អ្នកវិភាគ៖ គន្លឹះធំពីរ ជំរុញឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

អ្នកវិភាគបញ្ហាសង្គម លើកឡើងថា មានគន្លឹះធំពីរ ដែលអាចជំរុញឲ្យរដ្ឋាភិបាល ឲ្យបង្ខំចិត្តរៀបចំ​កា​របោះ​​​​ឆ្នោតខាងមុខ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈកម្តៅនយោបា​យកំពុងហក់ឡើ​ងខ្ពស់​មុនកា​របោះឆ្នោតមកដល់។

បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​អាណត្តិទី៦ ​នឹងត្រូវធ្វើឡើ​ងនៅថ្ងៃទី​២៩​ខែក​ក្ដ​​ដា​​ឆ្នាំ២០១៨។

ប៉ុន្តែស្ថានការណ៍នយោបាយ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហគមន៍អន្តរជាតិ នៃប្រ​ទេសដែលប្រកា​ន់ល​ទ្ធិប្រជាធិបតេយ្យ មានទាំងសហរដ្ឋអាមេរិកផង ហាក់បានប្រតិកម្មទៅនឹងរដ្ឋាភិបាល ពីវិធានការបិ​ទ​ប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ កាសែតមិនគាំទ្ររដ្ឋាភិបាល និងចំណាត់ការចាប់ខ្លួ​នមេដឹកនាំប​ក្សប្រឆាំងលោ​ក កឹម សុខា។

កាលពីថ្ងៃទី១២ខែកញ្ញា ឯកអគ្គរដ្ឋទូតអាមេរិកប្រឆាំងកម្ពុជាបានប្រតិកម្មថា ខ្លួនមិនបាននៅ​ពីក្រោយបក្សប្រឆាំង​ ដើម្បីរៀ​ប​ផែ​​​នការ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូចការចោទប្រកាន់នោះទេ និងជំរុញឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុ​ខា ជាបន្ទាន់ ដោយហៅចំណាត់ការចាប់ខ្លួននោះ ថា​ជា​ការគំរាមផ្នែកនយោបាយ។

ជាងនេះទៅទៀត នៅថ្ងៃទី១៣កញ្ញាម្សិលមិញនេះ ស្ថានទូតអាមេរិក ក៏បានប្រកាសថា ខ្លួននឹងឈប់ផ្តល់ទិដ្ឋការ ​ឲ្យមន្ត្រី​នៅក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អ​គ្គនាយក រហូតដល់រដ្ឋមន្ត្រីកំពូល រួមទាំងក្រុមគ្រួសារ បាន​​ស្នាក់​នៅប្រទេ​សរបស់ខ្លួនទៀតផង។

ក៏ប៉ុន្តែគិតត្រឹមថ្ងៃទី១៤ខែកញ្ញានេះ ស្ថានការនយោបាយ ហាក់នៅមិនទាន់វិលទៅរកស្ថានភាពដើមវិញ ដូច​អ្វីដែ​លសហគមន៍អន្តរជាតិ បានជំរុញនោះទេ។

អ្ន​កវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ច្រកចេញតែមួយគត់ នៃដំណោះ​ស្រាយ​​ន​យោ​បា​យនៅពេលនេះ គឺកម្ពុជា ត្រូវដើរលើគន្លងប្រជាធិបតេយ្យ ដូចមា​នចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រ​មព្រៀ​​​ងស​ន្តិភាពទីក្រុងប៉ារីស។

លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ដើម្បីជំរុញឲ្យរដ្ឋាភិបាលដើរលើគន្លងប្រជាធិបតេយ្យ ទៅកា​ន់កា​​របោះ​ឆ្នោត ដោយសេរី និងមានតម្លាភាពនោះ គេត្រូវការយន្តការពីរ គឺយន្តការក្នុងប្រទេស និងយ​ន្តការអ​​ន្តរជាតិ។

លោក ឡៅ ម៉ុងហៃ វិភាគថា យន្តការក្នុងប្រទេស គឺព្រះមហាក្សត្រ ​លោ​​កថា ព្រះអង្គមានតួនាទីសំខាន់ រំឭកអ្នកនយោបាយខ្មែរ ឲ្យគោរពរដ្ឋធម្មនុញ្ញ និងយន្តការទី២ គឺប្រទេសជា​ហត្ថ​លេ​ខា​នៃកិច្ចព្រមព្រៀ​​ង​ស​ន្តិ​ភាព​ទីក្រុ​ងប៉ារីស ​ជាអ្ន​កជំរុញករណីនេះ។

លោក ឡៅ ម៉ុងហៃ ដាក់ការព្រួយបារម្ភដែរថា បើយន្តការទាំងពីរនេះ មិនដើរទេ លោកថា កម្ពុ​ជាអា​ចនឹងវិ​ល​ទៅ​​រកបបផ្តាច់ការ កាប់សម្លាប់គ្នា តាមការនឹកឃើញរបស់មេដឹកនាំ ដូចសម័យខ្មែរក្រហមដែរ។

លោកថា៖ «ឧបមាថា មេដឹកនាំហ្នឹងទៅផ្តាច់ការទៅ ហើយចុះ នៅក្នុងជួរបក្សហ្នឹង ក្នុងក្រុមខ្លួនទៅផ្តាច់ការដែរ ដូច្នេះ វាអាចរងគ្រោះដែរ គឺការសម្រេចអី ទៅវាអត្តនោម័តអត់យកច្បាប់អត់យករដ្ឋធម្មនុញ្ញជាមូលដ្ឋាន អត់យកសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចនេះ វាទៅផ្តាច់ការទៅ។ វាមានហើយ ដូចប៉ុលពតអញ្ចឹង វាអត់ច្បាប់ មិនថា តែប្រជាពលរដ្ឋ អ្នកក្រុង ដែលគេជម្លៀសទៅ ខ្លាំងសត្រូវ ជាមន្ត្រីយោធា ខាងរបប លន់ នល់ ទេ ហើយនិងក្នុងជួរខ្លួនឯងផងដែរ»។

លោក ឡៅ ម៉ុងហៃ រំឭកបែបនេះថា៖ «យកល្អវិលមករកប្រក្រតីឡើងវិញ ដូចដែលមា​នចែង ក្នុង​កិច្ចព្រ​មព្រៀ​ងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គឺមានការគោរព​អនុវត្តលទ្ធិប្រជាធិ​បតេយ្យ កា​រគោរពសិទ្ធិមនុស្ស និងការគោរពអនុវត្តនីតិរដ្ឋ»។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថា កម្តៅនយោបាយនៅពេលនេះ ហាក់ពិ​បាក​នឹ​ងនិយាយថា ច្រកចេញតាមផ្លូវណាមួយពិតប្រាកដ នៅពេលដែលរដ្ឋាភិបាលកម្ពុជា ព្យា​យាម​ពន្យ​ល់​​ថា ការចាប់ខ្លួន លោក កឹម សុខា និងចំណាច់ការមួយចំនួនថា ជាវិធានការច្បាប់ ខណៈ​សហ​គម​ន៍​​អន្តរ​ជា​តិ​គ្មានជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជានោះ។

ប៉ុន្តែអ្នកវិភាគរូបនោះថា ស្ថានការណ៍នយោបាយនៅពេលនេះ មានតែសហគមន៍អន្តរជាតិទេ ទើបអាចជំ​រុញ​​ឲ្យរដ្ឋាភិបាលងា​ក​ទៅ​បើ​​កលំហូប្រជា​ធិបតេយ្យឡើងវិញបាន។

លោកថា៖ «ភាគីរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិហ្នឹង អង្គុយតុជាមួយគ្នា ចរចាគ្នានូវអ្វី ដែល​យល់មិ​នដូច​គ្នា​។ អញ្ចឹងមធ្យោបាយតែមួយ តាមការចរចាហ្នឹង គឺវាប្រសើជាងអ្វីទាំងអស់ ហើយបើ​សិនជាគ្រា​ន់តែសម្តែងមតិប្រតិកម្មចុះប្រតិកម្មឡើងវា អត់មានស្អីចេញរួចទេ ច្រកនយោ​បាយកម្ពុ​ជា​នៅតែតានតឹង ហើយអ្វីដែលអូសបន្លាយកាន់តែយូរ រឿងរាវកើតឡើ​ងកាន់តែច្រើនកម្ពុជា ជាអ្នកខាតបង់ មិនមែ​នស​ហគ​មន៍អន្តរជាតិទេ»។

អ្នកនយោបាយជើងចាស់ លោក លី ឡាយស្រេង លើកឡើងថា សម្ពាធពីអន្តរជាតិពិតជាគន្លឹះមួយ ជំរុញ​យ​​ន្ត​កា​រប្រ​ជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែលោកថា អ្វីដែលសំខាន់ជាងនេះ អ្នកនយោបាយ​ខ្មែរត្រូ​វពង្រឹ​​ង​ផ្ទៃក្នុ​ងជាតិ​​​​​​ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨ ដោយតម្កល់ប្រយោជន៍ជាតិជាធំ ។

លោកថា៖ «ធម៌ក្តៅសព្វថ្ងៃហ្នឹង អត់មានអីចំណេញទេ។ អ្នកដែលគេ ជិះជាន់ ក៏មិនសប្បាយចិត្ត អ្នកដែលជិះ​ជាន់ គេក៏​អត់សប្បាយចិត្តប៉ុន្មានដែរ។ ដូច្នេះ ត្រូវធ្វើឲ្យសប្បាយចិត្តទាំងអស់គ្នា ត្រូវតែនិយាយគ្នា បើអត់​និយាយ​គ្នាទេខ្មែរ ឈឺខ្លួនទាំងអស់គ្នាហ្នឹង។ អាអ្នក ដែលគេធ្វើបាបនោះ វាឈឺខ្លួនហើយ ហើយអាអ្នកធ្វើ​បាប​គេហ្នឹ​​​​ង វាឈឺខ្លួនដូចគ្នា ខ្ញុំបានប្រាប់អាហ្នឹងជាសមិនរួចទេ»។

សរុបជារួមអ្នកវិភាគថា ដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៨ ប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះ​ណា​​តែមានការជំរុញសហគមន៍អន្តរជាតិ ពិសេសប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ការជំ​រុញ​ពីក្នុ​ងប្រទេសតាមរយៈតួអង្គព្រះមហាក្សត្រ និងម្ចាស់ឆ្នោតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ