ក្រសួងថាកម្ពុជានឹងមាន​ជំនន់ទឹកភ្លៀងច្រើនកន្លែងពីថ្ងៃទី១៥ដល់១៩តុលា

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:37 AM | បរិស្ថាន | 0 | 3511 ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងធនធានទឹកនិង​ឧតុនិយមថា កម្ពុជាអាចនឹងមានជំនន់ទឹកភ្លៀងច្រើនកន្លែងក្នុងតំបន់ទំនាបកណ្ដាល និង​ខ្ពង់រាប ដោយសាររងឥទ្ធិពលសម្ពាធទាបនៃព្យុះឈ្មោះ «ខាណុន» គ្រប់ដណ្តប់លើប្រទេសចាប់ពីថ្ងៃទី១៥ដល់ ថ្ងៃទី១៩ខែតុលា។​

ក្រសួងធនធានទឹកបានចេញសេចក្ដីជូនដំណឹងចុះថ្ងៃទី១៣ ខែតុលា ស្ដីពីស្ថានភាពនិងឥទ្ធិពលរបស់ព្យុះទី២០ ឈ្មោះថា ខាណុន ដោយថាព្យុះនេះវិវត្តន៍ពីសម្ពាធទាបដែលបានកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកនិងកំពុង​ស្ថិត​នៅលើភាគខាងជើងនៃប្រទេសហ្វីលីពិន។

ក្រសួងបន្តថានៅពេលព្យុះខាណុនចូលដល់សមុទ្រចុនខាងត្បូងនឹងបង្កើតឥទ្ធិពលទៅជាព្យុះទីហ្វុង រួចបន្តដំណើ​ទៅទិសខាងលិចក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងម៉ោង រួចឆ្លងកាត់កោះហៃណាំ និងរំកិលចូលទៅឈូងសមុទ្រកឹង​ប្រទេសវៀតណាម ហើយបន្តដំណើរដល់ឆ្នេរប្រទេសវៀតណាមភាគកណ្ដាល ដែលធ្វើឲ្យកម្ពុជាទទួល​ឥទ្ធិពល​សម្ពាធ​ទាបពីព្យុះនេះ។

ក្រសួងបន្ថែមថាចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលានេះតំបន់ទំនាបកណ្ដាល និង តំបន់ខ្ពង់រាប មានភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ អាចនឹងមាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិត​ពីបង្គួរទៅច្រើន និង​ ពីមធ្យមទៅបង្គួរ ដែលបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែង។

ក្រសួងក៏លើកឡើងដែរថាសម្រាប់តំបន់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែតុលាខាងមុខ ដែលធ្វើឲ្យផ្ទៃសមុទ្រអាប់អួរ អាចនឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំងជាមួយនឹងរលក​សមុទ្រខ្ពស់ៗ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required