ពលរដ្ឋ៣សង្កាត់ស្នើឲ្យរដ្ឋាភិបាលកាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប

ពលរដ្ឋ៣សង្កាត់ក្នុងខណ្ឌជ្រោយចង្វារនៅព្រឹកថ្ងៃពុធនេះបានទាមទារឲ្យរដ្ឋាភិបាលកាត់ឆ្វៀលដីរបស់ពួកគេចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគេ។

ការទាមទារធ្វើឡើងខណៈពលរដ្ឋដែលថារងផលប៉ះពាល់ជាង៣០០គ្រួសារនៅសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ តវ៉ានៅក្រសួងដែនដី នគរូបនីយកម្ម និងសំណងនៅថ្ងៃនេះ។

តំណាងសហគមន៍នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប លោក រិទ្ធ ឌីណា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិថា ពួកគាត់ធ្លាប់បានដាក់ញត្តិសុំអន្តរាគមន៍ពីស្ថាប័ននានា តែពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់មកសុំឲ្យក្រសួងជួយ ដើម្បីកាត់ឆ្វៀលដីពួកគាត់ចេញពីការអភិវឌ្ឍរបស់ក្រុមហ៊ុននិងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់។

លោកមានប្រសាសន៍ថា៖ “មានអាជ្ញាធរ សង្កាត់ ខណ្ឌទទួលស្គាល់ថាពួកខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចាស់ ហើយគាត់រហូតដល់ធ្វើលិខិតមួយឲ្យពួកខ្ញុំថា ខ្ញុំត្រូវតែបានកាត់ឆ្វៀលចេញ ប៉ុន្តែរុញទៅសាលារាជធានីភ្នំពេញមិនមានដំណោះស្រាយ។ ក្រោយមកទៀតក៏មានដំណោះស្រាយមួយ គាត់បានសន្យាថាឆ្វៀលកាត់ឲ្យខ្ញុំ ប៉ុន្តែក្រោយមកអត់មានឃើញ ស្ងាត់បាត់ឈឹង ដូច្នោះការសន្យាគឺគ្រាន់តែសន្យា ប៉ុន្តែខ្ញុំចង់បានអ្វីជាការពិតជាក់ស្ដែង គឺចេញអនុក្រឹត្យឬសេចក្ដីប្រកាសមួយថា ប្រជាពលរដ្ឋខ្ញុំត្រូវបានកាត់ឆ្វៀលជាស្ថាពរ ចឹងសំខាន់ជាលាយលាក់អក្សរ មិនមែនគឺខ្ញុំមិនទាន់ទុកចិត្ត ព្រោះបងប្អូនប្រជាពលរដ្ឋភ័យខ្លាចចំពោះការបាត់បង់ដីផ្ទះលំឋានរបស់ពួកខ្ញុំ“។

ពលរដ្ឋម្នាក់ទៀត លោក ហេង ហាក់ អះអាងថាចំពោះការអភិវឌ្ឍរបស់រដ្ឋាភិបាលលោកមិនជំទាស់ទេ ប៉ុន្តែលោកថា រដ្ឋត្រូវផ្ដល់សំណងឲ្យបានសមរម្យដែលអាចទទួលយកបាន។

លោកមានប្រសាសន៍ថា៖ “ម្ចាស់ដីគ្រប់រូបគឺអាចទទួលយកបានចឹង បើសិនជាគេទទួលយកបាន ចរចាជាមួយគេទៅ គេថាយកចេះយកចុះទទួលយកបាន អាហ្នឹងក៏យើងទៅតាមការអភិវឌ្ឍទៅ មិនជំទាន់ទេ ក៏ប៉ុន្តែឲ្យធ្វើម៉េចឲ្យម្ចាស់ផ្ទះគ្រប់គ្នាទទួលយកបាន កុំមកដល់ មិនទាន់បាននិយាយគ្នាផង ស្រាប់តែឈូសឆាយឬក៏ហៅយកទៅគំរាម កំហែង ថ្នូរជាផ្ទះអី ផ្ទះល្វែងអីឲ្យទៅនៅជាន់លើ ឬក៏ផ្ទះហ្នឹងតម្លៃតិចតួច មិនសមនឹងដីធ្លីរបស់យើង ក៏មិនអាចទទួលយកបានដែរ“។

បន្ទាប់ពីតវ៉ាបានបន្តិចមានតំណាងក្រសួងដែនដីចេញមកទទួលញត្តិរបស់ពួកគេ ដោយអះអាងថាក្រសួងនឹធ្វើការដោះស្រាយករណីនេះ។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថារដ្ឋាភិបាលគួរតែធ្វើការដោះស្រាយបញ្ហានេះឲ្យបានឆាប់កុំឲ្យប្រជាពលរដ្ឋតវ៉ាបន្តទៀតនិងកុំឲ្យពួកគេរស់នៅក្នុងភាពភ័យខ្លាចបាត់បង់ផ្ទះ និងដីធ្លី។ លោកមានប្រសាសន៍ថា៖ “ប៉ះពាល់ទៅដល់អារម្មណ៍ផ្លូវចិត្តនិងការឈឺចាប់វិបត្តិដីធ្លីរបស់ប្រជាពលរដ្ឋ គាត់ឈឺចាប់ណាស់  ដែលគាត់ខំបោះឆ្នោតឲ្យជូនគណបក្សប្រជាជន បែរជាមិនព្រមដោះស្រាយបានតែសន្យាៗមិនព្រមដោះស្រាយជូនគាត់“។

អ្នកតវ៉ាអះអាងថា ចំពោះសំណងដែលសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនបានផ្ដល់ឲ្យពួកគេតម្លៃ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េនោះ ពួកគេមិនអាចទទួលយកបានទេ ខណៈពួកគេថាដីនៅតំបន់នោះមានតម្លៃពី៦០០ទៅ៩០០ដុល្លារក្នុង១ម៉ែត្រការ៉េនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ