បទយកការណ៍៖ មន្រ្តីសិទ្ធិការងារអំពាវនាវឲ្យមានការគោរពសិទ្ធិកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេស

(រូបភាពពីធនាគាពិភពលោក)

«ជាក់ស្តែងនៅខេត្តព្រះសីហនុ​តំបន់សេដ្ឋកិច្ចពិសេសត្រូវបានគេប្តូរឈ្មោះទៅជាទីក្រុងចិន ឈ្មោះសិនជិន …ការវិនិយោគមានច្រើនតែកម្មករបានទទួលប្រយោជន៏តិច…»។

នេះជាការលើកទ្បើងរបស់លោក អាន រ៉ាម៉ា មន្រ្តីសម្របសម្រួល​ប្រចាំ​តំបន់​របស់​សហភាព​ការ​ងារ ឬ ហៅកាត់ថា CLC ប្រចាំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ លោកបានឲ្យដឹងថា បច្ចុប្បន្ន​ទំហំ​នៃ​ការ​វិនិ​យោគ​តំបន់​សេដ្ឋ​កិច្ច​​ពិសេសមានទំហំធំ ប៉ុន្តែកំណើននៃការវិនិយោគនេះ បានផ្តល់ប្រយោជន៍​តិចតួចនៅទ្បើយដល់កម្មករ។

ការ​ប្រើ​​​ប្រាស់​កិច្ច​សន្យា​ខ្លី និង​ការខ្វះចន្លោះ នៃ​ការគ្រប់គ្រងចំនួនកម្មករបរទេសនៅមិនទាន់បានល្អ​ ហើយកំពុង​ជាបញ្ហា​ប្រឈមនៅឡើយ។​​​​​​ លោក អាន រ៉ាម៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ពីមុនមកមានតែ​បុគ្គ​លិក​មាន​​តួនាទី​ធំ​ទេ ជា​ជន​​​ជាតិចិន ប៉ុន្តែ​បច្ចុប្បន្ន​​ កម្មករ​តូច​តាច ​​ក៏​មាន​ជនជាតិចិន​ដែរ​ ដែល​ជា​​​ហេតុ​នាំ​​ឲ្យ​កម្មករ​​ខ្មែរ ​​ជួប​វិបត្តិ​ខ្វះ​ទី​ផ្សារ​ការ​ងារ។

លោក អាន រ៉ាម៉ា «បើតាមច្បាប់ គឺមានកំណត់ចំនួនកម្មករបរទេស ជាភាគរយច្បាស់លាស់…មិនមានអ្នកណា យកអើពើ …សព្វថ្ងៃ មានកម្មករចិនចូលមកច្រើនណាស់…ប៉ះពាល់ទីផ្សារការងារកម្ម​ករ​ខ្មែរ​…​»។

បញ្ហាស្រដៀងនឹងខេត្តព្រះសីហនុនេះ គឺក៏កើតឡើងនៅឯរាជធានីភ្នំពេញ ​និងខេត្តស្វាយរៀង ក្រុងបាវិត ​ហើយក៏​ធ្លាប់​​​​មាន​​ករណី​​កម្មករ​​ផ្ទុះ​​ការ​​តវ៉ា ​នៅ​តំបន់សេដ្ឋកិច្ច​ពិសេស មេនហាធេន និងតាយសេង​ កាល​ពី​ឆ្នាំ​២០​១៥​​​កន្លងទៅ​​។ កម្មករ​ចង់ឲ្យ​មាន​ប្រាក់​ឈ្នួល និង​លក្ខ​ខណ្ឌ​ការងារល្អ។​

បញ្ហា​នេះ លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ សហជីព​កម្មករ​ចំណី​អាហារ និងសេវាកម្មកម្ពុជា ដែលបាន​​​​​​តាម​ដាន​ករណី​នេះ ​​​យល់ឃើញថា ដំណើការ​​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​មិនសូវ​មាន​តម្លា​​ភាព ទើប​ធ្វើ​​ឲ្យ​មាន​បញ្ហា​​​​ដល់​​​កម្មករ​។ លោកថា ការធ្វើច្បាប់ហាក់​ជួយ​ដល់​និយោជក​ ជា​ជាង​ជួយ​ដល់​ប្រយោ​ជន៏​កម្ម​ករ ដែលនេះជា​ហេតុ​នាំ​ឲ្យ​មាន​ការរំលោភសិទ្ធិកម្មករ។ ​​

លោក ស ម៉ូរ៉ា៖ «យើងផ្តោតលើការបង្កើតច្បាប់…មិនមានការរឹតត្បិតសេរីភាព ទើបមិនប៉ះពាល់សិទ្ធិកម្មករ…មិនបម្រើប្រយោជន៏នាយទុន…»។

លោក ស ម៉ូរ៉ា ចង់ឲ្យមានការយកចិត្តទុកដាក់ចំពោះអ្នកបង្កើតគោលនយោបាយ និងអ្នក​តាក់​តែង​ច្បាប់ ដើម្បី​ធានា​ឲ្យ​បាននូវការគោរពច្បាប់ និងសិទ្ធិកម្មករ និងមាន​លក្ខ​ខណ្ឌ​ការងារ​ល្អ។ ក្រៅ​ពី​នេះ លោក ស ម៉ូរ៉ា សូមឲ្យ​មាន​តំណាង​​សហ​ជីព អាចចេញ​ចូល​តំបន់​សេ​ដ្ឋ​កិច្ច​ពិសេស​​ ដើម្បី​ជួយ​ដោះ​​ស្រាយក្នុងករណីមានវិវាទការងារ ឬការ​រំលោភ​​សិទ្ធិ​កម្មករ។

លោក ស ម៉ូរ៉ា៖ «ពេលមានឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស យើងឃើញថា ច្បាប់មាន តែវាការពារប្រយោជន៍​វិនិយោគទុន…រឹតបន្តឹងសេរីភាពសហជីព…»

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺដើម្បីជួយដល់សេដ្ឋកិច្ចជាតិ និងបានផ្តល់ការងារច្រើន​ដល់​កម្ម​ករក្នុងតំបន់​ ខណៈ​​ដែលតំបន់សេដ្ឋកិច្ចខ្លះ កម្មករប្រឈមនឹងការបំពានសិទ្ធិ។

លោកស្រី ឆន សុខា ប្រធានកម្មវិធី នៃជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និងសិទ្ធិ​មនុស្ស ហៅ​កាត់ថា សង់ត្រាល់ បាន​មាន​ប្រសាសន៏ថា និយោជក និង​អ្នក​ពាក់​ព័ន្ធ​ត្រូវ​​​​​គោរ​ព​ច្បាប់ឲ្យបានល្អ ដើម្បីឲ្យមាន​ផល​ប្រយោ​ជន៏ស្មើគ្នា ​រវាង​កម្មករ និងនិយោជក ចៀស​វាង​ ការ​​​​រឹតត្បិត​សិទ្ធិ​​កម្មករ។

លោកស្រី ឆន សុខា៖ «យើងចង់ឲ្យផលប្រយោជន៏មានតុល្យភាពរវាងរដ្ឋាភិបាល កម្មករ​និង​និយោជក​…​បើសិទ្ធិ​កម្មករ​ មិនបានអនុវត្តរឹតត្បិតសិទ្ធិកម្មករ…»។

ក្នុងចំណោមដំណោះស្រាយ កាត់បន្ថយការរំលោភសិទ្ធិកម្មករ បញ្ហា​ប្រាក់​ឈ្នួល​ក៏ជារឿង​សំខាន់​​ដែល​ត្រូវ​ផ្តោត។

ចំណុច​នេះ ត្រូវបានលោកស្រី យ៉ាង​ សុភ័ណ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ហៅកាត់ កាទូ​ ​យល់ឃើញថា ​រដ្ឋាភិ​បាល​​គួរ​ធ្វើ​ការ​សិក្សា​មួយឲ្យច្បាស់ ​ពីបញ្ហាប្រាក់​ឈ្នួល ​សមស្រប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បច្ចុ​ប្ប​ន្ន និង ជា​ការ​ជួយ​សម្រួលបន្ទុកគ្រួសាររបស់កម្មករ​​។ លោក​ស្រី​​​​ ទទួលស្គាល់ និង​សារទរផង​ដែរ ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល​ថ្មី​ឆ្នាំ​២០១៨ តែយ៉ាង​នេះក្តី​លោក​ស្រី​នៅ​តែទទូច​ឲ្យ​មាន​ការយកចិត្តទុកដាក់បន្ថែម ខណៈ​ការគោរព​សិទ្ធិ​នៅ​មិន​ទាន់​ល្អ។

លោកស្រី យ៉ាង​ សុភ័ណ៖ «បើរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះកម្មករពិតមែន ត្រូវមានការសិក្សា​ពីជីវភាព​និង​កំណត់​ចំនួន​ប្រាក់ឈ្នួល១ជាក់លាក់ដល់់កម្មករ…កម្មករមានបន្ទុកច្រើនក្រៅពីខ្លួនឯង»។

ទាក់ទងនឹងបញ្ហានេះ VOD មិនអាចសុំការបភ្លឺពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បានទេ ​ដោយទូរស័ព្ទហៅចូល តែមិនមានអ្នកទទួល។

ទោះជាយ៉ាងណា ការលើកទ្បើងពីការរំលោភសិទ្ធិកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបាន លោក កាំង ម៉ូនីកា អគ្គ​លេ​ខា​ធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បដិសេធ ថា មិនមានករណីនេះ កើតទ្បើ ងទេ។ លោកថា យើង​​មិន​​អាច​យកចំណុចតូច១ រួច​មកវាយតំលៃជារួមទៅលើស្ថានភាពការងារ​រួមរបស់ កម្មករ បាន ទេ ហើយថា ​បើ​មាន​ករណី​ខ្វះ​​ចន្លោះ យើង​នឹងកែ​សម្រួល​។

លោក កាំង ម៉ូនីកា៖ (មិនមានបញ្ហានេះកើតទ្បើងទេ…ជាទូទៅយើងអនុវត្តលក្ខខណ្ឌការងាររបស់បងប្អូនកម្មករ​បានល្អលើសលុបទៅតាមច្បាប់ជាតិនឹងអន្តរជាតិ…)។

ការស្រាវជ្រាវថ្មីមួយរបស់អង្គការ Focus on the Global South​ ចេញផ្សាយ​ក្នុងឆ្នាំ​២០១៧​ បានរកឃើញថា បញ្ហា​ប្រឈម ដែលកម្មករនៅតំបន់​សេ​ដ្ឋ​​កិច្ច​ពិសេស ​​ក្នុង​ប្រទេស​កម្ពុជាកំពុង​ប្រឈម​ មានដូចជា ការបំពានសិទ្ធិ បញ្ហា​ប្រាក់​ឈ្នួល និងលក្ខខណ្ឌការងារ។

បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ២០កន្លែង ប៉ុន្តែ​ មាន​តែតំបន់សេដ្ឋកិច្ច​ពិសេស​៤ ប៉ុណ្ណោះ ដែលមានដំណើរការការងារសកម្ម រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​ភ្នំពេញ ខេត្ត​​ព្រះសីហនុ​ ក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ។ បើគិត​ចំនួន​​កម្មករ​​​ដែល​កំពុង​ធ្វើ​ការ​នៅ​​តំបន់​​សេ​ដ្ឋកិ​ច្ច​​​ពិសេស​ភ្នំពេញ និង​ខេត្តព្រះសីហនុ មាន​ចំនួន​ចន្លោះ​​​​​​ពី១៣ ០០០​នាក់ ទៅ  ១៦ ​០០០​នាក់ ​គិតចាប់ពីឆ្នាំ២០១៦មក៕

ដោយ ឈឹម ស្រីពៅ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ