បទយកការណ៍៖ ពលរដ្ឋត្អូញត្អែរក្លិនស្អុយ ចេញពីកសិដ្ឋានចិញ្ចឹមក្រពើ នៅខេត្ដសៀមរាប

ដោយ លោក បូ សាវី​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:13 PM | បទយកការណ៍ | 0 | 1676 កសិដ្ឋានចិញ្ចឹមក្រពើ នៅខេត្ដសៀមរាប (បូ សាវី)

នេះជាការត្អូញត្អែររបស់ពលរដ្ឋនៅភូមិវត្ដបូព៌ ពាក់ព័ន្ធនឹងក្លិនស្អុយចេញពីកសិដ្ឋានចិ​ញ្ចឹមសត្វក្រពើមួយកន្លែង ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប។ ​កសិដ្ឋាននេះ មានទំហំផ្ទៃដីប្រមាណ៣ហិចតា ដែលមានសត្វក្រពើរាប់រយក្បាល នៅក្នុងកសិដ្ឋាននោះ ជាង១០ឆ្នាំមកហើយ។

បុរសវ័យជិត៥០ឆ្នាំមួយរូប រស់នៅភូមិវត្ដបូព៌ សង្កាត់សាលាកំរើក គឺលោក ចាន់ សុខឆូយ លោកបានសម្ដែងនូវក្ដីកង្វល់ ពីផលប៉ះពាល់សុខភាពរបស់ក្រុមគ្រួសារ ដោយសារទឹកចិញ្ចឹ​មសត្វក្រពើ និងកាកសំណល់ចំណីក្រពើ បានជះក្លិនស្អុយមកលើរូបគាត់ជារៀងរាល់ថ្ងៃ។

បុរសរូបនោះ បន្ថែមទៀតថា រយៈពេលជាង១០ឆ្នាំមកហើយ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះ បានបង្ហូទឹកស្អុយចូលក្នុងដីក្បែផ្ទះរបស់លោក ដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះនោះទេ។ មិនតែប៉ុណ្ណោះលោកថា ទឹកស្អុយក្នុងអាងក្រពើនោះ ក៏បានបង្ហូចេញមកផ្លូវសាធារណៈផងដែរ។

 

មិនមែនមានតែពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីក្លិនស្អុយចេញពីកសិដ្ឋានចឹញ្ចឹមក្រពើតែមួយគ្រួសារនោះទេ គឺមានពលរដ្ឋជាច្រើនទៀត ដែលមានលំនៅឋានក្បែនោះដែរ។

កំពុងអង្គុយនៅក្បែគេហដ្ឋាមួយ នៅក្បែកសិដ្ឋានចិញ្ចឹមសត្វក្រពើនោះ គឺអ្នកស្រី​ ឡាំ លីហៀង។ អ្នកស្រីខកចិត្ដ ចំពោះការចិញ្ចឹមក្រពើកណ្ដាលទីក្រុងទេសចរណ៍នោះ ដោយអ្នកស្រីថា កាកសំណល់ពីចំណីសត្វក្រើពើ បានជិះស្អុយមកលើអ្នកភូមិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ដែលស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ និងប៊ូទិក នៅក្បែនោះផងដែរ។

និយាយបណ្ដើរ យកដៃខ្ទប់ច្រមុះបណ្ដើរ។ អ្នកស្រី ឡាំ លីហៀក បានបន្ដទៀតថា​ ជារៀងរាល់ថ្ងៃ ម្ចាស់កសិដ្ឋាននោះ បានដឹកចំណីក្រពើរាប់តោនអោយក្រពើស៊ី ដែលបន្សល់នូវកាកសំណល់ស្អុយរលួយ។

 

ស្ដ្រីរូបនោះ បានបន្ដទៀតថា ក្លិនកាកសំណល់នេះ បានជះក្លិនស្អុយជារៀងរាល់ថ្ងៃ ​មិន​ថាយប់ឬថ្ងៃនោះទេ។ អ្នកស្រីបន្ថែមថា បើទោះបីពួកគាត់ស្វែងរកដំណោះស្រាយពីអាជ្ញាធរជាច្រើនលើកក្ដី ប៉ុន្ដែកសិដ្ឋាននោះ នៅបន្ដពង្រីកសេវកម្មរបស់ខ្លួនបន្ថែមទៀត។

 

កាលពីខែសីហាឆ្នាំ២០១៧នេះ កម្ពុជា បានសម្រេចដាក់រាជធានីខេត្តចំនួន៧ ចូលរួមប្រឡងប្រណាំងទីក្រុងទេសចរណ៍​ស្អាតអាស៊ានលើកទី១ ដែលនឹងប្រកាសលទ្ធផលនៅទីក្រុងឈាងម៉ៃ ប្រទេសថៃ ដើមខែឆ្នាំក្រោយនេះ ដែលក្នុងនោះក៏មានខេត្ដសៀមរាបផងដែរ។

មិនតែប៉ុណ្ណោះ ទីក្រុងសៀមរាប ជាតំបន់ទេសចរណ៍បុរាណមួយ ដែលមានការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក និងត្រូវបានអង្គការធ្វើការផ្នែកទេសចរណ៍ ផ្ដល់ប័ណ្ណសរសើរ ជាទីក្រុងស្អាត នៅលើពិភពលោក ដែលបានងារថា ជាទីក្រុងផ្ការំដួលបីទងផងដែរ។

មាឌក្រអាញ ឈក្បែផ្ទះសំណាក់មួយ នៅភូមិវត្ដបូព៌ គឺលោក កែវ ប៊ុនឡូ លោកសម្ដែងការព្រួ​យបារម្ភខ្លាចភ្ញៀវទេសចរណ៍អាក់អាន់ចិត្ដ ព្រោះនៅពេលខ្យល់បក់ម្ដងៗ សំណល់ស្អុយរលួយដែលក្រពើស៊ីសល់ មានក្លិនស្អុយខ្លាំងដល់ភ្ញៀវទេសចរណ៍។ ពលរដ្ឋរូបនោះ បានបន្ដទៀតថា ពួកគាត់ប្រឈម នឹងសុខភាពធ្លាក់ចុះ ខណៈដែលពួកគេរស់នៅលើដីនោះតាំងពីក្រោយឆ្នាំ១៩៧៩ មកម្លេះ។

 

ទាក់ទងករណីនេះ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើ ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង អោយដឹងថា រូបគាត់ទទួលស្គាល់ពីក្លុយស្អុយនេះ ប៉ុន្ដែលោកថា ការចិញ្ចឹមក្រពើនេះ មានច្បាប់អនុញ្ញាតិ។ បុរសលាក់ឈ្មោះ រូបនោះបន្ដទៀតថា លោកក៏មិនចង់ចិញ្ចឹមក្រពើនៅកណ្ដាលក្រុងសៀមរាបនោះទេ ព្រោះដីតំបន់មានទីផ្សារថ្លៃជាងសត្វក្រពើទៅទៀត ប៉ុន្ដែមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីប្ដូទីតាំង។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប លោក​ ទា គឹម​សុទ្ធ លោកមានប្រសាសន៍ថា លោកមិនដឹងពីកសិដ្ឋានចិញ្ចឹក្រពើនោះទេ ខណៈលោកទើបកាន់តំណែង​មិនទាន់បានមួយឆ្នាំ។ ប៉ុន្ដែយ៉ាងនេះក្ដី លោកថា នឹងអោយមន្ដ្រីជំនាញជលផលសិក្សានៅពេលក្រោយ។

 

ប៉ុន្ដែចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប លោក ជិន សុខង៉េង ដែលទើបកាន់តំណែងថ្មី មានប្រសាសន៍ថា លោកបានអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ និងពលរដ្ឋដោះស្រាយមួយដំណាក់កាលហើយ ដោយលោកថា អាជ្ញាធរអោយម្ចាស់នោះ រៀបចំសំអាតកសិដ្ឋានអោយ​បានល្អជាប្រចាំ។ លោកបន្ដថា ពលរដ្ឋនៅក្បែនោះមានច្រើនគ្រួសារ ប៉ុន្ដែពលរដ្ឋដែលរងប៉ះពាល់ខ្លាំងមានចំនួន៤គ្រួសារប៉ុណ្ណោះ។

 

ទោះជាយ៉ាងណា ក្រុមអ្នកភូមិ បានអំពាវនាវអោយអាជ្ញាធរ និងមន្ដ្រីជំនាញរៀបចំអាងចិញ្ចឹមក្រពើអោយបានស្អាត និងប្ដូរទីតាំងថ្មីចេញពីតំបន់ទេសនោះ ដើម្បីអោយស្របតាមពា្យស្លោក «ភូមិស្អាត ស្រែល្អ ទីក្រុងស្អាត បរិស្ថានល្អ»៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required