ប្រវត្តិជីវិតរបស់គ្រួសារនិងរាជ្យកិច្ចរបស់ស្តេចថៃ Bhumibol Adulyadej

 

ព្រះមហាក្សត្រBhumibol Adulyadej ជាក្សត្រដែលប្រជាពលរដ្ឋថៃចាត់ទុកជា ឪពុក ឬ ជាព្រះអាទិទេព ហើយក៏ជាក្សត្រដែលគ្រងរាជ្យសម្បត្តិបានយូរ បំផុត និង មានទ្រព្យធនបំផុត ប្រៀបធៀបជាមួយស្តេចផ្សេងៗទៀតនៅលើពិភពលោក។

តាមឯកសារផ្លូវការជាច្រើនបង្ហាញថា  ព្រះអង្គប្រសូត្រថ្ងៃទី៥ខែធ្នូឆ្នាំ១៩២៧ នៅក្នុងក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ព្រះបិតាព្រះអង្គព្រះនាម Mahidol Adulyadej និងព្រះមាតា ព្រះនាម Srinagarindra។

ព្រះបិតារបស់ស្តេច Bhumibol បានចូលទិវង្គតនៅឆ្នាំ១៩២៩ គឺក្រោយពេលព្រះអង្គប្រសូត្របានពីរឆ្នាំ។ ស្តេចBhumibol ជាកូនពៅក្នុងគ្រួសារ ហើយក្រោយមកមាតារបស់ព្រះអង្គនាំទៅប្រទេសស្វីស ដើម្បីឲ្យព្រះអង្គបន្តការសិក្សា។

ស្តេចBhumibol បានឡើងសោយរាជ្យ នៅថ្ងៃទី៩ខែមិថុនាឆ្នាំ១៩៤៦ ក្រោយពេលបងប្រុសរបស់ព្រះអង្គគឺ ព្រះអង្គម្ចាស់ Ananda Mahidol  ចូលទិវង្គត។

ការចូលទិវង្គតរបស់ព្រះអង្គម្ចាស់ Ananda Mahidol  ដោយការបាញ់ប្រហារក្នុងវាំងនោះ ត្រូវបានគេប្រកាសថា ព្រះអង្គធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ ប៉ុន្តែឯកសារខ្លះទៀតចុះផ្សាយថា ព្រះអង្គម្ចាស់ Ananda Mahidol  គឺត្រូវស្តេច Bhumibolជាអ្នកបាញ់សម្លាប់។ អ្នកស្រាវជ្រាវជនជាតិ អង់គ្លេសម្នាក់រកឃើញថា នៅពេលបាញ់ប្រហារនោះ គឺមានតែស្តេចBhumibol និង ស្តេច Ananda Mahidol  ពីរអង្គគត់នៅក្នុងបន្ទប់ជាមួយគ្នាប្រមាណ២០នាទីក្រោយមកក៏មានសំឡេងបាញ់កាំភ្លើងហើយស្តេច Ananda Mahidol ចូលទិវង្គត ។ ទោះយ៉ាងណា គេមិនបញ្ជាក់ថា ការបាញ់ប្រហារនោះជាចេតនា ឬ អចេតនានោះទេ ព្រោះស្តេចទាំងពីរអង្គនេះ លេងកាំភ្លើងជាមួយគ្នា។

ក្រោយការឡើងគ្រងរាជ្យស្តេច Bhumibol ទៅបន្តការសិក្សារនៅប្រទេសស្វីសផ្នែកច្បាប់ និង នយោបាយ។ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៥០។

ស្តេច Bhumibol មានបុត្រ៤អង្គគឺទី១ Ubolratana Rajakanya ភេទស្រី កើតឆ្នាំ១៩៥១ ទី២  Maha Vajiralongkorn ភេទ ប្រុស កើតឆ្នាំ១៩៥២ ទី៣ Maha Chakri Sirindhon ភេទស្រី  កើតឆ្នាំ១៩៥៥ និង ទី៤ Chulbaho Walailak ភេទស្រី កើតឆ្នាំ១៩៥៧។

ក្នុងរាជ្យកិច្ចស្តេច Bhumibol គ្រងរាជ្យ៧០ឆ្នាំយូរជាងបំផុតលើពិភពលោកគឺរយៈពេល៧០ឆ្នាំចាប់ពីឆ្នាំ១៩៤៦ដល់២០១៦។

ក្នុងពេលគ្រងរាជ្យរបស់ព្រះអង្គគឺមាននាយករដ្ឋមន្ត្រីចំនួន៣០រូបគឺចាប់ផ្តើមដោយនាយករដ្ឋមន្ត្រីឈ្មោះ Pridi Banomyong  និងបញ្ចប់ដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Prayut Chan-o-cha។  ស្ថិតក្នុងពេលដែលព្រះអង្គគ្រងរាជ្យនេះ ជួបហេតុការណ៍រដ្ឋប្រហារដូរដ្ឋាភិបាលចំនួន១៧ដង លើកទី១ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ១៩៤៧ ទម្លាក់នាយករដ្ឋមន្ត្រី  Thawal Thamrong Navaswadhi  និង រដ្ឋប្រហារចុងក្រោយក្នុងរាជ្យព្រះអង្គនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ ទម្លាក់នាយករដ្ឋមន្ត្រី yingluck shinawatra។

គិតត្រឹមខែឧសភា ឆ្នាំ២០១៤ ស្តេច Bhumibol មានទ្រព្យសម្បត្តិតម្លៃ៣០ពាន់លានដុល្លារអាមេរិក ជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ប្រៀបធៀបជាមួយក្សត្រផ្សេងៗទៀត។ នេះបើតាមទស្សនាវដ្តីឈ្មោះក្សត្រដែលមានបំផុតនៅលើពិភពលោក។

ព្រះអង្គជាក្សត្រដែលពលរដ្ឋថៃ ចាត់ទុកជា ឪពុក ឬ ជា ព្រះនោះដោយសារព្រះអង្គជួយច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថៃ។ ស្តេចBhumibol មានក្រុមការងារជួយដោះស្រាយទុក្ខលំបាកពលរដ្ឋថៃចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ភូមិឃុំគឺពេលមានបញ្ហាក្រុមការងារក្សត្រចេញមុខជួយដូចជា បញ្ហសុខភាព បញ្ហាជីវភាព បញ្ហាកសិកម្មជាដើម។ សកម្មភាពរបស់ក្សត្រនេះ រហូតដល់អ្នកស្រាវជ្រាវខ្លះ ហៅថា នៅថៃមានរដ្ឋាភិបាលពីរ គឺរដ្ឋាភិបាលស៊ីវិល និង ក្សត្រ។

ព្រះអង្គត្រូវបានគេចាត់ទុកជាក្សត្រដែលមានការឆ្លាតវៃក្នុងបង្រួបបង្រួមជាតិ និង ការពារជាតិគឺនៅថៃមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសណាទេ ហើយក៏មិនរងផលប៉ះពាល់ពីឥទ្ធិពលនៃសង្គ្រាមត្រជាក់ដែរ។

ការផ្សះផ្សារជាតិព្រះអង្គមានឥទ្ធិពលលើភាគីជម្លោះនយោបាយ។រឿងដែលសំខាន់ រាល់បញ្ហាកើតឡើង ភូមិវិបុលតែងក្លាយជាមនុស្សដ៏មានឥទ្ធិពលបំផុតក្នុងការសម្របសម្រួលនយោបាយ។ ជាក់ស្តែងនៅឆ្នាំ១៩៩២ នៅពេលមានការប៉ះទង្គិចបង្ហូរឈាមគ្នារវាងកងទ័ព និងក្រុមអ្នកតវ៉ា ភូមិវិបុលបានត្រាស់បញ្ជាគូបដិបក្សចូលវាំង។ ពេលចូលវាំង គូបដិបក្សទាំងនេះត្រូវដើរជើងទា និងមិនឱ្យងើយមុខ។ សម្តីរបស់ភូមិវិបុលដែលនិយាយខ្លាំងៗទៅកាន់ពួកអ្នកនយោបាយទាំងនោះគឺ យើងកំពុងតែច្បាំងគ្នានៅក្នុងផ្ទះខ្លួនឯង។ វាគ្មានប្រយោជន៍សោះ ដែលយើងត្រូវសោយរាជ្យនៅលើបល្ល័ង្គដែលបាក់បែងនោះ។ នេះបើតាមអ្នកស្រាវនយោបាយនៅសកលវិទ្យាល័យខេមៈ នៅកម្ពុជា លោក សាមិន្ទ ចម្រើនជ័យ។

ក្រោយពេលចូលទិវង្គតរបស់ស្តេច Bhumibol អ្នកស្រាវជ្រាវនានា លើកឡើងថា នៅក្នុងសង្គមកាន់តែមានវិបត្តិថែមទៀត ខណៈបច្ចុប្បន្នរដ្ឋាភិបាលថៃកំពុងតែស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធា។

អ្នកស្រាវជ្រាវពីភូមិសាស្ត្រនយោបាយជនជាតិកម្ពុជា លោក យង់ ពៅ លើកឡើងថា ការឲ្យកូនស្តេចព្រះអង្គម្ចាស់ Maha Vajiralongkorn ឲ្យស្នងរាជ្យនោះមិនមានការគាំទ្រច្រើនពីពលរដ្ឋថៃនោះ ទេ ព្រោះស្តេចអង្គនេះ បានបង្ហាញឥរិយាបថមិនល្អជាច្រើននៅក្នុងសង្គមថៃ។

 

 

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ