កម្ពុជាទទួលពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ពីអង់គ្លេស

កម្ពុជាទទួលពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ពីអង់គ្លេស (FreshNews)

កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ពីប្រទេសអង់គ្លេស ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុងឡុងដ៍។

ពានរង្វាន់អន្តរជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃព្រះអង្គម្ចាស់ Michael ត្រូវបានរៀបចំឡើងដោយស្ថាប័នមួយមានឈ្មោះថា RoadSafe ដែលដៃគូមនុស្សធម៌មួយមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហើយធ្វើការគៀរគរអ្នកតំណាងទាំងឡាយមកពីវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើការផ្នែកសុវត្ថិភាពចរាចរណ៍ឲ្យធ្វើការួមគ្នាដើម្បីកាត់បន្ថយការស្លាប់និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងសកលលោក។

លោក ស ខេង ត្រូវបានដកស្រង់សំដីក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមកថា «បន្ទាប់ពីមានការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងបានកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន៥០% ក្នុងឆ្នាំ២០២០ហើយដែលនឹងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋបានប្រមាណ ៧៣៥០នាក់នៅក្នុងប្រទេសកម្ពុជា»។

តាមរបាយការណ៍ រយៈពេល១១ខែ ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួនអ្នកស្លាប់ ២៥៩នាក់ និង អ្នករបួសថយចុះចំនួន៥៩៦នាក់  ប្រៀបធៀបនឹងឆ្នាំ២០១៥។

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា គិតថាការផ្តល់ពានរង្វាន់នេះគឺជាការលើកទឹកចិត្តមួយសំរាប់ប្រទេសកម្ពុជា ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចេណ៍នៅតែជាមូលហេតុធំទីមួយដែលធ្វើឲ្យមានមនុស្សស្លាប់និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ លោកបន្តថា៖ «ចំណុចខ្វះខាតដែលយើងត្រូវខិតខំប្រឹងប្រែងបន្តទៀតដូចជា ការអនុវត្តរឹតបន្តឹងច្បាប់របស់យើងពុំទាន់ផ្តោតទៅលើមូលហេតុដែលបង្ករឲ្យមានគ្រោះថ្នាក់ដូចជា ការបើកបរហួសល្បឿនកំណត់ និងបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅធូររលុង ប្រជាពលរដ្ឋនៅតែប្រព្រឹត្តល្មើស…»។

កាលពីឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានសម្លាប់ជីវិតមនុស្ស ៣០ដងច្រើនជាងចំនួនអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីនឬអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបូកបញ្ចូលគ្នាទៅទៀត។

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ ក៏បានតម្រូវជាលើកដំបូងឱ្យអ្នករួមដំណើរតាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពបន្ថែមពីលើការកំណត់តែចំពោះអ្នកបើកបរ និងបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦មក។

បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូបានកើនឡើងបីដង និង បានបង្ការមនុស្ស៣៤៩នាក់ពីការរងគ្រោះថ្នាក់ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានការពារការខាតបង់ ថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ