មេ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី​ចាញ់​ក្ដី​បណ្ដឹង​​ជំទាស់​សាលដីកា​កាត់​ទោស​រឿង​រួម​ភេទ​បុរស​ដូច​គ្នា

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Reuters)

មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីដែលកំពុងជាប់ឃុំ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបរាជ័យក្នុងការតស៊ូក្ដីដើម្បីសេរីភាពរបស់លោក នៅថ្ងៃនេះ បន្ទាប់ពីតុលាការសហព័ន្ធម៉ាឡេស៊ី បានទាត់ចោលបណ្ដឹងឧទ្ធរណ៍របស់លោក ជំទាស់ទៅនឹងការកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ជុំវិញរឿងក្ដីរួមភេទជាមួយបុរសដូចគ្នា។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

សារព័ត៌មានសិង្ហបុរីមួយនេះ បានផ្សាយបន្តថា ក្រុមប្រឹក្សាចៅក្រមដែលមានសមាជិក ៥រូប បានសម្រេចជាឯកឆ័ន្ទថា បណ្តឹងឧទ្ធរណ៍របស់លោក អាន់វ៉ា ឲ្យសើរើការកាត់ទោសកាលពីឆ្នាំ២០១៤កន្លងមកនោះ មិនមានសាកសមនោះឡើយ។ នេះគឺជាការតស៊ូក្ដីតាមផ្លូវច្បាប់ចុងក្រោយរបស់លោក អាន់វ៉ា ហើយបន្ទាប់ពីនេះទៅ លោកនឹងត្រូវអនុវត្តទោសនៅសេសសល់ចំនួន ១៦ខែទៀត។

លោក អាន់វ៉ា ដែលធ្លាប់ជាបុគ្គលមានអំណាចនៅក្នុងបក្សកាន់អំណាចនោះ គឺជាកម្លាំងគំរាមកំហែងដ៏ខ្លាំងបំផុតចំពោះអំណាចលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ និងរដ្ឋាភិបាលចម្រុះរបស់លោក បន្ទាប់ពីលោកដឹកនាំសម្ព័ន្ធបក្សប្រឆាំង ឈានទៅរកជ័យជម្នះការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៣កន្លងមក។

មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងរូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទរួមភេទជាមួយអតីតជំនួយការរបស់លោកដែលជាបុរសដូចគ្នា ហើយការចោទប្រកាន់នេះ ត្រូវបានលោក អាន់វ៉ា និងអ្នកគាំទ្ររបស់លោក និយាយថា គឺជារឿងនយោបាយដែលត្រូវបានគេប្រឌិតឡើងដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក អាន់វ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ