​ពេជ្រ អាវីហ្សា​ មិន​ហ៊ាន​ប្ដឹង​​​​​​​ប្អូន​ថ្លៃ​​ឧកញ៉ា ​​​ទ្រី ភាព ​​ក្រោយរង​ហិង្សាធ្ងន់ធ្ងរ

ពេជ្រ អាវីហ្សា និងអតីតសង្សារលោក គៀង ហេង (ហ្វេសប៊ុក)

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានជុំវិញការប្រើហិង្សារបស់លោក គៀង ហេង ជាអតីតសង្សារ និងជាប្អូប្រុសភរិយារបស់លោកឧកញ៉ា ទ្រី ភាព កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ត្រូវនឹងថ្ងៃបុណ្យអុំទូកយប់ទី១ ទៅលើតារាសម្ដែង ពេជ្រ អាវីហ្សា។ ទោះជាយ៉ាងណា តារាស្រីរូបនេះ បែរជាប្រកាសមិនប្ដឹងនោះទេ ដោយអះអាងថា គ្រួសារនាងក្រនិងមិនរំពឹងថា ទទួលបានយុត្តិធម៌ដូចគ្នានឹងករណីកញ្ញា សាសា អតីតពិធីការិនីនៅស៊ីធីអឹន។

ពេជ្រ អាវីហ្សា និយាយថា នាងអត់រំពឹងថាបានទទួលយុត្តិធម៌បើដាក់ពាក្យបណ្ដឹងនោះទេ ដោយផ្អែកថាកញ្ញា សាសា កាលផ្ទុះជម្លោះជាមួយឧកញ៉ា សុខ ប៊ុន គឺនាងមានឪពុកជាឧកញ៉ាជួយចេញមុខប្ដឹង។ នាងថាគ្រួសារខ្លួនក្រ ហើយបើនិយាយពីខ្នងបង្អែកក្នុងការរត់ច្បាប់ ក៏នាងមិនមាននោះដែរ ទើបនាងមិនហ៊ានដាក់ពាក្យបណ្ដឹងនិងមិនដឹងថា ត្រូវប្ដឹងដោយចេញពីចំណុចណាទៅចំណុចណា។ នាងប្រកាសសុំត្រឹមទទួលបាននូវយុត្តិធម៌និងការការពារសុវត្ថិភាពរបស់ខ្លួន ក្រោយពេលផ្ទុះរឿងប៉ុណ្ណោះ។

ស្នាមរបួសពីការប្រើហិង្សារទៅលើ កញ្ញា ពេជ្រ អាវីហ្សា (ហ្វេសប៊ុក)
ស្នាមរបួសពីការប្រើហិង្សារទៅលើ កញ្ញា ពេជ្រ អាវីហ្សា (ហ្វេសប៊ុក)

កញ្ញានិយាយថា៖ «អូនអត់ហ៊ានប្ដឹងទេបង ប្អូនក្រ អត់ដឹងថាគិតយ៉ាងម៉េចទេ តែប្អូនចង់មានសេរីភាព»។ ពេជ្រ អាវីហ្សា បន្តថា ប្រមាណមួយឆ្នាំមុន កញ្ញានិងប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព គឺជាសង្សារនឹងគ្នា ប៉ុន្តែដោយសារតែលោកប្រច័ណ្ឌពេក ហើយការរួមរស់ក៏មិនចុះសម្រុងនឹងគ្នា នាងក៏សម្រេចចិត្តសុំបែក បន្ទាប់ពីមានជម្លោះចុងក្រោយ ដែលក្នុងពេលនោះ កញ្ញាថាលោក គៀង ហេង ក៏ប្រើហឹង្សាចំពោះនាងធ្ងន់ដែរ។

កញ្ញាថាក្រោយពេលបែកគ្នា លោក គៀង ហេង រមែងតាមអុកឡុកនាង ហើយនាងក៏ត្រូវទទួលសម្ពាធពីការអុកឡុករបស់លោកផងដែរ ដោយគ្រាន់តែហឹង្សាក្នុងពេលបង្កឡើងមុនៗ មិនដល់ថ្នាក់បង្កអោយនាងមានរបួសស្នាមធ្ងន់ធ្ងរដូចពេលនេះទេ។ កញ្ញាថាលោក គៀង ហេង បានស្ទាក់មករកនាង ក្នុងពេលដែលនាងអង្គុយលេងក្នុងក្លឹបឈ្មោះស្កាយនៅខេត្តព្រះសីហនុជាមួយមិត្តភ័ក្រ្ត ក្នុងពេលនាងទៅលេងទីនោះ នៅវេលាម៉ោងជាង១២យប់ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ វិច្ឆិកា។

ក្រោយពេលកើតហេតុ នៅយប់ថ្ងៃទី១៤ វិច្ឆិកាមុននេះ កញ្ញាថាខ្លួនកាន់តែមានសភាពឈឺមុខរបួសនិងស្ថិតក្នុងការសម្រាកព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យមួយនៅខេត្តព្រះសីហនុនៅឡើយ។

កញ្ញានិយាយថា៖ «វា (ប្អូនថ្លៃឧកញ៉ា ទ្រី ភាព)ធ្វើចឹងមកលើប្អូនច្រើនដងហើយ តែប្អូនអត់ហ៊ាននិយាយ ព្រោះគ្រួសារគេមានអំណាច តែប្អូនចង់រួចផុតពីម្នាក់ហ្នឹង វាសាហាវណាស់ ប្អូនឈប់ពាក់ព័ន្ធជាមួយ១ឆ្នាំហើយ នៅតែតាមរករឿងប្អូនចឹងទៀត!»។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានស្នើអោយប្រព័ន្ធច្បាប់ស្វែងរកយុត្តិធម៌អោយ ពេជ្រ អាវីហ្សា បើទោះជានាងមិនមានគម្រោងដាក់ពាក្យបណ្ដឹងណាមួយ ព្រោះតែបញ្ហាជីវភាព។

លោកថា បើទោះជា ពេជ្រ អាវីហ្សា ស្ថិតក្នុងសភាពបែបណាក៏ដោយ ប៉ុន្តែក្នុងនាមជាជនដែលរស់នៅក្នុងច្បាប់ មិនអាចរំលោភសិទ្ធិនាង ដោយប្រើអំណាចបង្ខំនាងនិងប្រើអំពើហឹង្សាចំពោះនាងនោះឡើយ។ លោកថាទោះជាហេតុផលនៅស្រឡាញ់ឬស្រវឹង តែអំពើហិង្សាដែលបានបង្កឡើងដាច់ខាតត្រូវតែទទួលខុសត្រូវដោយច្បាប់។

លោកទទូចអោយក្រសួងសមត្ថកិច្ចជួយដោះស្រាយលើករណីអោយមានយុត្តិធម៌ ដើម្បីអោយជនរំលោភច្បាប់ បំពានច្បាប់ចេញមុខទទួលខុសត្រូវចំពោះនារីរងគ្រោះម្នាក់។

លោក គង់ សុធារិទ្ធិ តារាចម្រៀងនិងជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន ប្រចាំនៅក្រសួងវប្បធម៌បានអះអាងថា នេះជាករណីមួយដែលបុគ្គលម្នាក់បំពានច្បាប់យ៉ាងធ្ងន់ធ្ងរទៅលើតារាសិល្បៈម្នាក់និងជានារីទន់ខ្សោយម្នាក់។

លោកទទូចឲ្យតារាសិល្បៈរួបរួមកម្លាំងគ្នាលើកតម្លៃតារាសិល្បៈ និងស្នើឲ្យច្បាប់ជួយការពារដល់ ពេជ្រ អាវីហ្សា ក្រោយទទួលរងនូវអំពើហិង្សា។

មិនខុសគ្នាដែរលោក សាហ្វីន ហ្វីលីព ជាតារាសម្ដែងក៏បានសម្ដែងអារម្មណ៍ហួសចិត្តថា នេះជាទង្វើមិនអាចទទួលបានផងដែរ។ លោកថាអំពើហិង្សា មិនគួរកើតមានចំពោះសិល្បការិនីទៀតទេ នៅក្នុងបរិបទដែលពលរដ្ឋកាន់តែមានការរឹតបន្តឹងផ្លូវច្បាប់។ លោករំពឹងថាករណីនេះនឹងត្រូវដោះស្រាយដោយច្បាប់ និងសង្ឃឹមថា ពេជ្រ អាវីហ្សា ទទួលបានបនូវយុត្តិធម៌និងការការពារសុវត្ថិភាព។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរនៅលើគណីយហ្វេសប៊ុកផ្ទាល់ខ្លួនថា នេះជាទង្វើដ៏អមនុស្សធម៌មកលើនារីភេទ។ ក្នុងនោះក៏មានដំណឹងថា អ្នកនាងនឹងផ្ដល់មេធាវីជួយប្ដឹងផ្ដល់ដូចករណី កញ្ញា វ៉ានីឡា ដែលត្រូវបានអតីតសង្សារបង្ហោះរូបអាក្រាតផងដែរ។

មកទល់ពេលនេះ ភាគីលោក គៀង ហេង មិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ