ឥណ្ឌាចាប់ផ្តើម​ដំណើរការគម្រោងរថភ្លើងល្បឿនលឿន​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:28 PM | អន្តរជាតិ | 0 | 3468

នាយករដ្ឋមន្ត្រីជប៉ុន លោក​ហ្ស៊ីហ្សូអាបេ បានចួលរួមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ ណារិនត្រា ម៉ូឌី ក្នុងពិធីសម្ពោធគម្រោង​ជាផ្លូវការនៃគម្រោងរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឥណ្ឌា ដែលទទួលបានកម្ចីពីប្រទេសជប៉ុន។​

ថវិកាសម្រាប់កសាងគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងចំណោម​១៧ពាន់លាន គឺភាគច្រើនទទួលបានកម្ចីពីជប៉ុន។ រថភ្លើងល្បឿនលឿនចាប់ផ្តើមចេញពីទីក្រុង Ahmedabad ទៅ រដ្ឋធានីMumbai ដែលមានចម្ងាយផ្លូវជាង​៥០០គីឡូម៉ែត្រ ដែលធម្មតាត្រូវពេលធ្វើដំណើរ៨ម៉ោង ហើយធ្លាក់មកត្រឹម៣ម៉ោង​វិញ​តាមគម្រោងថ្មីនេះ។​នេះបើតាមសារព័ត៌មាន​BBC​។

នាយករដ្ឋមន្ត្រីជប៉ុន​ចំណាយពេលពីរថ្ងៃ ក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា ដើម្បីចូលរួមសម្ពោធ ​គម្រោងរថភ្លើងនេះ និង ពិភាក្សាជាមួយការងារមួយចំនួនទៀត។​

រថភ្លើងល្បឿនលឿននេះ មានកៅអី ចំនួន​៧៥០ ហើយតាមគម្រោងនឹងដំណើរការនៅឆ្នាំ២០២២។ រថភ្លើងនេះ អាចរត់បានល្បឿន​៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ហើយក្នុងចម្ងាយផ្លូវនេះមានស្ថានីយ៍រថភ្លើង​ចំនួន​១២កន្លែង និង ត្រូវឆ្លងកាត់ក្រោមដៃ​សមុទ្រក្នុងប្រវែង​៧គីឡូម៉ែត្រ។​

ឥណ្ឌាមានប្រជាជនជាង ១ពាន់លាននាក់គឺច្រើនលំដាប់ទី២លើពិភពលោក​បន្ទាប់ពីប្រទេសចិន ហើយប្រជាជនជាង២២លាននាក់ធ្វើដំណើរតាមរថភ្លើងជារៀងរាល់ថ្ងៃ។​ ចំណែកគ្រឿងបរិក្ខា ជាច្រើននៃរថភ្លើង​គឺច្រើនតែហួសកំណត់នៃការប្រើប្រាស់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required