បទយកការណ៍ខ្នាតវែង៖ ការ​ចែក​រំលែកព័ត៌មានរបស់​ក្រុម​ប្រឹក្សាក្រុងស្រុក ​​ជា​មួយពល​រដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:28 AM | បទយកការណ៍ | 0 | 1044 អ្នកយកព័ត៌មានវី​អូ​ឌីកំពុងសម្ភាសន៍ពល​រដ្ឋ នៅ​ក្នុង​ខេត្ត​ពោធិសាត់

ខេត្ត​ពោ​ធិ៍សាត់ ជាខេត្តមួយ ស្ថិតនៅភាគខាងលិច នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិត​ក្នុងចំណោម​ខេត្តចំនួនប្រាំ មានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប។ ខេត្តនេះ មានផ្ទៃក្រឡាជាងមួយម៉ឺនគីឡូម៉ែត្រ​ក្រឡា ​ជាមួយ​ដង់ស៊ីតេប្រជាសាស្ត្រជិត៥០ម៉ឺននាក់។

បើ​សិន​គិត​ពី​មន្ទីរ​រដ្ឋ​បាល ខេត្ត​ពោ​ធិ៍សាត់​ អាច​ចាត់​ជា​ខេត្ត​មួយ ​ដែល​មាន​មន្ទី​ររដ្ឋ​បាល​ត្រឹមត្រូវ​ផង​ដែរ។ សាលា​ខេត្ត មន្ទីរ​ព័ត៌មាន មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ តុលាការ និង​ស្ថាប័ន​​សាធារណៈ​ជា​ច្រើន​ទៀត រៀប​ចំ​យ៉ាង​ត្រឹម​ត្រូវ និង​បង្កលក្ខណៈងាយ​ស្រួល​។ ប្រជា​ពល​រដ្ឋ ​នៅ​ខេត្ត​នេះ ភាគ​ច្រើន ​ជា​អ្នក​ប្រកប​របរ​លក់​ដូរ​ និង​ធ្វើ​ស្រែ​ចម្ការ ហើយ ​ជារៀង​រាល់​ថ្ងៃ ស្ទើរ​តែ​គ្រប់​ផ្លូវ​នៅ​ក្នុង​ខេត្ត​នេះ ហាក់មានសភាព​ស្ងប់ស្ងាត់ ចាប់​ពី​ម៉ោង៩​យប់​ទៅ។ ពល​រដ្ឋ​ ដែល​រស់​នៅក្នុង​ក្រុង​ពោធិ៍សាត់ ឲ្យដឹងថា ​ពួកគេ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវភាព​ ខណៈ​ការ​យល់​ដឹង ​ពី​អ្នក​​ផ្តល់​សេវា​សាធារណៈ​ ហាក់ខណ្ឌ​ចែក​ដាច់​ពី​ពួកគេ។

សាលាខេត្ត​ពោ​ធិ៍សាត់

«(សំណួរ) បង​ស្គាល់​ក្រុម​ប្រឹក្សា​ស្រុក​ទេ? (ឆ្លើយ) ក្រុម​ប្រឹក្សា​រឹត​តែ​មិន​ដឹង​អត់​ស្គាល់​អី​ទៀត​ហើយ។ មក​ពី​យើង​អត់​ដែរ​ដឹង មិន​ដឹង​អ្នក​ណា​អ្នក​ណី មិន​ដឹង​អ្នក​ណា​ស្រុក​អ្នក​ណា​ភូមិ។ សម្បី​រាល់​ថ្ងៃ​មិន​ដឹង​មេភូមិ​មេអី​មួយ​ណា​ផង​ដល់​ពេល​សួរ​ចឹង​វា​លែង​ដឹង​ទៀត​ហើយ»។

«​(សំណួរ) អ៊ីស្គាល់​ក្រុម​ប្រឹក្សាស្រុក​ទេ? (ឆ្លើយ) អូ! គ្មាន​ស្គាល់​ទេ​អាអូន​អើយអញ​ឲ្យ​តែ​និយាយ​ភ្លាម​ភ្លេច​ភ្លាម​ គ្មាន​បាន​ទៅ​និយាយ​បាន​យូរទេ! គ្រាន់​តែ​ថា ​គេ​និយាយ​ហើយ​ភ្លេច​បាត់​ ហើយ​មិន​សូវចាំ​នឹង​គេ​ទេ! ក្រុម​ប្រឹក្សា​ស្រុក ហ្នឹង​ណា​គេ​?»។

មូល​ហេតុ​ ដែល​ធ្វើ​ឲ្យពលរដ្ឋ ​មិន​បាន​ដឹង​ពី​អ្នក​ផ្តល់សេវា​ដល់​ពួកគេ​នេះ មួយ​ផ្នែកអាស្រ័យ​ទៅ​លើ​ចំណេះ​ដឹង​របស់​ពួកគេ តែ​មួយ​ផ្នែក​ធំនោះ គឺ​ការ​ផ្តល់​ព័ត៌មាន​ពី​ថ្នាក់​ស្រុ​ក ​គឺ​មិន​បាន​មក​ដល់​​ពួកគេ។

បញ្ហាពី​នៃ​អ្នក​រដ្ឋបាល​ក្រុង​ស្រុក ក្នុង​ខេត្ត​នេះ គឺចំណេះ​ដឹង​របស់​ក្រុម​ប្រឹក្សា​ និង​ថវិកា​សម្រាប់​បង្កើត​សេវា​សាធារណៈជា​មួយ​ពល​រដ្ឋ។​ នេះ ​ជា​ការ​បញ្ជាក់​របស់​លោក ខែម សុខុន នាយ​កប្រតិបត្តិ​​អង្គការ​អនាគត​កុមារនៅ​ខេត្ត​ពោធិសាត់។

លោក​ថា៖ «យើង​ឃើញ​ថា ​ការ​ដោះ​ស្រាយ​ផ្សេង​ៗ​ គឺ​ធ្វើ​បាន​តែការ​អភិវឌ្ឍន៍​ទាក់​ទង​ទៅ​នឹង​ការ​លើក​កំពស់​ជីវភាព​គ្រួសារ យើង​ឃើញ​ថា ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប ​បាន​ល្អ​ប្រសើ​រនោះ​ទេ ដោយ​សារ​តែ និយាយ​ជា​រួម​ទៅ​គឺ​ពួកគាត់​មិន​ទាន់​មាន​លុយ»។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា១៤៥ថ្មី (មួយ) និង ១៤៦ថ្មី(មួយ) ចែងថា ទឹកដី​ព្រះរាជា​ណាចក្រ​កម្ពុជា ចែកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហើយតំបន់​រដ្ឋបាល​ទាំងនេះ ​ត្រូវ​គ្រប់​គ្រង​ដោយច្បាប់រៀបចំអង្គការ។

ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលប្រទេសកម្ពុជា បែងចែកជាពីរថ្នាក់ គឺរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថា្នក់​ក្រោម​ជាតិ​។ រដ្ឋ​បាលថ្នាក់ក្រោមជាតិមាន ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

​ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ មាត្រា៣៤ ចែងថា​ក្រុមប្រឹក្សា ត្រូវមាន​គណនេយ្យ​ភាព​ដោយ​ផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេច ធានា បាន​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សា​ អាចធ្វើការ​អង្កេត​លើករណីទាំងឡាយណា​ដែលខ្លួនយល់ឃើញថា មានសារៈសំខាន់​ដល់ប្រជាពលរដ្ឋ ​ដែល​ខ្លួនជា​តំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយ ត្រូវផ្តល់​គោលការណ៍ណែ​នាំ​អនុវត្ត​ដល់គណៈអភិបាល និងអភិបាល។

អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​ លោក ឱក សេរីសោភក្កិ៍ បាន​ឲ្យ​និយម​ន័យ​នៃ​គណនេយ្យភាព​ដោ​យ​ផ្ទាល់​​នេះ​ថា គឺ​ជា​ការ​ទទួល​ខុសត្រូវ​ ដោយ​មាន​ភាព​ត្រឹមត្រូវទៅ​តាម​អ្វី ដែល​បាន​សន្យា​ជា​មួយ​ប្រជា​ពល​រដ្ឋ។

លោក​ថា៖ «គឺ​ថា ​ធ្វើ​អ្វី​គឺ​ទៅ​តាម​តម្លាភាព​ ទៅ​តាម​អ្វី​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជា​ពល​រដ្ឋ​ ព្រោះគាត់​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ។ ​ព្រោះពលរដ្ឋ ​គឺ​ជា​ម្ចាស់ឆ្នោត​របស់​គាត់​ ជា​អ្នក​បង់​ពន្ធប្រាក់​ខែ ​មាន​មក​អញ្ចឹង​ ដូច្នេះ ​ហើយកាលណា ​គេ​អ្នក​បោះឆ្នោតឲ្យ​យើង គេ​អ្នកបង់​ពន្ធ​យក​មក​ឲ្យ​ប្រាក់​ខែ​យើង។ យើងត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​គេ​ គឺ​ចំពោះ​មុខ ​ប្រជា​ពល​រដ្ឋ​ហ្នឹង​ឯង នេះ​ហើយ​ដែល​ពាក្យ​ថា​ គណនេយ្យ​ភាព​នោះ​»។

ទោះ​ជា​យ៉ាង​ណា​ពល​រដ្ឋ ​នៅ​ក្នុង​ខេត្ត​ពោធិសាត់​មួយ​ចំនួន ​ដែល​វី​អូ​ឌី​បាន​ចុះ​សម្ភាសន៍​មានប្រសាសន៍ថា ​ពួកគេ​មិន​បាន​ដឹង ​ពីតួនាទី​របស់​ក្រុម​ប្រឹក្សាក្រុង​ ស្រុក នោះ​ទេ លើសពី​នេះ​ទៀត ​ពួកគេ​ថា ពួកគេ​រស់​នៅ​តាម​តែ​​ការ​ខំ​ប្រឹង​របស់​ខ្លួន ហើយ​មិន​ដែល​ឃើញ​បុគ្គល​ណា ​យក​ចិត្ត​ទុក​ដាក់​លើ​ពួកគាត់​នោះ​ទេ។

រដូវ​វស្សា ​នៅ​កម្ពុជា​ចាប់ផ្តើម​ពី​ខែឧសភា ដល់​ខែតុលា តែ​អាកាស​ធាតុ​ក្នុង​ខេត្ត​នេះ ហាក់​ដូច​ជា ​មិន​ផ្តល់​អំណោយ​ផល​ល្អ​នោះ​ទេ ពេល​អ្នក​យក​ព័ត៌មាន​វី​អូ​ឌី​ចុះ​ទៅ​យក​ព័ត៌មាន​នោះ។

ចុះពី​ទី​រួម ​ខេត្ត​ពោធិសាត់​ ចូលតាមច្រកបំបែកលាច ​តាម​បណ្តោយផ្លូវជាតិ​លេខ​១៤៦ កម្តៅ​ព្រះ​អាទិត្យ​បាន​ដុត​កម្តៅវាល​ស្រែ​ដែល​មើល​ទៅ​ដាច់​កន្ទុយ​ភ្នែក​ ហើយ​យូរ​ៗ​ម្តង​ ទើប​ឈាន​ដល់​ទី​ប្រជុំ​ជន​មួយ។ ប្រមាណ​៥​គីឡូ​ម៉ែត្រ​ យើង​ចូល​មក​ដល់ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិសាត់ ដែល​ពលរដ្ឋជាម្ចាស់​ផ្ទះ​មួយ ​ក្នុង​ភូមិ​នេះ ​ជា​អ្នក​លក់​ដូរ និង​ធ្វើ​កសិកម្ម។

ទើបមក​ពី​យក​ត្រាទ័រ​ទៅ​អូស​រថយន្ត​ ដែល​ជាប់​ផុងដោយ​សារ​​ទឹក​ភ្លៀង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​​លើ​ផ្លូវ​មួយ​កន្លែងក្នុង​ភូមិ លោក ជូ ចិត្រា​ ​មានប្រសាសន៍ថា ​ការ​ផ្តល់​សេវា​សាធារណៈក្នុង​ក្រុង​ ជា​ពិសេស​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុងក្រុង​មិន​ឃើញ​មាន​ការ​វិវឌ្ឍន៍​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ដោយលោក​ថា​ លោក​ មិន​ធ្លាប់​បានដឹង​ពី​ការ​​ប្រជុំ​សារធារណៈរបស់​ក្រុមប្រឹក្សាក្រុង​​ ឬ ទទួល​ព័ត៌មាន​ពីការ​អភិវឌ្ឍ​ក្រុង​​ ឬ​យ៉ាង​ណា​នោះ​ទេ ហើយ​ ក៏​មិន​ហ៊ាន​សួរ​ពី​ថវិកា ​អភិវឌ្ឍក្រុង​នោះ​ទេ ​ដោយ​ខ្លាច​គេ ​ចាត់​ទុក​ថា ​ជា​អ្នក​​ប្រឆាំង។

លោក​ថា៖ «គាត់ប្រជុំ​តែ​គ្នា​គាត់​អញ្ចឹង​ទៅ ហៅ​សាធារណៈជន​ទៅ ​ហៅ​តែគ្នាគាត់ ​តែ​មួយ​ចំហៀង​ទៅ​ចឹង​ៗ មតិ​ភាគច្រើន ​គឺ​ស្រប​តាម​គ្នា​គាត់ ​ហើយ​វា​អត់​មាន​មតិមួយ ​ដែល​ជួយ​ស្ថាបនា​ ជួយ​កសាង​ស្រុក​ភូមិ​​យើង​ទេ ដូច​ខ្ញុំ​ចឹង ​ខ្ញុំ​ចង់​បាន​ផ្លូវមួយ​ខ្សែ វា​អត់​បាន​ដូច​អ្វី ​ដែល​យើង​ចង់​បាន​។ ចង់​ជួយ​ប្រជាពល​រដ្ឋ​ផ្នែក​ណា​មួយ ​វា​អត់​បាន ​វា​បាន​តែ​មួយ​ក្រុម​គ្នា​គេ​»។

ចេញពី​ភូមិអូរ​ថ្កូវ ឆ្ពោះ​ដល់​ភូមិ​មួយ​ទៀត គឺ​​ភូមិទួលគ្រោះ សង្កាត់ចំរើនផល ក្រុងពោធិសាត់ លោក នៅ រៀម ដែល​កំពុង​អង្គុយ ​ក្នុង​រោង​​លក់​អ៊ីវ៉ាន​របស់​ខ្លួនមានប្រសាន៍​ថា លោក មិនស្គាល់​ ឬដឹងថា ក្រុម​ប្រឹក្សា​ក្រុង​​ស្រុ​ក​​ជាអ្វីនោះទេ កុំថាឡើយ ការចូលរួមប្រជុំសាធារណៈរបស់ពួកគេ។

លោក​ថា៖ «(សំណួរ) បង​ស្គាល់​ក្រុម​ប្រឹក្សា​ស្រុក​ទេ? (ឆ្លើយ) ក្រុម​ប្រឹក្សា​រឹត​តែ​មិន​ដឹង​អត់​ស្គាល់​អី​ទៀត​ហើយ។ មក​ពី​យើង​អត់​ដែរ​ដឹង មិន​ដឹង​អ្នក​ណា ​អ្នក​ណី មិន​ដឹង​អ្នក​ណា ​ស្រុក​អ្នក​ណា​ភូមិ។ ​រាល់​ថ្ងៃ ​មិន​ដឹង ​មេភូមិ​មេ អី​មួយ​ណា​ផង ​ដល់​ពេល​សួរ​ចឹង ​វា​លែង​ដឹង​ទៀត​ហើយ»។

តាម​ការ​សម្ភាសន៍​នេះ យើង​អាច​ដឹង​បាន​ថា ត្រឹម​តែជាង​១០​គីឡូ​​ពី​ក្រុងពោធិសាត់ ការផ្តល់ព័ត៌មានរបស់រដ្ឋបាលថ្នាក់ក្រុង ​ហាក់មិនបានទូលំទូលាយដល់ពលរដ្ឋ។

ថ្ងៃ​បន្ទាប់ អ្នក​សារព័ត៌មាន​វី​អូ​ឌី បាន​ចេញ​ដំណើរ​ទៅ​ស្រុក​មួយ​ទៀត ​ដែល​មាន​ចំងាយ​ប្រមាណ​ជាង៤០​គីឡូ​​ម៉ែត្រ​​ពី​ទីរួម​ខេត្ត​ គឺស្រុក​បាកាន ឆ្ពោះ​ទៅភូមិ​បត់​គគីរ​ថ្មី ឃុំបត់​គគីរ​ ដែលផ្លូវ​លំ​ទៅ​ភូមិ​នេះ ​មានគ្រលុក​​ជា​ច្រើន ហើយ​យូរៗម្តង​មានគ្រលុក​ធំមួយ ដែលអ្នក​ភូមិ​នេះ ឲ្យដឹង​ថា​ ផ្លូវ​នេះ​ គឺ​ពិបាក​ប្រើប្រាស់​ណាស់​ ជា​ពិសេស​នៅ​ពេលមាន​ភ្លៀង​ធ្លាក់ ហើយ​ស្រូវ ​ក៏​លក់​មិន​មានអ្នកទិញ​ ដោយ​សារ​បញ្ហា​ផ្លូវ​នេះ។

«ក្នុង​ភូមិ ​ក្នុ​ង​ឃុំ ​យើងពិបាកតែ​រឿង​ផ្លូវ​ហ្នឹង​មួយ​ទេ បើ​ថា ​ផ្លូវ​ស្រួល​ទៅ ​គេ​ស្រួល​មក​ទិញ វា​បាន​ថ្លៃ​ ដល់​ពេល​ផ្លូវ​ពិបាក​ចឹង​ បាន​ស្រូវ​គេ​ទិញ​ថោក។ បើ​ផ្លូវ​មិន​សំណំ ​ចឹង​ធ្វើ​មិន​ទាន់​មួយ​ឆ្នាំ​ផង»។

ប្រធាន​សហគមន៍​ភូមិ លោក នួន ឈឿន ថា ពល​រដ្ឋ​រស់​នៅភូមិ ដឹង​ពី​បញ្ហា​ តែ​អ្វី​ដែល​ជួយ​ឲ្យ​មាន​ដំណោះ​ស្រាយ​នោះ ​ពល​រដ្ឋ​មិន​ទាន់​យល់​នៅ​ឡើយ​ទេ។

លោក នូន ឈឿន ថា៖ «ខ្ញុំ​ធ្លាប់​ចូល​រួម​រាល់​ដង ស្រុកគេថា ​គេ​ផ្អែក​លើ​ប្រជា​ពល​រដ្ឋ​ គាត់​ថា ​គាត់​ហៅ​ក៏ពល​រដ្ឋ​មិន​ទៅ ​គាត់​ផ្អែក​លើ​ពល​រដ្ឋ​។ ប៉ុន្តែពល​រដ្ឋ​ថា ​គាត់​មិន​ដែល​ហៅ​ឯណាអញ្ចឹង​ណា។ តែមើល​ទៅ​ឃើ​ញ​ថា​ ពល​រដ្ឋ​ធម្មតា ​គឺ​គាត់​មិន​ទៅ​ហ្មង អត់​មាន​ប្រយោជន៍​ដល់​គាត់ ហើយ​បើ​តំណាង​សហ​គម​ន៍​​​ ដូច​ជា​ខ្ញុំជា​ដើម មាន​លិខិត​អញ្ចើ​ញ​ជារៀង​រាល់​ខែ​ អញ្ចឹង​ទៅ​ពូ ​ខ្ញុំ​ចូល​រូម»។

ពល​រដ្ឋនៅ​ក្នុង​ភូមិ​ម្នាក់​ទៀត ដែល​ជា​ពេទ្យ​សត្វ​ប្រចាំ​ភូមិ​ផង​នោះ លោក នូរ យ៉ន ថា លោក​ដឹង​ពី​ការ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ស្រុក តែ​លោក​ថា ​លោក​មិន​ដែល​ចូល​រួម​នោះ​ទេ ដោយ​សារ​តែ​ឆ្ងាយពី​ផ្ទះ។ ប៉ុន្តែ ​លោក​ថា ​បាន​ចូល​រួម​នៅ​ពេល​មាន​វេទិកា​សេរី ដែល​រៀប​ចំ​នៅ​ក្នុង​ឃុំ​។

លោក​ថា៖ «ខ្ញុំ​អត់​ដែល​បាន​ចូល​រួម​ទេ តែ​ខ្ញុំ​បាន​ចូល​រួម​វេទិការ​សេរី ពេល​ដែលប្រជុំ​នៅ​វត្ត​ វត្តត្រាំ​ម្កាក់​ហ្នឹង ពេល​ដែល​ស្រុក​គេ​ចុះ​មក ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​អញ្ចឹង​ទៅ ផ្សព្វផ្សាយ​ពី​បញ្ហាផ្លូវ បញ្ហា​​ដែលពលរដ្ឋ​លំបាកគឺ​​អាច​លើក​បាន​នៅពេល​ហ្នឹង។ ប្រជុំ២ដង ជាង​១ឆ្នាំ​ហើយ»។

ទោះជាការប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក គឺពលរដ្ឋអាចចូលរួមបានដោយសេរី តែពលរដ្ឋ​នៅ​តែមាន​ការស្រងាកចិត្ត ដោយសារពួកគេយល់ថា ការងាររបស់ក្រុម​ប្រឹក្សា ​ជាការងារ​ដាច់​ដោយ​ឡែក​​ពីការងារខ្លួន ហើយការចូលរួមដោយគ្មានការអញ្ជើញ ពួកគេថាមានការពិបាក។

ចេញពី​ភូមិបត់​គគីរ​ថ្មី ទៅកាន់​ភូមិផ្សារ​អណ្តែត ដែល​ផ្លូវ​នៅ​នៅភូមិនេះ គឺកាន់​តែ​ពិបាក​ជាងផ្លូវ​ដែល​ទៅ​ភូមិមុនទៅ​ទៀត ប្រធាន​សហគមន៍​ភូមិ ដែល​ធ្លាប់​ជា​អតី​តទាហានរដ្ឋ​កម្ពុជា​លោក យឿន សំបូរ មាន​ប្រសាសន៍​ប្រាប់​អ្នក​យកព័ត៌មាន​វី​អូ​ឌី​ថា លោក​ធ្លាប់​បាន​ចូល​រួម​ប្រជុំ​សាធារណៈ នៅ​ស្រុក​បាន​ចំនួន​២ដង នៅ​ឆ្នាំ​២០១៦ តែ​លុះ​ណា​តែ​មាន​អញ្ចើញ។

លោក​ថា៖ «ហេ! នេះ​រៀង​អៀន​ដែរ បើ​ថា​ត្រឹម​ឃុំ ​វា​មិន​អី​ទេ តែ​ដល់​ស្រុក​គ្មាន​លិខិត​អញ្ជើញ ឆន្ទៈ​របស់​យើងដូច​ថា​ ចូល​ទៅ​អញ្ចឹង​ដូច​ថា​អៀន​ គេ​សំឡឹង ​មើល​មុខ​មក​ថា ចម្លែក​អី​អញ្ចឹង។ តែ​នេះ ​ជា​សិទ្ធិ​របស់​យើង​ហើយ​តែ​យើង​មាន​អារម្មណ៍​មួយ​ណា ដូច​រាង​ខ្លាច​គេ​អីអញ្ចឹង»។

តាម​ការ​សម្ភាសន៍​ពល​រដ្ឋ​ជាច្រើន​​អះ​អាង​ថា ប្រសិន​ជាមាន​ការ​រៀប​ចំ​វេទិការ​សាធារណៈនៅ​ក្នុងឃុំ គឺ​អាច​ទាក់​ទាញ​ពល​រដ្ឋ​ឲ្យ​ចូលរូម​បា​ន​ច្រើន​ជាង​ការ​ដែល​ពល​រដ្ឋ ​ធ្វើ​ដំណើរ​ ពី​ផ្ទះ​ទី​កាន់​សាលា​ស្រុក។

ការស្រាវជ្រាវមួយរបស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ API ឆ្នាំ២០១៥ បានឲ្យដឹងថា ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មានភាគច្រើនរបស់ក្រុមប្រឹក្សាស្រុក ធ្វើឡើងតាមរយៈកិច្ចប្រជុំ ប្រចាំខែរបស់ក្រុម​ប្រឹក្សា​ឃុំ, កិច្ចប្រជុំ​ភូមិ​និងការ​ប្រមូលផ្ដុំភូមិ។ ក្តារព័ត៌មាន នៅក្នុងពិធីបុណ្យផ្សេងៗ និងទីកន្លែង​សាធារណៈ​ គឺអំពីវីធី​សាស្ដ្រ​ជាទូទៅសម្រាប់ការផ្សព្វផ្សាយព័តមាន។

ប្រធានក្រុមប្រឹក្សាស្រុកបាកាន លោក ខៀវ ចែ បានទទួលស្គាល់​ថា ការផ្សព្វផ្សាយ​របស់​ស្រុក​មិន​ទាន់​បាន​ទូលំទូលាយនោះទេ ដោយសារកង្វះថវិកា ប៉ុន្តែចំណេះដឹងពលរដ្ឋ នៅមានកម្រិត ​ក៏​នៅ​តែ​ជាបញ្ហាដែលស្រុកនេះនៅជួបប្រទះផងដែរ។

លោកថា៖ «តាមពិតយើងផ្សព្វផ្សាយ តែយើងក៏ជឿរថាអាហ្នឹងក៏ផ្សព្វផ្សាយមិនបានទូលាយដែរទេ ជូនកាល​ផ្សព្វផ្សាយហើយបើគាត់មិនមកក៏មិនទៅគាត់ថាអញ្ចឹងណា! ពាក្យថាសារៈ​សំខាន់វាទាល់​តែគាត់​យល់ថាស្អីដែលជាការចំណេញចំពោះគាត់បានគាត់មក មិនជឿប្រជុំ​ខ្លះមានលុយគាត់​មិន​យល់​ថាការប្រជុំហ្នឹងមានសារៈសំខាន់សំរាប់គាត់ អាហ្នឹងពាក្យថាសារៈសំខាន់ (សើច) អត់​មាន​លុយ​អត់​មក។ អញ្ចឹងពួកគាត់អត់ទាន់យល់សារៈសំខាន់ហ្នឹងវារបៀបមិច គាត់យល់​ថាស្អី​ជាផល​ប្រយោ​ជន៍​​គាត់បានគាត់មក អញ្ចឹងបានជាគាត់និយាយថាផ្លូវហ្នឹងធ្វើអត់ល្អ! អញ្ចឹង ពេល​បាន​មក​ប្រជុំ ​បាន​ជាយើងច្រើនតែពង្រឹង»។

ដើម្បីផ្តល់ព័ត៌មានទៅដល់ពលរដ្ឋ ក្នុងការទទួលព័ត៌មានពីរដ្ឋបាលស្រុក លោក ខៀវ ចែ​ ឲ្យដឹងថា ​លោក​បាន​សម្រេចជម្រុញ ទៅកាន់ថ្នាក់ឃុំឲ្យមានការប្រជុំនៅថ្នាក់ឃុំមួយ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក។

ការ​ខណ្ឌ​ដាច់ពី​គ្នា​របស់​រដ្ឋ​បាល ​ដែល​ជាអ្នក​ផ្តល់​សេវា និង​អ្នក​ត្រូវ​ការ​សេវា បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ពីរគឺទី១ គឺ​បញ្ហា​អសកម្ម​របស់​ក្រុម​ប្រឹក្សា និង​ទី២​ គឺសេវា​ ឬ​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្ទើ​រ​ទាំង​អស់ ​មិនបាន​ទៅ​ដល់​ដៃ​ប្រជាពល​រដ្ឋ​។ នេះ ​ជា​ការ​បញ្ជាក់​​របស់​អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច លោក ឱក សេរីសោភក្កិ៍។

លោក​ថា៖ «បញ្ហា​ពីរ​នេះ ​ធំណាស់​ដល់​អញ្ចឹង​ទៅ ហើយ​កាលណា​អាពីរ​ហ្នឹង​វា​ធំ​ទៅ…កាត់​ផ្តាច់​គ្នា​ឲ្យ​ស្រលះ​ ​រវាង​អាជ្ញាធរ​ ហើយ​នឹង​ប្រជា​ពល​រដ្ឋ​។ ដូច្នេះ​ បើ​ប្រជា​ពល​រដ្ឋ​អត់​គាំ​ទ្រអ្វី ដែល​អាជ្ញាធរធ្វើ​ហើយ ​នៅ​ពេល​ដែល​អាជ្ញា​ធរ​អត់​ធ្វើ ​អ្វី​សម្រាប់​បម្រើប្រជា​ព​លរដ្ឋ ដូច្នេះ​កន្លែង​ហ្នឹង ​អត់​អាច​អភិវឌ្ឍន៍​យូ​រអង្វែង​បាន​ អត់​អាច​អភិវឌ្ឍន៍​ជាចីរភាព​បាន​ទេ និង​មាន​បញ្ហា​មិន​យូរ​មិន​ឆាប់»។

ទោះជាយ៉ាងណា ថវិកាថ្នាក់ជាតិ ដែលទម្លាក់ទៅកាន់ថ្នាក់ក្រោមជាតិ នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យការប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាស្រុកមួយចំនួន នៅពឹងផ្អែកទៅលើជំនួយរបស់អង្គការសង្គមស៊ីវិល។

ថវិកា​ថ្នាក់​ក្រុង ស្រុក ដែល​រដ្ឋាភិបាល​ទម្លាក់​ទៅក្នុង​មួយ​ឆ្នាំ​មាន​ចន្លោះ​​ ពី​២០ ទៅ​៣០ម៉ឺនដុល្លា​រ ​ប៉ុណ្ណោះ ដែលក្នុង​នោះជាង​៧០ភាគ​រយ ​នៃប្រាក់​ដែល​បាន​ទម្លាក់​ទៅ​នោះ ត្រូវ​បាន​ប្រើ​ប្រាស់លើ​ប្រាក់​ខែ​​បុគ្គលិក និង​ចំណាយ​រដ្ឋ​បាល ខណៈដែល​សល់​តែ​៣០ភាគ​រយ​ទេ ​ដែល​យក​ទៅ​ប្រើ​ប្រាស់​លើ​ការ​អភិវឌ្ឍ។

ក្នុង​​កិច្ច​ប្រជុំ​ស្តីពី​ការ​ពិនិត្យ​ស្ថាន​ភាព​​នៃ​ការ​អនុវត្តការ​ងារ​នៅ​រដ្ឋ​បាល​ក្រុង កាលពី​ថ្ងៃ​ទី៣១ខែកក្កដា ឆ្នាំ២០១៧ ​ស្រុក ខណ្ឌ អនុប្រធាន​លេខាធិការ​ដ្ឋាន ​នៃ​គណៈកម្មាធិការ​ជាតិ​អប់​រំ​ប្រជា​ធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ ហៅកាត់ថា NCDD​ លោក ង៉ាន់ ចំរើន មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មានថា លោក មិន​ទទួល​ស្គាល់​ពី​គំលាត​គ្នា​រវាង​ពល​រដ្ឋ​ និង​សមាជិក​ក្រុម​ប្រឹក្សាស្រុក​​នោះ​ទេ តែ​លោក​ថា រដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ថវិកា ដែ​ល​អាច​ផ្ទេរ​សម្រាប់​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក ក្នុង​ការ​រៀប​ចំ​វេទិការ​សាធារណៈផងដែរ។

លោក​ថា៖ «ជា​ការ​ពិត​យើង​កំពុង​ពិចារណា​មើល​ថា ​តើ​អាច​មាន​លទ្ធភាព​ រៀប​ចំ​នូវ​កញ្ចប់​ថវិកា ​សម្រាប់​កិច្ច​ការ​នយោបាយចង់​និយាយថា ​សម្រាប់​កិច្ច​ការ​ក្រុម​ប្រឹក្សា​នៅ​ក្នុង​ផែន​ការ​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិក្នុង​កម្រិត​ណា​មួយ​ជាក់លាក់​ ដូច​ថា​នៅ​ស្រុក​គេ ក្នុង​ផែ​ន​ការ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​​ជាតិ​នីមួយ​ៗ ​គេ​មាន​រៀប​ចំ​ជាកញ្ចប់​ថវិកាបន្តិច មួយ​ចំណែក​តូច​មួយ​សម្រាប់​ក្រុម​ប្រឹក្សា​ ដែល​ក្រុម​ប្រឹក្សា​នីមួយ​ៗ ​ដើម្បី​ឲ្យ​អនុគណៈកម្មការ​នានា​របស់ក្រុម​ប្រឹក្សា ​គាត់​អាច​មាន​លទ្ធភាពធ្វើ​សកម្មភាព ធ្វើ​កិច្ច​ប្រជុំ ​ឬក៏​កិច្ច​ពិភាក្សា​ ឬ​ក៏​ចុះ​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​គាត់​ត្រូវ​តែ​មាន​កញ្ចប់​ថវិការ​មួយ​ចំនួន​ អាច​១ ឬ២ភាគ​រយ ​នៃ​ថវិកា​អាស្រ័យ​លើ​ភាព​ចាំ​បាច់​»។

ជារួម នេះ​គឺ​គ្រាន់​តែ​ជា​ជ្រុង​មួយ​នៃ​បញ្ហា​របស់​រដ្ឋ​បាល​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជាដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេវា​​​ទាំង​​មូល និង​ការ​បម្រើ​​ពល​រដ្ឋ។ ពល​រដ្ឋ​ដឹង​ពី​បញ្ហា​ដែល​កើត​ឡើង​ ដែល​ជះ​ឥទ្ធិពល​ដល់​​ជីវភាព​របស់​ពួកគេ​ តែ​ពួកគេមិន​ដឹង​ពី​កន្លែង​ណា​ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​នោះ​ទេ។​ ពួក​​ហាក់​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​រាយការណ៍​ទៅ​កាន់​អ្នកផ្តល់​សេវា​ជូន​​ខ្លួន ហើយ​ក៏​មិន​ហ៊ា​ន​ទៅ​ចូល​រួមក្នុង​កិច្ច​ប្រជុំ​ជាសាធារណៈ​របស់​​អ្នកផ្តល់​សេវា​ខ្លួន​នោះ​ទេ​ ដោយ​យល់​ថា ពួកគេ​ជា​ពល​រដ្ឋ​ទន់​ខ្សោយ ហើយ​អ្នក​ផ្តល់​សេវា​​ជា​ម្ចាស់ ខណៈអ្នក​ផ្តល់​សេវា​ទាំង​នោះមួយ​ចំនួន​ហាក់​មានកម្រិត​នៃ​ចំណេះ​ដឹង និងការ​ផ្តល់​សេវា​ ហើយ​បញ្ហា​ធំ​នៃ​រឿង​ទាំង​នេះ គឺការផ្តល់ និង​​ទទួល​ព័ត៌មាន​ពី​អ្នក​ផ្តល់ និង​អ្នក​ទទួល​សេវា ត្រូវ​បាន​រាំង​ខ្ទប់ដោយផ្នត់​គំនិតមេ ឬ​ចៅ​ហ្វាយ ដែល​កម្ពុជា​បាន​ប្រើ​ប្រាស់​កាល​ពី​មុនសម្រាប់​អ្នក​ធ្វើ​ការ​បម្រើ​ពល​រដ្ឋ​។

ចំពោះ អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​លោក ឱក សេរីសោភក្កិ៍ យល់​ថា​ដើម្បី​ឲ្យ​បញ្ហា​នេះ ត្រូវ​បាន​ដោះ​ស្រាយ​គឺ​ត្រូវ​​ធ្វើ​យ៉ាង​ណា​បង្កើត​​ឲ្យមាន​ការ​ជួប​ជុំ​គ្នា​របស់​អ្នក​រដ្ឋ​បាល ជា​ពិសេស​ស្ថិតក្នុង​បែ​ប​បទ​សាមញ្ញ​ដែល​ធ្វើ​ឲ្យពល​រដ្ឋ​អាច​ចូល​រួម​បាន ហើយ​អជ្ញាធរ​ត្រូវដឹង​ពីតួនាទី​របស់​ខ្លួន​ថា​ជា​អ្នក​បម្រើ​ពល​រដ្ឋ​ មិន​មែន​ជា​ចៅ​ហ្វាយ​នោះ​ទេ។

លោក​ថា៖ «វា​ត្រូវ​ការ​ពេល​វេលា តាម​ដែល​ខ្ញុំ​ចុះ​ទៅ​សង្កេត​មើល​ឃើញ​ថា​ មាន​ខេត្ត​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ រួច​ហើយ​មន្ត្រី​របស់​យើង​នៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង ​ក៏​ចាប់​ផ្តើម ផ្តូរ​នូវផ្នត់​គំនិត​ហើយ​នឹង​ការ របៀប​របប​នៃ​ការ​ផ្តល់​សេវា​ហ្នឹង​ដល់​ប្រជាពល​រដ្ឋ​ហើយ។ ខ្ញុំ​គិត​ថា ​កំពុង​តែ​ទៅ​ហើយ គ្រាន់​តែប្រជា​ពលរ​ដ្ឋ​ក្តី យើង​ចង់​ឲ្យ​ទៅ​លឿន​ជាង​ហ្នឹង ​ក៏​ប៉ុន្តែ​ការ​ពិត ​វាមិន​អាចឲ្យ​លឿនតាម​ចិត្ត​ដែល​យើង​ចង់​បាន​ទេណា វា​អញ្ចឹង»៕

រាយការណ៍​បន្ថែម​ដោយ​លោក ម៉ាប់ ស៊ុយ

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required