ដួង សុខគា និង​​ លោក​​តា ​វ៉ិច​ទ័រ ទម្លាយ​រឿង​ជម្លោះ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 9:21 AM | កំសាន្ដ | 0 | 108892 ដួង សុខគា និង​​ លោក​​តា ​វ៉ិច​ទ័រ (ហ្វេសប៊ុក)

មានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីពិធីករនិងជាតារាកំប្លែង លោក ដួង សុខគា ប្រកាសជាសាធារណៈនៅលើហ្វេសប៊ុកថា លោកសម្រេចចិត្តដើរចេញពីកម្មវិធី «ផ្ទះលោកតា» និង «សំណើចតាមភូមិ» ដោយមិនត្រលប់ក្រោយ។ លោកតា វ៉ិចទ័រ ដែលជាអ្នកផលិតកម្មវិធីនេះ បានហៅប្រតិកម្មរបស់ សុខគា ថាជាការហែកទ្រូងអោយគេមើលងាយនិងថាលោកមិនធ្វើការតតាំងជាមួយពិធីកររូបនេះនោះទេ ដោយលោកក៏នឹងគោរពការសម្រេចចិត្តរបស់លោក សុខគា នោះដែរ។

លោក ដួង សុគា បានថ្លែងប្រាប់ថាហេតុផលដែលលោកសម្រេចចិត្តដើរចេញពីកម្មវិធីទាំង២ខាងលើរបស់លោក សុវណ្ណរិទ្ធី ហៅ លោកតា វ៉ិចទ័រ គឺដោយសារតែលោកយល់ថា ខ្លួនលែងមានតម្លៃនិងអស់សមត្ថភាពសម្រាប់កម្មវិធីទាំង២។ លោកថាខ្លួនសុខចិត្តបោះបង់ការងារក្នុងកម្មវិធីទាំងពីរ ដើម្បីទុកអោយផលិតករ គឺលោកតា វ៉ិចទ័រ ជ្រើសយកអ្នកល្អអោយកាន់កម្មវិធីជំនួសខ្លួន។

លោកថាបានបង្ហើបថា លោកមិនចូលចិត្តការងារមានភាពច្របូកច្របល់និងមិនអោយតម្លៃចំពោះលោកនោះទេ។ លោកបានឧទាហរណ៍ថា ពូថៅត្រូវយកទៅពុះអុស ដោយមិនយកពូថៅទៅអារឈើផងនិងកាប់ដីផងនោះទេ។

លោកបដិសេធបញ្ជាក់លម្អិតពីបញ្ហាជម្លោះដែលបានកើតឡើង ដោយលោកបញ្ជាក់ដដែលជាដដែលថា បើអ្នកណាមានតម្លៃជាងលោក គឺអោយបុគ្គលទាំងនោះទទួលការងារជំនួសលោកទៅ គឺលោកមិនបន្តការងារជាមួយទៀតនាំអោយមានសម្ពាធផ្លូវការនោះទេ។ លោកថាកម្មវិធី «ផ្ទះលោកតា» និងកម្មវិធី «សំណើចតាមភូមិ» លោកនឹងឈប់ទទួលកាន់ជាពិធីករទៀតហើយ បើទោះជាកម្មវិធីទាំងពីរធ្វើអោយលោកលេចធ្លោរក៏ដោយ។

លោកអះអាងថា មិនមានហេតុផលដែលលោកប្រកាសដើរចេញហើយត្រលប់ចូលវិញ បើទោះជាភាគីខាងកម្មវិធីគឺលោកតា វ៉ិចទ័រ សម្របសម្រួលអោយលោកទៅកាន់កម្មវិធីនោះ។

លោកទទួលស្គាល់ថាមិនមែនជាលើកទី១នោះទេ ដែលលោកប្រកាសខ្លួនដើរចេញពីកម្មវិធីរបស់លោកតា វ៉ិចទ័រ ដោយសារតែហេតុផល គឺលោកមិនសប្បាយចិត្តចំពោះការមិនផ្ដល់តម្លៃអោយលោកនោះតែម្ដង។

លោកនិយាយថា៖ «ពួកខ្ញុំអត់មានឈ្លោះគ្នាអីទេ តែធម្មតា បើយើងលែងមានតម្លៃអោយគេហើយ(លោកតាវ៉ិចទ័រ)ទៅហើយ យើងដើរចេញទៅ ទុកអោយអ្នកណាល្អជាងយើងគេធ្វើទៅ!»។

លោកសុំសិទ្ធិមិនបញ្ជាក់ឈ្មោះបុគ្គលម្នាក់ដែលលោកវាយបានប្រហារនៅលើហ្វេសប៊ុកថាជាអ្នកណានោះទេ ខណៈដែលសារដែលលោកបានបង្ហោះត្រូវគេប៉ាន់ស្មានថាជាលោក ពែកមី ឬលោកតា វ៉ិចទ័រ ដែលជាអ្នករៀបចំកម្មវិធី។ លោកបានបង្ហើបថា មានគេមើលស្រាលលោក ទើបលោកមិនអាចទទួលយក ជាពិសេសគឺការលេចលើស្មើក្រោម ដែលលោកបញ្ជាក់ថា មានតែការដើរចេញពីកម្មវិធីរបស់លោកតា វ៉ិចទ័រ គឺជាដំណោះស្រាយមួយយ៉ាងល្អ។

លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានអះអាងថាលោកមិនបានដឹងថាលោក ដួង សុខគា ឆេះដុំនឹងបុគ្គលណាមួយក្នុងចំណោមកូនចៅរបស់លោកដែលបានធ្វើកម្មវិធី «ផ្ទះលោកតា» និងកម្មវិធី «សំណើចតាមភូមិ»នោះទេ។ លោកថានាយពែកមី នាយក្រូច និងជានាយគ្រឿន សុទ្ធតែក្មេងល្អ ដោយលោកមិនដឹងថាតើលោក ដួង សុខគា អន់ចិត្តរឿងអ្វី។ លោកថាហេតុផលនៃបញ្ហា គឺអាចមកពីលោក ដួង សុខគា ទំនងជាបានឮពាក្យនាំសាររបស់បុគ្គលណាម្នាក់ថាកូនចៅរបស់លោកនិយាយមិនល្អពីខ្លួន ទើបបណ្ដាលអោយមានការយល់ច្រលំហើយឈានដល់ច្រលោតខឹង ហើយបង្ហោះសារនៅហ្វេសប៊ុក។

យ៉ាងណាមិញលោកថាលោក ដួង សុខគា មិនគួរសម្រេចចិត្តធ្វើអោយមានការភ្ញាក់ផ្អើលតាមទំព័រហ្វេសប៊ុកទាល់តែសោះ ដោយសារតែការដោះស្រាយរវាងគ្នានិងគ្នានៅមិនទាន់ធ្វើ។

លោកនិយាយថា៖ «មកដល់ពេលហ្នឹង ខ្ញុំអត់ទាន់ដឹងថា សុខគា ខឹងខ្ញុំឬខឹងអ្នកណាទេ តែបើគាត់សំដៅ ពែកមី គឺអត់ត្រូវម្មង ដោយសារតែពីរនាក់នឹងអត់ដែលជួបគ្នាសោះប្រហែលជាងមួយខែហ្នឹង! ខ្ញុំនៅតែហួសចិត្តដែលគាត់ទៅបង្ហោះចឹងៗ គាត់គួរតែសួរខ្ញុំសិន!»។

លោកថាមុនការបង្ហោះសារគួរអោយភ្ញាក់ផ្អើលរបស់លោក សុខគា គឺលោក សុខគា បានខលមកប្រាប់លោកថា ខ្លួនជាប់ភារៈនៅខាងក្រៅមិនអាចទៅថតកម្មវិធីបាននិងថាអោយលោកជួយរកអ្នកផ្សេងជំនួស។ លោកបន្តថា ដោយសារតែហេតុផលមិនបានមកនោះហើយ ទើបលោកសម្រេចចិត្តដាក់លោក ពែកមី អោយធ្វើពិធីករជំនួសហើយក្រោយពីបានដឹងថាលោកអោយ ពែកមី មកកាន់កម្មវិធី ក៏ផុសសំណេរនៅលើហ្វេសប៊ុកតែម្ដង។

លោកនិយាយថា៖ «លូវនឹងខ្ញុំអត់ហ៊ានសួរនាំគាត់(សុខគា)ទេ តែឮគេថាគាត់អន់ចិត្តរឿងខ្ញុំដាក់ ពែកមី អោយកាន់កម្មវិធី! តែមុនដាក់ គាត់ថាអោយខ្ញុំរកអ្នកជំនួសតើ!»។

លោកថាការប្រកាសសុំឈប់មុនៗរបស់លោក សុខគា ដោយចង់ត្រលប់មកវិញឬមិនចង់ គឺស្រេចតែលោក សុខគា៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required