ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​២​រូប

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 5:20 PM | សិទ្ធិមនុស្ស | 0 | 1279 សកម្មជនការពារបរិស្ថានម្នាក់ គឺលោក ហ៊ុយ វណ្ណៈ (FB: Mala San)

អង្គការ​សមាគមជាង ​២០​ស្ថាប័ន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​បរិស្ថានពីរ​រូប​ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះ​កុង​ឃុំ​ខ្លួន​បន្ទាប់ពី​ពួក​គេ​បាន​ទៅ​ថតនាវា​ក្រុម​ហ៊ុន​ឯកជន​មួយ ដែល​ត្រូវ​បាន​សង្ស័យ​ថា ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​នេះ។

សកម្មជនបរិស្ថាន​មាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​កុងចោទប្រកាន់​ និង​បញ្ជា​ឲ្យ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​កន្លង​ទៅ ​បន្ទាប់​ពី​ពួកគេ​បាន​ទៅថត​នាវា​ក្រុមហ៊ុន​​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច ដែល​ត្រូវ​បាន​​សង្ស័យ​ថា​ បាន​ដឹក​ខ្សាច់​ខុស​ច្បាប់​ចេញ​ទៅ​ក្រៅប្រទេស។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍រួម​ចុះ​ថ្ងៃទី​១៤ វិច្ឆិកានេះ អង្គការ​សង្គម​ស៊ីវិលចំនួន​ ២២ស្ថាប័ន ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផង​នោះ បាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​អ្នក​ទាំង​ពីរ​នាក់​នោះ​ជា​បន្ទាន់។

ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ទាំងនោះ បាន​ហៅ​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​​សកម្មជន​បរិស្ថាន​ទាំង​ពីរ​នាក់​នោះ​​ថា ​ធ្វើ​ឡើង​ដោយ​មិន​សម​ហេតុ​ផល ធ្វើ​តាម​អំពើ​ចិត្ត និង​ជា​ចេតនា​ប៉ុនប៉ង​បិទ​សំឡេង ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការ​ងារ​ស្របច្បាប់​របស់ពួកគេ​ ក្នុង​នាម​ជា​អ្នក​ការ​ពារសិទ្ធិ​មនុស្ស​ផ្នែក​បរិស្ថាន។

​សកម្មជន​មាតា​ធម្មជាតិ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទៅ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​​ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់​ពី​អង្គការ​មាតា​ធម្មជាតិ ​បាន​ចេញ​វីដេអូ​​ថ្មី​មួយ​ទៀត​របស់​ខ្លួន ​ដែល​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​ឲ្យ​បាត់​ចំណូល​រាប់​សិប​លាន​ដុល្លា​រ​បន្ថែម​ទៀត​ ទៅ​លើការ​បូម​ខ្សាច់​លក់​ទៅ​កាន់​ប្រទេស​តៃ​វ៉ាន់ ខណៈដែល​លុយ​បាត់​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សឹង្ហ​បុរី​ មិន​ទាន់​បាន​ស្ងប់​ស្ងាត់​នៅ​ឡើយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required