សមាជិកសភាអឺរ៉ុបថាការគាបសង្កត់ CNRP ធ្វើឲ្យខូចទំនាក់ទំនងអឺរ៉ុបនិងកម្ពុជា

សមាជិកសភាអឺរ៉ុបសម្តែងការព្រួយបារម្ភថាសកម្មភាពដែលរដ្ឋាភិបាលកំពុងតែធ្វើការគាបសង្កត់លើគណបក្សសង្គ្រោះជាតិ​នឹង​អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហភាព​អឺរ៉ុប។

ក្រុមសមាជិកក្រៅផ្លូវការនៃក្រុម​គាំទ្រប្រជាធិបតេយ្យនៅកម្ពុជារបស់​សភាអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍​ មួយចុះថ្ងៃទី ១៣ ខែតុលាម្សិលមិញ ស្ដីពីសកម្មភាពគាបសង្កត់ថ្មីៗទៅលើបក្សប្រឆាំងថា ជាការ​ព្រួយ​បារម្ភ និង​ប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប។

ក្នុងសេចក្ដីថ្លែងការណ៍ដដែលបន្តថាសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ ជិកមកដល់ ហើយប្រធាន​គណ​បក្ស​​​ប្រឆាំង​លោក កឹ​ម​ សុខា នៅបន្តរងការឃុំខ្លួន នោះពួកគេជឿថាការ​គាប់សង្កត់​ថ្មីៗនេះ​បានបង្កគ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ដល់ប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិនយោបាយសម្រាប់ពលរដ្ឋនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាពួកគេសម្ដែងការព្រួយបារម្ភជាថ្មី និង ជំរុញឲ្យរដ្ឋាភិបាលអនុវត្ត​តាមបែប​ប្រជា​ធិប​តេយ្យឲ្យបាន​ឆាប់​រហ័ស តាមអនុសាសន៍​របស់ឧត្តមស្នងការការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និង បញ្ឈប់ការប៉ុនប៉ង រំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង​នយោ​បាយ​​ដោយត្រឹមត្រូវនិង​យុត្តិធម៌តាមរយៈការបោះឆ្នោតថ្នាក់ជាតិខាងមុខ។

ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលលើកឡើងថាគណបក្សប្រឆាំងខ្លួនឯង ជាអ្នកប្រព្រឹត្តល្មើសដែលប្រឈមមុខនឹង​ច្បាប់ ទើបធ្លាក់ដល់ដំណាក់កាលនេះ។

សហ​គ​ម​ន៍​​​​​អន្តរជាតិដែលរួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ស​ហភាព​​អឺរុប បារាំង អាល្លឺម៉ង់ សហ​រដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាន​ហៅ​​ការចាប់​ខ្លួនលោក កឹម សុខា ​ថា ជា​​ការ​គំរាមកំហែង​ផ្នែកន​យោ​​បា​​​យ និងទទូចឲ្យដោះ​លែង​ លោក កឹម សុខា ជា​បន្ទាន់​ ដោយថា ដើម្បីធានាដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​ត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ