ភ្លើងឆេះសាលារៀននៅម៉ាឡេស៊ីស្លាប់អស់​២៥នាក់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 11:22 AM | អន្តរជាតិ | 0 | 717

ភ្លើងឆេះសាលារៀនតាមបែបសាសនាមួយនៅក្នុងទីក្រុងកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី​ នៅព្រឹកថ្ងៃប្រលឹមថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឲ្យមានអ្នកស្លាប់២៥នាក់ ក្នុងនោះមានសិស្ស គ្រូ និងអ្នកយាមនៅសាលារៀននោះ។​

តាមរបាយការណ៍ពីក្រុមជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់នោះ ២៣នាក់ជាសិស្សនិងគ្រូ ចំណែក​២នាក់ផ្សេងទៀតជាអ្នកយាម។ នេះបើតាមសារព័ត៌មាន​ BBC។​

ក្រុមអ្នកពន្លត់អគ្គីភ័យថ្លែងថា នេះជាការបាត់បង់ទ្រង់​ទ្រាយធំរបស់ជាតិ ដែលមិនធ្លាប់កើតមាន​ក្នុងរយៈពេល​២០ឆ្នាំកន្លងទៅនេះ។ ពួកគេថា រឿងនេះមិនសមហេតុផលនឹងកើតមានឡើងនោះទេ។​

សាលារៀននោះជា សាលារៀនតាមបែបសាសនាឥស្លាម ចំណែក​អាយុសិស្សដែលស្លាប់នោះមិនទាន់ទទួលបាននៅឡើយ តែតាមព័ត៌មានមិនផ្លូវការពីអ្នកធ្វើការងារនៅសាលានោះគឺសិស្សមានអាយុពី​៥ទៅ ១៨ឆ្នាំ។​

សិស្សមួយចំនួន​ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ពួកគេកំពុងប៉ះពាល់ខ្លាំងដោយសារស្រូបយកផ្សែងចូលក្នុងខ្លួនច្រើន។​

ជុំវិញបញ្ហាភ្លើងឆេះសាលារៀនសាសនាមួយនេះ គេនៅមិនមានការស្រាវជ្រាវឲ្យដឹងមូលហេតុជាផ្លូវការនៅឡើយទេ។​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ថ្លែងថា ឧបទ្ទវហេតុនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់រដ្ឋាភិបាល ហើយលោក​បញ្ជាឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់​ដើម្បី ការពារកុំឲ្យមានហេតុការបែបនេះកើតឡើងនៅពេលក្រោយទៀត៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required