តួរនាទីនគរបាល កងកម្លាំងរាជអាវុធហត្ថ និងយោធា ក្នុងការរក្សាសន្តិសុខ

កងកម្លាំងការពារសន្តិសុខ

កងកម្លាំងប្រដាប់អាវុធដែលមានតួនាទីក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានការកំណត់ក្នុងច្បាប់របស់កម្ពុជាមានបីប្រភេទគឺ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងកម្លាំងយោធា។

ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា១ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើជាតិ។ មាត្រាដដែលក៏បានចែងថា កងកម្លាំងក្រុមនេះត្រូវគោរពវិន័យម៉ឺងម៉ាត់ ភក្តីភាព និងក្លាហានហ៊ានធ្វើពលីកម្មនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ចំពោះជាតិមាតុភូមិ។

លោកមេធាវី សុក សំអឿន ពន្យល់ថាកម្លាំងយោធពលខេមរភូមិន្ទមានក្តោបទាំងកម្លាំងយោធានិងកងរាជអាវុធហត្ថ។ លោកពន្យល់ថា កងយោធពលខេមរភូមិន្ទឬកងទ័ពមានតួនាទីដូចគ្នា តែបំពេញការងារក្នុងស្ថានភាពខុសគ្នា៖ «ខាងកងទ័ពគេផ្តោតលើសន្តិសុខជាតិ សន្តិសុខជាតិវាអាចពាក់ព័ន្ធលើការការពារទឹកដី ហើយបើមានក្រុមឧទ្ធាមធំដុំ យើងយកប៉ូលីសទៅបង្ក្រាប ហើយបើយកប៉ូលីសបង្ក្រាបមិនកើត គេយកខាងយោធាទៅ»។

លោក សុខ សំអឿន បញ្ជាក់ថាការហ្វឹកហ្វឺកកម្លាំងនគរបាលនិងកម្លាំងកងទ័ពធ្វើឡើងក្នុងគោលបំណងខុសគ្នា៖ «កងទ័ពនិងនគរបាល មានការហ្វឹកហ្វឺនខុសគ្នា គឺកងទ័ពគេបង្រៀនឲ្យសម្លាប់សម្រូវឲ្យបានជាអតិបរមា។ ចំណែកនគរបាលវិញ គេហ្វឹកហាត់ធ្វើម៉េចជួយការពារពលរដ្ឋឲ្យជួបនូវសន្តិសុខល្អ ជាអតិបរមាវាខុសគ្នា។ ហេតុដូច្នេះហើយ ពាក់ព័ន្ធរឿងផ្ទៃក្នុង គេមិនយកកងទ័ពមកប្រើទេ ព្រោះការហ្វឹកហ្វឺនខុសគោលដៅ វាអាចធ្វើឲ្យច្របូកច្របល់យល់ច្រឡំតួនាទី»។

ចំណែកកម្លាំងកងរាជអាវុធហត្ថវិញ លោក សុខ សំអឿន ពន្យល់ថា គេប្រើសម្រាប់ត្រួតពិនិត្យលើការអនុវត្តតួនាទីរបស់នគរបាលនិងយោធា។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី ពន្យល់ថា ក្នុងច្បាប់និងការអនុវត្តនៅក្នុងប្រទេសផ្សេងៗ ក្នុងការក្សាសន្តិសុខផ្ទៃក្នុង គេប្រើតែកម្លាំងនគរបាល ហើយបើធ្ងន់ធ្ងរ បានគេប្រើកងកម្លាំងប្រដាប់អាវុធ។ លោកថា កម្លាំងយោធា គេកម្រប្រើណាស់ ហើយការប្រើយោធាគឺច្រើនតែមានហិង្សាផ្ទុះឡើង៖ «យើងលើកឧទាហរណ៍នៅផ្លូវវ៉េងស្រេង គឺនៅវ៉េងស្រេងដំបូងឡើយការតវ៉ារវាងប៉ូលីស ប៉េអឹម ហើយនឹងកម្មករ ពលរដ្ឋធ្វើបាតុកម្ម យើងឃើញថាអត់ហិង្សាទេ។ ប៉ុន្តែក្រោយមកពេលគេបញ្ជូនយោធាមក ចុះពីឡានភ្លាម គឺចាប់ផ្តើមបាញ់រះតែម្តង យើងឃើញក្នុងវីឌីអូក្លីប។ អាហ្នឹងហើយដែលគេកម្រនឹងប្រើទាហាន ហើយមកយកប្រើមានហិង្សាកើតឡើង ហើយហិង្សាលើអ្នកណា? គឺហិង្សាលើពលរដ្ឋ ដែលគ្នាអត់មានអាវុធ»។

លោក មាស នី ក៏បានលើកឡើងដែរថា ការចល័តកងទ័ពជិតគណបក្សសង្គ្រោះជាតិនិងការប្រកាសរបស់មេបញ្ជាការកងទ័ពត្រៀមបង្ក្រាបបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះ ជាការប្រើកម្លាំងខុសតួនាទី។

កាលពីថ្ងៃទី៣១ខែសីហាមានការចល័តកម្លាំងព័ទជើងគោក ជើងទឹក និងជើងអាកាសនៅជិតស្នាក់គណបក្សសង្គ្រោះជាតិ។ នៅយប់ថ្ងៃទី១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា រថយន្តដឹកកងកម្លាំង៣០ទៅ៤០គ្រឿងចល័តជិតស្នាក់បក្សប្រឆាំងម្តងទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី១៣ខែកញ្ញាបញ្ជាក់ថា ក្រសួងត្រៀមអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបលើគម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅពេលខាងមុខនេះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់៖ “កងយោធពលខេមរភូមិន្ទប្តេជ្ញាអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ និងទ្រង់ទ្រាយ ណាក៏ដោយ ក៏យោធពលខេមរភូមិន្ទប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ“។

ថ្មីៗនេះគណបក្សសង្គ្រោះជាតិប្រកាសរៀបចំធ្វើមហាបាតុកម្ម ដើម្បីស្តារស្ថានភាពនយោបាយ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យកម្លាំងប្រដាប់អាវុធត្រៀមបង្ក្រាបបាតុកម្មនេះ ដោយហេតុផលថា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ