រដ្ឋាភិបាលបន្ទោសពលរដ្ឋថាមិនបានរាយការណ៍ទាន់ពេលករណីពុលស្រាសដល់ស្លាប់

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 5:19 PM | សុខភាព | 0 | 2400 អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់

មន្រ្តីរដ្ឋាភិបាលបន្ទោសពលរដ្ឋមួយចំនួននៅខេត្តកំពង់ឆ្នាំងថា ធ្វេសប្រហែសមិនបានរាយការណ៍ព័ត៌មានទៅអាជ្ញាធរភ្លាមៗ ពាក់ព័ន្ធនឹងការពុលស្រាស ទើបបណ្តាលឲ្យមនុស្សស្លាប់បន្តកើនឡើង។

គិតត្រឹមថ្ងៃទី១៤ ខែធ្នូនេះ មនុស្ស១៥នាក់បានស្លាប់ និង៧៧នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីពុលស្រាសនៅក្នុងពិធីបុណ្យសព ស្ថិតនៅឃុំក្តុលសែនជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងសន្និសីទកាសែតនៅព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានថ្លែងថាពលរដ្ឋដែលបន្តពុលស្រាស្លាប់ ដោយសារតែពួកគេមិនបានរាយការណ៍ភ្លាមៗករណីនេះទៅអាជ្ញាធរ ដើម្បីចុះទប់ស្កាត់៖ «ករណីនេះមិនមែនទើបតែកើតមានថ្ងៃទី៨ធ្នូនេះទេ កើតមានតំាងពីថ្ងៃទី៣ ខែវិច្ឆិកាមកម្លេះ ហើយស្លាប់ម្នាក់គាត់ធ្វើបុណ្យ ធម្មតាយើងតែងតែជួបគ្នា ផឹកតែ ផឹកទឹកក្តៅ ប៉ុន្តែយកស្រាដែលមិនដឹងប្រភពច្បាស់លាស់ គាត់យកទៅចែកហូប ក៏ពុលបន្តទៀត ហើយព័ត៌មាននេះអត់បានមកដល់យើងខ្ញុំភ្លាមៗ ដូច្នេះធ្វើឲ្យមានការសោកស្តាយ ធ្វើឲ្យស្លាប់ជាបន្តបន្ទាប់រហូតដល់ថ្ងៃ៨ធ្នូ បានសរុបទំាងអស់១០ករណី(ស្លាប់១០ករណី) បាននាំគ្នាដឹងព័ត៌មាន បានយើងចុះទៅភ្លាមៗចាត់វិធានការ»។

លោក លី សូវ៉ាន់ បានបញ្ជាក់ថា ក្រុមមន្ត្រីមកពីស្ថាប័នថ្នាក់ជាតិ អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រ បានរកឃើញថា ស្រាសនោះមានកម្រិតមេតាណុល លើសពី១.៤៧% ខណៈកម្រិតមេតាណុលធម្មតាត្រឹម០.១៥%តែប៉ុណ្ណោះ។ លោកថា ករណីនេះបណ្តាលឲ្យមនុស្ស១៥ស្លាប់ និង៧៧នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

លើសពីនេះទៀត មន្ត្រីសុខាភិបាលរូបនេះបានប្រាប់ទៅពលរដ្ឋដែលជួបបញ្ហាប្រឈមដូចជា បញ្ហាសុខភាព ការពុលស្រាជាដើម ត្រូវរាយការណ៍ព័ត៌មានទៅក្រសួងសុខាភិបាលតាមរយៈលេខទូរសព្ទ ១១៥

អ្នកប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ច លោក សួន ប៊ុនស័ក្តិ យល់ថា ក្រសួងសុខាភិបាលមិនគួរបន្ទោសប្រជាពលរដ្ឋដែលថាមិនបានរាយការណ៍ករណីមនុស្សស្លាប់ដោយសារពុលស្រានៅខេត្តកំពង់ឆ្នាំងនោះទេ។ លោកថា ការបន្ទោសនេះជាកម្សោយការដឹកនាំរបស់មន្ត្រីថ្នាក់ក្រោមនិងប៉ះពាល់ដល់ការគ្រប់គ្រងអភិបាលកិច្ចរបស់រដ្ឋាភិបាល៖ «ចំណុចនេះវាប៉ះពាល់ទៅដល់កិច្ចការអភិបាលកិច្ចទូទៅ ពីព្រោះក្នុងការគ្រប់គ្រងរដ្ឋ អាជ្ញាធរជាអ្នកមានកាតព្វកិច្ចចម្បងសម្រាប់ការពារសន្តិសុខជូនប្រជាពលរដ្ឋ សេចក្តីសុខជូនប្រជាពលរដ្ឋ សេចក្តីសុខជូនប្រជាពលរដ្ឋ សុភមង្គលជូនប្រជាពលរដ្ឋ ហើយបើកាលណាមានដៃមានជើងមានរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ ហើយយើងធ្វើការមិនបានដិតដល់បណ្តោយឲ្យប្រជាពលរដ្ឋស្លាប់អស់ជាច្រើននាក់ ដោយសារតែពុលម្ហូបអាហារ ខ្ញុំគិតថានេះជាកម្សោយនៃរចនាសម្ព័ន្ធរដ្ឋបាល ថ្នាក់ក្រោម វាប៉ះពាល់ដល់អភិបាលកិច្ចទូទៅរបស់រដ្ឋ»។

បើតាមព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង ម្ចាស់សិប្បកម្មបិទស្រាសដែលដាក់ជាតិមេតាណុលលើសកំរិត បណ្តាលពុលស្លាប់នោះ ប្រឈមជាប់ទោសដាក់ពន្ធនាគារចន្លោះពី៧ទៅ១៥ឆ្នាំ។

កាលពីឆ្នាំ២០១៥ ពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រាសនេះផងដែរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required