ប៉ាក់គីអៅ ប្រកាសជួយ​វិស័យកីឡានៅកម្ពុជា

ស្តេចប្រដាល់លោក ប៉ាក់គីអៅ (សុខ ឆាយ)

ក្នុងជំនួបជាមួយប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ ស្តេចប្រដាល់លោក ប៉ាក់គីអៅ (Manny Pacquiao) បានឲ្យដឹងថា លោកនឹងជួយជម្រុញដល់វិស័យកីឡានៅកម្ពុជា។ ជាមួយនឹងការសន្យាដ៏សំខាន់មួយនេះ កីឡាករ ប៉ាក់គីអៅ ក៏បានប្រកាសថា លោកនឹងចុះមកធ្វើជាភ្ញៀវកិត្តិយស ក្នុងពេលប្រទេសកម្ពុជាបើកសម្ពោធព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

តបនឹងសំណើរបស់លោក ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជាដែលស្នើសុំឲ្យកីឡាករ ប៉ាក់គីអៅ ចុះមកជួយបង្ហាត់បង្ហាញពីបច្ចេកទេសដល់កីឡាករកម្ពុជា កីឡាករ ប៉ាក់គីអៅ បានអះអាងថា លោកនឹងទទួលយកសំណើនេះ ហើយបានប្រកាសថាលោកនឹងលៃពេលវេលាចុះមកជួយក្នុងការបង្ហាត់បង្ហាញដល់កីឡាករកម្ពុជាក្នុងពេលបន្តបន្ទាប់។

លោក ប៉ាក់គីអៅ ថាក្នុងដំណើរចុះមកដល់កម្ពុជាជាលើកទី២ លោកនឹងធ្វើការជជែកលម្អិតលើបញ្ហានេះ និងជួយបណ្ដុះបណ្ដាលដល់កីឡាករកម្ពុជាឲ្យមានសមត្ថភាពលើអាជីពប្រដាល់សកល។ លោកបានថ្លែងថា វិស័យកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចំរើន ហើយបើមានការជួយជម្រុញបំពេញបន្ថែមនោះពិតជាកាន់តែ ចំរើនល្អប្រសើរ អ៊ីចឹងហើយទើបសម្រេចចិត្តទទួលយកសំណើរបស់ថ្នាក់ដឹកនាំកីឡាកម្ពុជាក្នុងគម្រោងចុះមកជួយបង្ហាត់ដល់កីឡាករកម្ពុជានាពេលខាងមុខនោះ។

លោក ប៉ាក់គីអៅ បន្តថាក្នុងពេលខាងមុខ លោកនឹងធ្វើដំណើរមកកាន់កម្ពុជាជាលក្ខណៈផ្លូវការ ដើម្បីមានពេលពិភាក្សាលើកិច្ចការនេះនិងជួយជម្រុញដល់វិស័យកីឡាប្រដាល់នៅកម្ពុជា។ លោកថាខ្លួននឹងជម្រុញឲ្យមានសន្ទុះប្រែប្រួលលើវិស័យកីឡានៅកម្ពុជា ដោយលោករំពឹងពឹងកីឡាករនៅក្នុងប្រទេសកម្ពុជាក៏នឹងមានធនធានអាចក្លាយជាកីឡាករប្រដាល់អាជីពជាអន្តរជាតិបានល្អផងដែរ។

លោក ប៉ាក់គីអៅ ថាលោកនឹងមកចូលរួមនៅពេលប្រទេសកម្ពុជាបើកព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ២០២៣ឲ្យបានដាច់ខាត ដើម្បីចូលរួមលើកស្ទួយដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកទឹកចិត្តដល់កីឡាករហ្វីលីពីនដែលមកប្រកួតនៅពេលនោះផង។

ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា លោក ថោង ខុន បានបង្ហាញការសារទចំពោះកីឡាករប៉ាក់គីអៅ ដែលបានយល់ព្រមទទួលយកសំណើចុះមកជួយបង្ហាត់បង្ហាញដល់កីឡាករកម្ពុជា។ បើទោះជាពេលវេលាជាក់លាក់នៅមិនទាន់បានកំណត់ ប៉ុន្តែលោកថាកម្ពុជានៅតែរំពឹងយ៉ាងមុតមាំថាស្ដេចប្រដាល់ ប៉ាក់គីអៅ នឹងរៀបចំពេលវេលាណាមួយមកបង្ហាត់ដល់កីឡាករកម្ពុជាតាមការប្រកាសឡើង។ លោកថា វត្តមានរបស់កីឡាករពិភពលោក ប៉ាក់គីអៅ នៅក្នុងប្រទេសកម្ពុជាគឺជារឿងដែលមានមជ្ឈដ្ឋានភាគច្រើនចាប់អារម្មណ៍ចំពោះកម្ពុជា។ ក្នុងនោះវិស័យទេសចរណ៍ក៏មានការទាក់ទាញផងដែរ នៅពេលមានការចុះផ្សាយថាកីឡាករ ប៉ាក់គីអៅ បានចុះមកដល់កម្ពុជាបែបនេះ។

កម្ពុជានឹងស្នើដោយទទូចបន្ថែមឲ្យកីឡាកររូបនេះបានរួមចំណែកលើកស្ទួយដល់វិស័យប្រដាល់នៅកម្ពុជាក្នុងពេលខាងមុខ ដោយលោកជឿថាគម្រោងចុះជួយបង្ហាត់បង្ហាញដល់កីឡាករកម្ពុជារបស់លោក ប៉ាក់គីអៅ នឹងក្លាយជារឿងប្រសើរមួយសម្រាប់វិស័យប្រដាល់នៅប្រទេសកម្ពុជានាពេលអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ