ស្ដេចប្រដាល់ ប៉ាក់គីអៅ ​ថាស្រឡាញ់កម្ពុជា និងប្រកាស​​​​មកកម្ពុជាជា​​លើកទី​២

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 7:49 AM | កំសាន្ដកីឡា | 0 | 37653 លោក ប៉ាក់គីអៅ (Manny Pacquiao)

កាលពីល្ងាចថ្ងៃទី១៣ខែធ្នូ កីឡាករល្បីឈ្មោះលំដាប់ពិភពលោក លោកប៉ាក់គីអៅ (Manny Pacquiao) បានមកដល់កម្ពុជា ដោយមានជនជាតិហ្វីលីពីន និងអ្នកគាំទ្រខ្មែរយ៉ាងកុះករនៅចាំទទួលជាពិសេសនៅក្នុងពិធីសំណេះសំណាលរបស់ប្រធានាធិបតីហ្វីលីពីន ដែលលោកអមដំណើរ ដែលបានធ្វើឡើងនៅក្នុងសណ្ឋាគារទំនើបមួយក្នុងរាជធានីភ្នំពេញ។ ក្នុងដំណើរបង្ហាញខ្លួននោះ លោកបានបញ្ជាក់ថាលោកស្រឡាញ់កម្ពុជា និងមានគម្រោងចុះមកកាន់កម្ពុជាជាលើកទី២ បើទោះជាលោកមិនច្បាស់ពីការកំណត់សម្រាប់ដំណើរមួយនោះនៅឡើយ។

មានការកត់សម្គាល់យ៉ាងខ្លាំង ក្នុងពេលប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានមកទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយបានដឹកដៃកកីឡាករលំដាប់ពិភពលោកជាជនជាតិហ្វីលីពីន គឺលោកប៉ាក់គីអៅ ឲ្យអមដំណើរក្នុងដំណើរទស្សនកិច្ចនោះដែរ។

អ្នកគាំទ្រយ៉ាងច្រើនកុះករត្រូវគេឃើញចោមរោមកីឡាកររូបនេះ តាំងពីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពីក្បាលព្រលប់រហូតមកដល់ពិធី ដែលបានរៀបចំនៅក្នុងសណ្ឋាគារ។ យ៉ាងណាមិញ អ្នកគាំទ្រមិនច្រើននោះទេ ដែលមានឱកាសបានថតរូបស្និទ្ធស្នាលជាមួយលោក ប៉ាក់គីអៅ ដោយសារតែមានអង្គរក្សស្អេកស្កះការពារ ហើយដោយសារតែអ្នកគាំទ្រចោមរោមច្រើនពេក លោកក៏ត្រូវអ្នកការពារបញ្ចៀសចេញលឿនស្លេវដើម្បីរក្សាសុវត្ថិភាព។

នៅលើវេទិកាកីឡាករប៉ាក់គីអៅ មិនមានមតិយោបល់ណាមួយជាសាធារណៈនោះទេ តែលោកប្រធានាធិបតីហ្វីលីពីន បានអះអាងថាក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤ធ្នូ នៅក្នុងប្រទេសកម្ពុជា កីឡាករប៉ាក់គីអៅ នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងតំបន់ជាបន្តទៀត។

ងាកមកកាន់កីឡាករប៉ាក់គីអៅ ឯណោះវិញ លោកមិនត្រូវបានអ្នកការពារផ្ដល់ពេលវេលាឲ្យឈរសម្ភាសន៍ជាមួយអ្នកកាសែតនោះទេ ប៉ុន្តែមុនពេលចាកចេញលោបានឆ្លើយសំណួរមួយចំនួនមួយមានខ្លឹមសារលោកស្រឡាញ់កម្ពុជា និងគ្រោងចុះមកជាលើកទី២ជាថ្មីម្ដងទៀត។ លោកបាននិយាយថា លោកមានការចាប់អារម្មណ៍ចំពោះកម្ពុជា ទើបលោកសម្រេចចិត្តអមដំណើរ ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាលើកនេះ ហើយលោកក៏មានគម្រោងមកកាន់ប្រទេសនេះជាថ្មីផងដែរ ដើម្បីមានឱកាសបានស្គាល់កម្ពុជាបានកាន់តែច្រើន និងចង់ដើរលេងជាលក្ខណៈឯកជននៅក្នុងប្រទេសកម្ពុជា។

លោកថា ខ្លួនចុះមកលើកក្រោយនឹងមកជាលក្ខណៈទេសចរណ៍ ដោយសារតែលោកក៏ចង់មានពេលដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាដូចគ្នានឹងប្រទេសដែលលោកធ្លាប់ទៅកម្សាន្តផងដែរ។ យ៉ាងណាមិញ លោកបានឆ្លើយតបនឹងសំណួរចុងក្រោយថា មិនច្បាស់ពីពេលវេលាក្នុងការមកកាន់កម្ពុជាជាលើកទី២ នោះទេ ដោយសារតែលោកក៏មានកិច្ចការរាប់មិនអស់ត្រូវបំពេញមិនទាន់ដកឃ្លារួច។ ការបញ្ជាក់យ៉ាងខ្លីនេះ គឺមានន័យថាកម្ពុជាក៏ជាមុខសញ្ញាមួយរបស់ស្ដេចប្រដាល់ពិភពលោកលោកប៉ាក់គីអៅ ដែលចង់មកកម្សាន្តផងដែរ បើទោះជាពេលកន្លងមកលោកមិនដែលមានឱកាសមកលេងប្រទេសកម្ពុជាជាលក្ខណៈឯកជន ដែលមិនខុសពីជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដើម្បីអោយមានការចាប់អារម្មណ៍ទៅដល់ពិភពលោកនោះ។

លោក ប៉ាក់គីអៅ នឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរីក្រោយបញ្ចប់ដំណើរទស្សនកិច្ចជាលើកដំបូងជាមួយលោកប្រធានាធិបតីហ្វីលីពីននៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញខ្លួនរបស់លោកជាលើកដំបូងនេះ បានជួយឲ្យប្រទេសកម្ពុជាទទួលការចាប់អារម្មណ៍ថែមមួយកម្រិតពីបណ្ដាញសារព័ត៌មានអន្តរជាតិ ខណៈដែល ប៉ាក់គីអៅ បើមានវត្តមានជាលើកទី២ ដូចការអះអាងនោះពិតជាធ្វើប្រទេសកម្ពុជានឹងក្លាយជាចំណាប់អារម្មណ៍ថ្មីមួយលើវិស័យទេសទេចរណ៍។

វត្តមានរបស់លោកនៅថ្ងៃទី១ ធ្វើឲ្យអ្នកគាំទ្រជ្រួលជ្រើម និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺជនជាតិហ្វីលីពីនដែលបានទទួលលោកនៅខាងក្រៅ និងខាងក្នុងពិធី ដោយសារតែលោកគឺជាកីឡាករល្បីលំដាប់ពិភពលោក។ យ៉ាងណាក៏ដោយ គេជឿជាក់ថាការប្រកាសមកកាន់កម្ពុជាជាលើកទី២ ក្នុងពេលខាងមុខ បន្ទាប់ពីលោកក៏បានបញ្ជាក់ថាកម្ពុជាជាប្រទេសដែលលោកចង់ចាប់អារម្មណ៍ និងចង់មកកម្សាន្តជាលក្ខណៈឯកជន បន្ទាប់ពីលោកអាចលៃពេលវេលាក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៅតាមប្រទេសក្នុងតំបន់៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required