លោក ហ៊ុន សែន ចោទតំណាងទូតអាមេរិកប្រចាំកម្ពុជាថា ខ្វះអព្យាក្រឹត្យភាព

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:36 AM | នយោបាយ | 0 | 2255 លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

មេដឹកនាំ​កម្ពុជា បានចោទតំណាងទូតអាមេរិកប្រចាំនៅកម្ពុជា​ថា មិនមានជំហរ​អព្យាក្រឹត្យ និង​មិន​ដើរ​តាម​គោល​នយោបាយ​របស់​រដ្ឋការ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញ​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងប្រាប់ដោយផ្ទាល់​ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា មេដឹកនាំ​អាមេរិក​រូប​នេះ និងរូបលោក​ផ្ទាល់ ជាមនុស្សស្រដៀងគ្នា ដែលរងការចោទថា ជាជនផ្ដាច់ការ។

លោក ហ៊ុន សែន ថែម​ទាំង​បាន​ចោទ​តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ថា​ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហានៅកម្ពុជា និងថា ថែមទាំងមិនអព្យាក្រឹត្យចំពោះបេក្ខភាពប្រធានាធិបតីអាមេរិកទៀតផង។

លោក​ប្រាប់​ទៅ​លោក ត្រាំ ថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ តែងលើកឡើង​ពី​បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បី​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមរយៈរារាំងការធ្វើច្បាប់ និងការអនុវត្តច្បាប់ជាដើម។

លោក ហ៊ុន សែន បាន​ស្នើ​ទៅ​ប្រធានាធិបតីអាមេរិករូបនេះ ឲ្យ​ណែនាំឲ្យមន្ដ្រីទូតរបស់ខ្លួន ឲ្យ​បញ្ឈប់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតទៅទៀត។​

លោក ហ៊ុន សែន ថ្លែងថា៖ «ចៅរបស់ខ្ញុំ ត្រូវបានគេបង្ហាត់បង្ហៀនឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានភាពអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជានោះទេ មិនមានភាពអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្ដង […] នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្ដែ ស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានបានធ្វើការកែប្រែទេ»។

នៅ​ពេល​ត្រូវ​បាន​ស្នើ​ឲ្យ​បក​ស្រាយ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​រង​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក David Josar ប្រាប់​វីអូឌី​តាម​អ៊ីម៉ែល​នៅ​ព្រឹក​ថ្ងៃ​នេះថា លោក​មិនទាន់អាចឆ្លើយតប​នឹង​អ្នក​សារព័ត៌មាន​បាន​នៅ​ឡើយ​ទេនៅពេលនេះ។

ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់ បន្ទាប់​ពី​ស្ថានទូត​អាមេរិក ក៏​ដូច​ជា​ក្រសួង​ការបរទេស​អាមេរិក​ផង​ដែរ បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទ​ថា «ក្បត់​ជាតិ» ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​ចំនួន ដែល​តែង​ផ្សាយ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required