មនុស្សម្នាក់ស្លាប់និង៤នាក់ស្ថិតក្នុងការសង្គ្រោះដោយសារពុលចំណីនៅខេត្ដសៀមរាប

ដោយ លោក បូ សាវី​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 2:41 PM | សន្ដិសុខសុខភាព | 0 | 3250

មនុស្សម្នាក់បានស្លាប់និង៤នាក់ទៀតកំពុងស្ថិតក្នុងការជួយសង្រ្គោះនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ខណៈមានមានអាការៈក្អួតចង្អោរ ដោយសារចំណីអាហារកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

អធិការនគរបាលស្រុកប្រាសាទបាគង លោក មិន ចន្ថា ឲ្យវីអូឌីដឹងនៅព្រឹកថ្ងៃពុធនេះថា ស្រី្ដវ័យ៧០ឆ្នាំម្នាក់ បានស្លាប់ និងមនុស្ស៤នាក់ទៀតមានអាការៈក្អួតចង្អោរ បន្ទាប់ពីពួកគាត់ទទួលទានផ្អកត្រីប្រៃនិងបន្លែ ក្នុងគ្រួសារមួយនៅភូមិបង្កោង ឃុំអំពិល កាលពីយប់ម្សិលមិញ។ លោកបានឲ្យដឹងថា ជនរងគ្រោះ៤នាក់ទៀត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ដ។ លោកបន្ដថា៖ «យកទៅឲ្យម្ដាយនៅវត្ដប្រហែលម៉ោង៩យប់ ហើយកូនចៅមកវិញ កូនចៅក៏ក្អួតចង្អោរដែរ ម្ដាយក៏ក្អួតដែរ។ គាត់ចាស់ស្រាប់អាយុឡើង៧០ឆ្នាំក៏ស្លាប់ទៅ ប្អូនកូនចៅគាត់នៅជិតមណ្ឌលសុខភាពជួយសង្គ្រោះបានទាន់ពេល រុញទៅមន្ទីរពេទ្យខេត្ដទៅអត់អីទេស្លាប់តែយាយឈ្មោះ គង់ ផ្លាយ»។

ករណីនេះប្រធានការិយាល័យប្រតិបត្តិសុខាភិបាលក្រុងសៀមរាប លោក នៅ ឡាយ មានប្រសាសន៍ថា ជនរងគ្រោះ៤នាក់នោះបានធូរស្រាលវិញហើយ។ លោកបន្ដថា មនុស្សទាំង៥នាក់បានហូបផ្អកត្រីប្រៃនិងប៉ុន្លែ ប៉ុន្ដែលោកថាមិនទាន់ដឹងពីសារធាតុពុលមកពីផ្អកត្រីប្រៃឬក៏បន្លែទេ ដោយលោកថាមន្រ្ដីជំនាញកំពុងចុះពិនិត្យ។លោកបន្ដថា៖ «យើងអត់ទាន់ដឹងច្បាស់ទេ យើងទៅមើលគេទៅអង្កេតរឿង។ រឿងហ្នឹងក្រែងមកពីបន្ថែបាញ់ថ្នាំឬត្រីប្រៃមានសត្វល្អិតនៅក្នុងហ្នឹង»។

ទោះជាយ៉ាងណា កាលពីសប្ដាហ៍មុនពលរដ្ឋក្មេងចាស់និងព្រះសង្ឃជាង៥០អង្គនិងនាក់ មានអាការៈរាគរួស និងក្អោតចង្អោរ ក្រោយពីទទួលទានផ្អកកំពឹសនៅក្នុងពិធីបុណ្យសពមួយ នៅភូមិអារញ្ញាសាគរ សង្កាត់សៀម ក្រុងសៀមរាប ប៉ុន្ដែទោះជាយ៉ាងណាជនរងគ្រោះទាំងនោះមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ដោយឡែកកាលពីចុងខែមីនា ឆ្នាំ២០១៦នេះ មនុស្សម្នាក់ស្លាប់និង៧នាក់ផ្សេងទៀត មានអាការៈ វិលមុខក្អួតចង្អោរ ក្រោយពេលពួកគាត់ទទួលទានត្រីក្រពតនិងស្រាស នៅស្រុកវ៉ារិន ខេត្ដសៀមរាប៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required