀនដែរ ចំណាយលុយយ៉ាងច្រើនឱ្យកូនមករៀន ប៉ុន្តែមិនដែលបានតាមដានកូនថារៀនដល់ណា ចេះអ្វីខ្លះ ឬពេលខ្លះសន្មត់ថាកូនចេះហើយ ដោយគ្រាន់តែគិតថាពេលរៀនចប់នឹងបានការងារធ្វើនោះគឺមិនត្រឹមត្រូវទេ ការគិតបែបនេះគឺមិនត្រឹមត្រូវនាំឱ្យខាតបង់ពេលវេលានិងឱកាសក្នុងការរកជំនាញអ្វីផ្សេង បើធ្ងន់ធ្ងរគឺប៉ះពាល់ដល់អនាគតក្មេងទៀតផង។ មិនមែនទាល់តែរៀនចប់ថ្នាក់មហាវិទ្យាល័យទើបមានអនាគតភ្លឺស្វាងនោះទេ ពាក្យថារៀនគឺមានអត្ថន័យទូលំទូលាយជាងត្រឹមមហាវិទ្យាល័យ គឺអាចជាការរៀនចំណេះដឹង រៀនជំនាញវិជ្ជាជីវៈ រៀនជំនាញឯកទេស និងរៀនលក់ដូរ រកស៊ី។ រៀនមិនចប់មហាវិទ្យាល័យក៏អាចមានអនាគតភ្លឺស្វាងបានដែរ ប្រសិនបើយើងចេះស្វែងរកអាជីព រៀនជំនាញវិជ្ជាជីវៈ ឬរៀនលក់ដូរ រកស៊ី មិនខ្ជិលច្រអូស ស្វះស្វែងក្នុងការងារ មានគំនិតអភិវឌ្ឍ ចេះស្តាប់ត្រិះរិះពិចារណា។

បន្តពីឧទាហរណ៍ទី៥៖ ភាគច្រើនយើងធ្លាប់តែឮថា ធ្វើការគឺបានត្រឹមតែផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ចំណែករកស៊ីទើបអាចក្លាយជាអ្នកមានបាន។ ខ្ញុំផ្ទាល់គិតថាទស្សនៈនេះគឺជាការខុសឆ្គង ព្រោះតែគាត់មិនទាន់បានយល់ពីស្ថានភាពរបស់ប្រភពចំណូលទាំងពីរ។ ប្រភពចំណូលទាំងពីរ អាចនាំឱ្យយើងមានជីវភាពធូរធារដូចគ្នាគ្រាន់តែថា យើងមានឧបនិស្ស័យនឹងកិច្ចការណាមួយ ចង់ធ្វើអ្វី មានអ្វីជាទុនជាចំណុចខ្លាំង។ ចូរសង្កេតថា អ្នកធ្វើការមានលក្ខណៈពិសេស មានការតស៊ូ ការលំបាក មានលេខ មានអក្សរតាមបែបអ្នកធ្វើការ ហើយអ្នករកស៊ីមានលក្ខណៈពិសេស មានជំនាញ មានការខិតខំ មានភាពជាអ្នកដឹកនាំតាមបែបអ្នករកស៊ី។ ក្នុងសង្គមរស់នៅទាំងអ្នករកស៊ី ទាំងអ្នកធ្វើការសុទ្ធតែសំខាន់ និងពឹងពាក់គ្នាទៅវិញទៅមក ប៉ុន្តែសំណួរចោទសួរមកខ្លួនយើងវិញថាតើយើងបានធ្វើវាដល់កម្រិតកំពូលហើយឬនៅ ដូចជា៖

កម្រិតកំពូលរបស់អ្នកធ្វើការ គឺមានប្រាក់ខែ រាប់ពាន់រាប់ម៉ឺន ដូចជាអគ្គនាយក ប្រធានចាត់ការទូទៅ អ្នកវិភាគ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត ជាដើម។ ចំណែកអ្នកមធ្យម និងអ្នកធម្មតាគឺធ្វើការបានប្រាក់ខែធម្មតាសម្រាប់ទ្រទ្រង់ជីវភាព។

ចំណែកកម្រិតកំពូលរបស់អ្នករកស៊ី គឺមានចំណូលរាប់ម៉ឺនរាប់សែនក្នុងមួយខែ បង្កើតការងារដល់អ្នកដទៃ ក្លាយជាឧកញ៉ា ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាសជាដើម។ ហើយបើមធ្យមគឺរកស៊ី លក់ដូ ដុំ និងរាយ មានហាងមានតូបផ្សារ ឬលក់តាមរទេះ ។ល។

សរុបមកយើងអាចស្រង់យកចំណុចសំខាន់ថា ចង់ធ្វើជាអ្នករកស៊ីក៏បាន ចង់ធ្វើជាអ្នកធ្វើការក៏បាន តែយើងបុគ្គលជាម្ចាស់ខ្លួនត្រូវការអ្វី ចង់ធ្វើអ្វី ចូលចិត្តអ្វី ហើយយើងហ្នឹងបង្ហាញតាមលំអានហ្នឹងមកថា នែរអ្នកធ្វើការគឺបែបនេះ អ្នករកស៊ីគឺបែបនេះ ត្រូវតស៊ូររបៀបនេះ ប្រឹងប្រែងចាប់យកជំនាញដើម្បីជាប្រទីបបំភ្លឺជីវិត សន្សំសំចៃ គ្រប់គ្រងមុខរបរ គ្រប់គ្រងមនុស្ស និងចេះលក់ដូរ រួសរាយរាក់ទាក់។ ហើយបើយើងបង្កើតសមត្ថភាពមួយក្នុងខ្លួនយើងហើយ បែបហ្នឹងហើយដែលគេហៅថាសង្គមមានធនធានមនុស្ស គឺធនធានដែលមនុស្សម្នាក់ៗចេះអ្វីមួយប្រាកដ ចេះដឹង ចេះបង្រៀន ចេះធ្វើ ចេះបង្កើត ចេះជួញ  ចេះដូរ ។ ដូចជាគេថាប្រទេសជាតិរឹងមាំទាល់តែ ធនធានមនុស្សរឹងមាំ។

ត្រង់ចំណុចនេះ ពាក្យថា ធនធានមនុស្ស គឺខុសគ្នា ពីកម្លាំងមនុស្ស។ ធនធានមនុស្ស គឺមិនថាសម្រាប់តែអ្នករៀនចេះដឹងតែម្យ៉ាងទេ ប៉ុន្តែអ្នកខ្លះ មិនបានរៀនជ្រៅជ្រះទេ តែគាត់មានចំណេះជំនាញច្បាស់ មានការគិតត្រូវ មានមុខរបរត្រឹមត្រូវ មានឆន្ទៈ មានភាពរឹងមាំ មិនទន់ជ្រាយ ហ្នឹងក៏ហៅថាធនធានមនុស្សដែរ។ ផ្ទុយមកវិញ អ្នកខ្លះ សិស្សខ្លះរៀនដែរតែរៀនមិនចេះនោះគេមិនហៅថាធនធានមនុស្សទេ៕

ដោយលោក បាន ផលឡេង នាយកនាយកដ្ឋានគ្រប់គ្រងសកម្មភាពសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ