តុលាការឃុំខ្លួនសកម្មជន​បរិស្ថាន​តាម​បណ្តឹង​ក្រុម​ហ៊ុន​បូម​ខ្សាច់មួយ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 11:35 AM | សិទ្ធិមនុស្ស | 0 | 956 សកម្មជនមាតាធម្មជាតិ២នាក់ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន (FB: Mot Kimry)

សាលា​ដំបូងខេត្ត​​កោះ​កុង ​សម្រេចចោទ​ប្រកាន់​ និង​បញ្ជូន​ខ្លួនសកម្មជន​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិចំនួន ២នាក់ទៅ​ពន្ធនាគារ ​​ដើម្បី​រង់​ចាំបន្ត​នីតិវិធី ដែលប្តឹងដោយ​ក្រុម​ហ៊ុន​បូម​ខ្សាច់មួយ។

កាលពីថ្ងៃទី១៣ខែកញ្ញា សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនសកម្មជនមាតា​ធម្មជាតិ​ពីរ​នាក់ ​ឈ្មោះ ឌឹម គុណឌី និងឈ្មោះ ហ៊ុន វណ្ណៈ តបតាម​បណ្តឹងរបស់​ក្រុម​ហ៊ុន​បូម​ខ្សាច់មួយ ដែលគេថា ជារបស់ឧកញ៉ា លី យ៉ុងផាត់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ហើយដែលចោទ​ពួកគេថា ​បានចូល​ទៅ​ថតសកម្មភាពនានា ​គ្មាន​ការ​អនុញ្ញាត្តិ។

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កោះ​កុង លោក អ៊ុន សុវណ្ណធានី ប្រាប់​វី​អូ​ឌីថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​​អយ្យការ​សម្រេច​ចោទ​ប្រកាន់​ចំនួន​ពីរ​ករណី ពាក់​ព័ន្ធនឹងមាត្រា៤៩៥ ពីបទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍ និង​មាត្រា៣០២ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​ថា៖ «ឥឡូវ​ហ្នឹង ​ពួកគាត់​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​សិន ​ដើម្បី​ទុក​ពួកគាត់​ក្នុង​ការ​បន្ត​នីតិវិធី​នៃ​ការ​ស៊ើប​សួរ»។

អ្នក​សម្របសម្រួល​អង្គការ​លីការ​ដូ ​ប្រចាំខេត្ត​កោះ​កុង លោក អ៊ិន គង់​ជិត​ យល់​ថា សកម្មភាព​របស់​អាជ្ញា​ធរ​​នេះ ​ជា​ការ​បំបាក់​ស្មារតី​ទៅ​ដល់​អ្នកដែល​ស្រលាញ់​បរិស្ថាន និង​ជា​ការ​​រំលោភ​ដល់​សិទ្ធិ​មនុស្ស​។

លោក​ថា៖ «យើង​ឃើញ​ថា ​ការ​ដែ​ល​ចាប់​ពួកគាត់យ​ក​ទៅឲ្យ​សមត្ថកិច្ច​ចាត់​ការ ឬ​ក៏​បញ្ជូន​ទៅ​តុលាការ វា​ជា​ការ​គំរាម​កំហែង​មួយ បំបាក់​ស្មារតីពួកគាត់​ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​បញ្ហសង្គម​ យើ​ង​ឃើញ​ថា​ នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ព្រោះ​គាត់​នឹង​មិន​មែន​ទៅប៉ុនប៉ង​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កន្លែង​ក្រុម​ហ៊ុន​ឯណា​ គាត់​គ្រាន់​តែ​ទៅ ដើម្បី​មើល​ទី​តាំង​ថា​ នៅ​កន្លែង​ហ្នឹង ​ឬ​ក៏មាន​ការ​ដឹក​ជញ្ជូន​ការ​ផ្ទេរ​ខ្សាច់​ដែរ​ ឬ​អត់​អញ្ចឹង​»​។

​កាលពីខែ​កក្ក​ដាឆ្នាំ​២០១៦ ក្នុង​ទិវា​មច្ចា​ជាតិ ​លោកនាយក​រដ្ឋ​មន្ត្រី ​​ហ៊ុន សែន បាន​ប្រកាស​ឲ្យ​អាជ្ញា​ធរ​រដ្ឋ​បង្កើន​កិច្ច​សហការ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល ប្រជា​សហគមន៍ និង​ដៃ​គូ​អភិវឌ្ឍន៍ទាំង​អស់​ក្នុងកិច្ច​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​កម្ពុជា​ ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​ឲ្យ​អជ្ញាធរ​កែ​ប្រែ​ឥរិយាបថ​របស់​ខ្លួន។

លោក​ថា៖ «អំពាវនាវទាំងផ្នែករដ្ឋ ទាំងអង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ក៏​ដូចជា​ដៃគូ​អភិវឌ្ឍន៍ ចូលក្នុងការធ្វើការអភិរក្សធនធានធម្មជាតិរបស់យើង។ មុននេះ វាហាក់បីដូចជា​នៅ​ម្ខាង​​ម្នាក់រវាងសង្គមស៊ីវិល ឬក៏សកម្មជនការពារព្រៃឈើ និងម្ខាងទៀត ខាងផ្នែករដ្ឋ​ ដែលមើល​មុខគ្នា​មិន​ត្រង់​ទៅវិញ។ គោលដៅដូចគ្នា ប៉ុន្តែបែរជានៅម្ខាងម្នាក់ នេះជាកំហុសមួយដែលយើងត្រូវកែប្រែ ហើយអ្នកដែលត្រូវកែប្រែឥរិយាបទ គឺផ្តើមចេញពីរដ្ឋាភិបាលតែម្តង»។

សមាជិកនៃអង្គការមាតា​ធម្មជាតិ កញ្ញា លឹម គឹម​សួរ សោក​ស្តាយ ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញា​ធរខេត្ត​នេះ ដោយ​ថាចំណាត់​ការ​របស់​អាជ្ញា​ធរ​ប្រព្រឹត្តិ​ខុស​ពី​សម្តី​របស់​ខ្លួន។

កញ្ញា ​គឹម សួរ៖ «រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និង​ថាម​ពល​ ក្រសួង​បរិស្ថាន ​គាត់​តែង​និយាយ​ហើយ​​និយាយ​ទៀត ថាគាត់ស្នើ​សុំដល់​ប្រជា​ពលរ​ដ្ឋ​ ក៏​ដូច​ជា​សង្គម​ស៊ី​វិល​ចូល​រួម​ក្នុង​ការ​ការ​ពារ​ធន​ធាន​​ធម្មជាតិ​ទាំង​អស់​គ្នា…ដល់​ពេល​ពួក​យើង​ធ្វើ ​ចូល​រួម​ ពួកគាត់​បែ​រ​ជា​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពួកយើង ក៏​ដូច​ជា​ការ​ចូលទៅ​ក្នុង​ការដ្ឋាន​របស់​ក្រុម​ហ៊ុន ដូច​ជា​ការ​ថត​ដោយ​គ្មាន​ការអនុញត្តិ សូម្បី​តែ​យើង​ទៅ​ថត​នៅ​កណ្តាល​សមុទ្រសោះ​ហ្នឹង ​ក៏​គាត់​ថា កន្លែង​ហ្នឹង​ជា​របស់​​ឯក​ជនដែរ»។​

​ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​នេះ ​បាន​ចេញ​វីដេអូ​​ថ្មី​មួយ​ទៀត​របស់​ខ្លួន ​ដែល​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​ឲ្យ​បាត់​ចំណូល​រាប់​សិប​លាន​ដុល្លា​រ​បន្ថែម​ទៀត​ ទៅ​លើការ​បូម​ខ្សាច់​លក់​ទៅ​កាន់​ប្រទេស​តៃ​វ៉ាន់ ខណៈដែល​លុយ​បាត់​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សឹង្ហ​បុរី​ មិន​ទាន់​បាន​ស្ងប់​ស្ងាត់​នៅ​ឡើយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required