អត្ថបទខ្នាតវែង៖ អ្នក​ភូមិ​ខ្លះ​ត្រូវ​ធ្វើ​ដំណើរប្រហែល៥០គីឡូម៉ែត្រ​ ដើម្បី​ទៅ​ដល់​សាលាឃុំ

សាលាឃុំ​បឹង​ល្វា ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ

ឃុំ​បឹង​ល្វា គឺជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ចំនួនដប់នៃ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ។ ឃុំ​នេះ​មានភូមិចំនួន១៣ ដែល​មានពលរដ្ឋ​រស់នៅប្រមាណជា​ជិត​ពីរពាន់គ្រួសារ​ ដែលមាន​ប្រជាជនសរុប​ប្រមាណជា​ជិត​មួយម៉ឺននាក់។ ឃុំ​បឹង​ល្វា​មាន​ភូមិ​សាស្រ្តខាង​ជើ់ង​ជាប់​នឹង​ឃុំ​ទំរីង ខាងត្បូងជាប់​នឹង​ឃុំ​អូរម្លូរ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម ខាង​លិច​ជាប់នឹងឃុំ​ក្រយ៉ា​ ស្រុក​សន្ទុក និង​ខាងកើត​ជាប់នឹងឃុំ​សោម ខេត្ត​ក្រចេះ។

យើង​ត្រូវ​ធ្វើ​ដំណើរលើចម្ងាយ​ផ្លូវ​ប្រហែលជាជិ​តពីររយគីឡូម៉ែត្រ ដើម្បី​ទៅ​ដល់ឃុំ​បឹង​ល្វា។​ បើ​តាម​ស្ថានភាព​ប្រជាសាស្រ្ត​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សន្ទុក​ ក៏​ដូចជា​ឃុំល្វា​ភាគច្រើនគឺជា​កសិករ និង​មួយភាគតូចគឺជាជាង​ចម្លាក់។

អ្នក​យក​ព័ត៌មានពលរដ្ឋ​​របស់ VOD លោក ហ៊ុន​ ឌីម៉ូ បានចំណាយពេ​ល​៧ម៉ោង​ដោយធ្វើ​ដំណើរ​ចេញពីភ្នំពេញទៅ​ដល់​សាលាបឹងឃុំ​ល្វាកាលពី​ខែ​វិច្ឆិកា។

លោក​បាន​ជួបជាមួយនឹង​ពលរដ្ឋ​មួយចំនួន​នៅក្នុងឃុំនេះ ដើម្បី​ស្វែងយល់​អំពីប្រសិទ្ធ​ភាព​នៃការ​ចូលរួម​របស់របស់ពួកគេ​នៅក្នុងការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​មូលដ្ឋាន។

ទីនេះឈ្មោះ​ថា​ភូមិ​កពប់​អំបិល។ វា​ជាភូមិ​មួយក្នុង​ចំណោម​ភូមិ​ទាំង​ដប់បី​នៃ​ឃុំ​បឹង​ល្វា។ សាឃុំ​ត្រូវ​បាន​សាង​សង់ឡើង​នៅក្នុង​ភូមិ​នេះ។ ជា​សំណង់​ទាម​ ធ្វើ​ពីឈើ​ប្រក់ក្បឿង​ស្រការលេញ សាលាឃុំ​បឹង​ល្វាត្រូវ​បាន​សាង​សាងឡើង​កាលពី​ឆ្នាំ២០១២ បន្ទាប់ពី​សាលាឃុំ​បឹង​ល្វានេះ​ត្រូវ​បាន​ប្រកាស​បង្កើតឡើង​។ ​​

ផ្ទាំង​បដា​ព័ត៌មាន​ពីការ​ចុះឈ្មោះ​បោះឆ្នោត​ ត្រូវ​បាន​ព្យួរនៅ​ខាងមុខ​សាលាឃុំ។ ដោយ​ស្ថិតនៅលើទីតាំងដែល​មិន​ទាន់មាន​របងហ៊ុំ​ព័ទ្ធនៅឡើយ សាលាឃុំ​នេះ​មិន​មានក្តា​ព័ត័មាន​ដូច​សាលា​ឃុំ​ភាគច្រើនផ្សេងទៀតនោះទេ។

អ្នក​យក​ព័ត៌មាន​ពលរដ្ឋ​របស់​ VOD នៅក្នុងខេត្ត​កំពង់​ធំ គឺលោក ហ៊ុន ឌីម៉ូ បាន​ទៅសម្រាក​លេងនៅ​សាលា​ឃុំនៅកាល​ពី​ខែ​វិច្ឆិកា៖ «សមាជិកក្រុម​ប្រឹក្សាឃុំ​បឹងល្វា​មាន​ប្រាំ​រូប មានកូតា​គណបក្ស​ប្រជាជនកម្ពុជា​បួនរូប និងគណបក្ស​សង្គ្រោះ​ជាតិ​មួយរូប។ មានភូមិ​ស្របច្បាប់​និង​មិនទាន់​ស្រប​ច្បាប់​មាន​២៤ ហើយ​ភូមិ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​មាន១៣។ ចំពោះ​ភូមិ​ត្រពាំងកកោះដែល​ឆ្ងាយ​ជាង​គេ​នៅក្នុងឃុំ​គឺ​មាន​ចម្ងាយ៥០គីឡូម៉ែត្រ​ពីសាលា​ឃុំ។ ហើយ​ភូមិ​ដែលមាន​ចម្ងាយ​មធ្យម​គឺ​ប្រហែលសាមសិបគីឡូម៉ែត្រគឺ​ភូមិ​ត្បែង។ ភូមិ​ដែល​នៅជិត​គឺមានចម្ងាយ​ផ្លូវ​ពីរគីឡូម៉ែត្រ»។​​

លោក ហ៊ុន ឌីម៉ូ​ ក៏​បាន​ពិនិត្យ​មើល​ផងដែរ​អំពី​ប្រភេទនៃ​ព័ត៌មាន​ផ្សេងៗ​ ដែល​បាន​បិទ​នៅក្នុង​សាលា​ឃុំនេះ៖ «នៅពេលនេះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ដល់​ឃុំ​បឹង​ល្វា។ សាលា​ឃុំនេះ​បាន​កសាង​ឡើងនៅក្នុង​ឆ្នាំ២០១២ ដែល​មានទំហំ​ប្រាំ​បី​គុណ​នឹង​ដប់​ពីរ​ម៉ែត្រ​។ វា​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង។ ខ្ញុំ​បាន​ចូល​ក្នុង​សាលា​ឃុំ​ ហើយ​បាន​ឃើញ​មានការ​បិទ​ប្រកាសព័ត៌មានផ្សេងៗ​ដើម្បី​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ដឹងពី​សេវាកម្ម​ផ្សេងៗ​ដែល​ឃុំ​បម្រើ​ជូន​ពលរដ្ឋ។ ក្នុងនោះដែរបាន​ឃើញ​ផ្លាក​សញ្ញា​របស់សហគមន៍​អឺរ៉ុប​និង​ CCIM មាន​ព័ត៌មាន​របស់​អង្គការ​ទស្សនៈពិភពលោក​ដែល​អប់រំ​បញ្ឈប់​អំពើ​ហឹង្សាលើកុមារ និងស្រ្តី​ រួម​ទាំង​ការ​បញ្ឈប់​ការ​ជួញដូរ​ផ្លូវ​ភេទ។ នៅ​ខាងមុខ​សាលា​ឃុំ​មាន​បដា​ប្រកាស​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត។ មានតម្រៀប​តុកៅអី និង​ទូដាក់​ឯក​សាររបស់​សាលាឃុំ។ មានបដា​អប់រំ​អំពី​អាហារ​រូបត្ថម្ភ។ ពលរដ្ឋ​ពលរដ្ឋ​ខ្លះ​បាន​មក​សលាឃុំ​នៅ​ពេល​ខ្ញុំ​មក​ដល់ទីនេះ​ដើម្បី​ស្នើ​ឃុំ​ជួយដោះស្រាយ​បញ្ហា​ដីធ្លី​»។

ជាការ​ពិត​ណាស់​ដែល​ថា​ ព័ត៌មាន​ដែលមានការ​បិទ​ផ្សាយដូចជា​ការ​ដំណើរការនៃការ​ចុះ​ឈ្មោះ​បោះឆ្នោតនិង​ព័ត៌មាន​ផ្សេងៗ​ដែល​លោក ​ឌីម៉ូ បាន​ជម្រាប​ជូន​នេះ គឺជា​ផ្នែក​មួយនៃការ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។ វាគឺជា​ផ្នែក​យ៉ាង​សំខាន់​ដើម្បី​ជម្រុញ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ចូលរួម​នៅគ្រប់ដំណើរការ​នៃ​សេចក្តី​សម្រេច​ចិត្ត។

ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម សីហមុនី បាន​ឡាយ​ព្រះ​ហត្ថលេខា​ឲ្យ​ប្រើ​ច្បាប់ស្ពីពីការ​អនុម័តយល់​ព្រម​លើ​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​២០១៤-២០១៨កាលពី​ខែ​កក្កដា ឆ្នាំ២០១៤។ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មានឲ្យ​មានគណកម្មាធិការ​ជាតិ​ដើម្បី​ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

គណៈកម្មាធិការ​នេះ​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាម​បែ​បប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិឆ្នាំ២០១០-២០១៩។ ចំណុច​សំខាន់​មួយនៃ​ជំពូក​២ក្នុងកម្មវិធីជាតិ​នេះ​បាន​សរសេរ​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​មានចក្ខុវិស័យ​ក្នុង​ការ​បង្កើត ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់​រដ្ឋបាល​ខេត្ត​ ក្រុង ស្រុក ខណ្ឌ ឃុំ​ សង្កាត់​ដោយ​ឈរលើ​គោលការណ៍នៃការ​ចូលរួម​តាមលក្ខណៈ​ប្រជាធិបតេយ្យ ហើយ​ត្រូវ​ដំណើរការ​ប្រកប​ដោយ​តម្លាភាព​ និងគណនេយ្យភាពដើម្បី​ជម្រុញ​កិច្ច​អភិវឌ្ឍមូលដ្ឋាននិង​ការ​ផ្តល់​សេវា​សាធារណៈ​ដើម្បីឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ»។

កម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក៏​បាន​បង្ហាញពីការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធានា​ឲ្យ​មានការ​ចូលរួម​​ពី​ប្រជាពលរដ្ឋក្នុងដំណើរការ​ធ្វើ​សេចក្តី​សម្រេចរបស់​ក្រុម​ប្រឹក្សា​នៅ​ថ្នាក់ក្រោម​ជាតិ។

យ៉ាង​ណាមិញ កា​រអនុវត្តនិង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នៃការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅក្នុងការ​ធ្វើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សាឃុំបឹង​ល្វា​ប្រហែលជានៅ​ជួប​បញ្ហា​ប្រឈម​ច្រើន។

អ្នកស្រី គឹម ទឹង អាយុ៦៤ឆ្នាំជាស្រ្តីមេផ្ទះ។ គាត់​រស់នៅភូមិកំពប់អំបិល មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលាឃុំបឹងល្វា។​​លោក​ស្រី គឹម ទឹង ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​ធ្លាប់​បាន​ចូលរួម​ប្រជុំ​ឃុំ ហើយ​ក៏​ធ្លាប់​បាន​លើក​ពី​បញ្ហា​ដើម្បី​ឲ្យ​ឃុំ​ជួយ​ដោះស្រាយ​ដែរក្នុងនោះមានករណី​តម្លៃ​កសិផល​ចុះ​ថោកនិងគ្មានទីផ្សារជាដើម៖ «ដូចជារឿង​ទឹក​ចម្រោះអី​ហ្នឹង ប្រជាជនចង់បាន ផ្លូវថ្នាល់ខូច គ្រលុក បង្គន់អនាម័យ យើង​សំណូមពរឃុំទៅ​ខាងអង្គការគេចុះ​មក​ធ្វើ​ឲ្យ​យើង»។

ឃុំ​បឹង​ល្វា​មាន​សមាជិកក្រុម​ប្រឹក្សាចំនួន៥នាក់។ ដូចដែលការ​រៀរាប់​របស់​លោក ហ៊ុន ឌីម៉ូ ក្រុម​ប្រឹក្សាឃុំ​៤នាក់​តំណាង​មកពីគណបក្ស​ប្រជាជនកម្ពុជា និង​មួយនាក់​តំណាង​មក​ពីគណបក្ស សម រង្ស៊ី ដែល​រួម​គ្នា​ជាមួយគណបក្ស​សិទ្ធិមនុស្ស​ ក្លាយជា​គណបក្ស​សង្គ្រោះជាតិ​ពេលបច្ចុប្បន្ននេះ​។​

អ្នក​ភូមិ​មួយចំនួន​បាន​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ចំការ​កៅស៊ូរ ដែល​នៅ​ចម្ងាយ​ប្រមាណជា២ទៅ៥គីឡូម៉ែត្រ​ពីភូមិ។អ្នកស្រី សែ បូរី អាយុ ៣០ឆ្នាំ។ គាត់​គឺជាកម្មការនីក្រុមហ៊ុនចំការកៅស៊ូវៀតណាមឈ្មោះភឿកហ្វ័វ។

កម្មការិនី​ចំការ​កៅ​ស៊ូរ​រូបនេះ ហាក់​មិន​បាន​ដឹង​អំពី​ដំណើរការនានានៃការ​ងារ​របស់ឃុំនោះទេ ហើយ​កាន់​តែ​មិន​បាន​ចូលរួម​នៅក្នុង​ដំណើ​រការ​នៃការសម្រេចចិត្ត​របស់ក្រុម​ប្រឹក្សាឃុំ​ទៅទៀត៖ «ខ្ញុំមិនសូវដែលបាននៅផ្ទះដែរ ពេលត្រូវការគេហៅប្រជុំពុក ម៉ែទេទៅប្រជុំ ចំណែកខ្ញុំនៅតែក្រុមហ៊ុនទេ គ្មានពេលវេលាមកប្រជុំទេ»។

ក្រៅ​តែ​បាន​ជួប​ជាមួយនឹងកម្មការនី​ចំការកៅស៊ូ លោក ​ឌីម៉ូ​ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយនឹង​ជាង​ជួសជុស​រថ​យន្ត​ម្នាក់​នៅក្នុង​ភូមិ​ក្បែរ​នោះដែរ។

លី វ៉ាន់ខួច ​មាន​មុខ​របរ​ជាជាង​ជួសជុសគ្រឿង​យន្ត។ បើ​ទោះបី​ជាមិន​សូវ​មាន​រថយន្ត​ឆ្លងកាត់​ផ្លូវនៅ​ក្នុង​ភូមិ​នេះ​ប៉ុន្តែ​អតិថិជន​របស់គាត់​គឺជាគោយន្ត ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ពេញ​និយម​នៅ​តំបន់​ចំការ​ដូច​ជា​ឃុំបឹង​ល្វានេះ។បុរស​វ័យ​៣៧ឆ្នាំ​រូបនេះ និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មិន​ដែលមាននរណា​អញ្ជើញ​គាត់​ឲ្យ​ទៅ​ប្រជុំនោះទេ។ ប៉ុន្តែគាត់​និយាយ​ថា​គាត់​ក៏​រវល់​ច្រើន​ទៅទៀត៖ «អត់ មិនដែលបានលើកបញ្ហានិងទេ បើសិនប្រជុំបានឲ្យមានមតិ ប្រជាជនសុំច្រើនណាស់ ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ពិសេសមន្ទីរពេទ្យនិងសំខាន់ណាស់ ហើយនិងសាលារៀន ប្រជាជនដូចអរម៉ង បើសិនបានកើតទាំងអស់ហ្នឹងវិញ ប៉ុន្តែឥឡូវដូចមិនឃើញមាន វាពិបាកដែរ ហើយខ្ញុំមិនសូវបានចេញចូលប្រជុំ»។​

បើ​ទោះ​បី​ជា​មើល​ឃើញ​ថា​​គម្រោង​អភិវឌ្ឍមួយចំនួន​មាន​ភាព​ចាំ​បាច់​សម្រាប់​សហគមន៍​លោកក្តី តែ​លោក ខួច និយាយថាលោកមិនបានចូលរួម លើកមតិយោបល់ ឬចូលរួមដើម្បីធ្វើសេចក្តីសម្រេច លើកិច្ចការអភិវឌ្ឈអ្វីជាមួយក្រុមបឹក្សា ឬមេឃុំទេ៖ «បើសិនជាឲ្យមានមតិវិញ ចង់សំថាឲ្យប្រជាជនទាំងអស់និង ដើម្បីឲ្យរួមមតិ ឲ្យសួរទៅមេភូមិនិងមេឃុំតើបើយើងសុំធ្វើជាមណ្ឌលសុខភាព សាលារៀនអីប​ន្ថែមទៀតចឹង​ ហើយនិងផ្លូវថ្នល់ ដូចក្មេងៗទាំងកូនខ្ញុំ កូនគេ ជាពិសេសត្រូវការរៀន បើសិនឲ្យទៅអីណាឥឡូវ​ កំពុងឲ្យកូនរៀនដល់កំពង់ថ្ម បើនៅនេះមើលទៅរៀនដូចរៀនមិនដិតមិនដល់វាពិបាកពេក ហើយ ដល់ពេលនេះទៅប្រជាជនបើនិយាយរួមទៅត្អូញតគ្នា​​ គេច្រើនតែប្រាប់ពីមួយតមួយដល់ចឹងគេអស់ទំនុកទុកចិត្ត»។

អង្គការវិទ្យាស្ថានតស៊ូរមតិនិងគោលនយោបាយ(API)កំពុង​តែ​ធ្វើសកម្មភាព​ដើម្បី​ជម្រុញឲ្យ​ពលរដ្ឋ​​ទទួល​បាន​សិទ្ធិទទួល​ព័ត៌មានពេញលេញ។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយឲ្យ​ដឹងថាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំប្រចាំខែរបស់ឃុំឬ​សកម្មភាព​អភិវឌ្ឍន៍នានា​មានប្រហែលជា២៥%ប៉ុណ្ណោះ។

ប្រធានកម្មវិធីអង្គការនេះ លោក ម៉ាន់ វ៉ាន់ផានិត ពិនិត្យ​ឃើញថា​ពលរដ្ឋ​មិន​ទាន់​យល់ពីសារៈសំខាន់​នៃការ​ចូលរួម​របស់ពួកគាត់​នៅក្នុងដំណើរការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សាឃុំនៅឡើយ។ លោក​និយាយថាវា​កម្រ​ណាស់​ដែលមាន​ពលរដ្ឋ​ចូលរួម​នៅក្នុងការ​ប្រជុំ​ប្រចាំ​ខែ​របស់ឃុំ ប៉ុន្តែការចូលរួម​របស់ពលរដ្ឋនៅក្នុងវេទិការនានា​មានការ​កើនឡើង​បន្តិច៖ «បើនិយាយពីការ​ប្រជុំ​ប្រចាំ​ខែ​របស់ឃុំវិញ​គឺយើង​សង្កេត​ឃើញថា​ស្ទើរ​តែគ្មានការ​ចូលរួម​របស់​ពលរដ្ឋមាន​តែ​CBOខ្លះៗតែប៉ុណ្ណោះ។ ការ​ចូលរួម​មានការកើតឡើងខ្លះ តែ​យើង​ឃើញ​មានការ​ប្រឈមជាពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាលកាន់​តែ​មាន​បញ្ហា។ ពលរដ្ឋ​គិត​តែ​ជីវភាព​របស់ខ្លួន​ជាជាង​ចង់ដឹង​ចង់​ឮពីឃុំ»។

លោក ផានិត ទទួល​ស្គាល់​ថា​អាជ្ញាធរមូលដ្ឋាន​ខ្លះបាន​អនុវត្ត​ល្អ​ដើម្បី​គៀងគរ​ឲ្យ​មានការ​ចូលរួម​របស់ពលរដ្ឋ ខណៈដែល​លោក​ថា​អាជ្ញាធរខ្លះទៀត​នៅ​មានភាព​ប្រងើយកន្តើយនៅឡើយ៖ «អង្គទាំងពីរហ្នឹង​នៅ​មាន​បញ្ហាដូចគ្នា។ ទាំងអាជ្ញាធរ​ក៏នៅ​មាន​បញ្ហា និងការ​ពលរដ្ឋ​ក៏នៅ​មានភាព​ប្រងើយកន្តើយចឹង​ហើយបានជាធ្វើឲ្យ​មានការលំបាក និងការ​អភិវឌ្ឍន៍មិន​ទាន់​ឆ្លើយតប»។

មាត្រាទី២១ នៃ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ចែងថា ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវប្រជុំមួយដងក្នុងមួយខែ។

នៅឯឃុំ​បឹង​ល្វា លោក ហ៊ុន​ឌីម៉ូ រាយការណ៍​ថា ពលរដ្ឋ​ដែលគាត់​បាន​ជួប​សម្ភាសន៍​ភាគ​ច្រើន​បាន​ដឹង​ពី​​ការ​ប្រជុំ​ឃុំ។ ប៉ុន្តែ​មិន​លំអិត​ទេ។ ពលរដ្ឋ​ខ្លះ​បាន​ទៅ​ចូលរួម​ផ្ទាល់។ ទោះ​យ៉ាង​ណានៅ​ពេលដែល​លោក​ ហ៊ុន​ ឌីម៉ូ សួរ​គាត់​អំពី​ការ​បញ្ចេញ​មតិ​យោបល់​ឬលើក​ពី​ផែនការ​នានា​ស្នើ​ដល់​ក្រុម​ប្រឹក្សាឃុំ​ពេល​ប្រជុំនោះ គឺ​ពលរដ្ឋ​ហាក់​បង្ហាញ​ភាព​ខ្លាច​រអារដូច​ជា​កម្មការិនី​ចំការកៅស៊ូឈ្មោះ សែ បូរី ដែរ។

អង្គុយលើគ្រែនៅក្រោមផ្ទះ បុរសមានសម្បុរស្រអែម សក់រួញអង្គាសដី លោក ក្រូច ក្រេង អាយុ៤៣ឆ្នាំ។ គាត់គឺជាកសិករ។ លោក ក្រេងប្រាប់ថា ការចូលរួមបញ្ចេញមតិ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាលោកធ្លាប់ចូលរួមខ្លះៗ។ តែ​គាត់​បញ្ជាក់ថា រាល់ការចូលរួមលោកមិនហ៊ានបញ្ចេញមតិ៖ «ខ្ញុំ​អ្នក​ឆោត​ល្ងង់​មួយដែរ អត់ហ៊ាន​សួរ។ សួរ​ទៅក្រែងលោ​វា​ខុស។ ខ្ញុំ​វា​អត់​ហ៊ាន​ខ្លួន​ឯងហ្មងហ៊ាន​បាន​តែនិយាយ​នៅក្រៅ​ៗ តែ​ដល់ពេល​និយាយ​ជាមួយ​ឃុំ​គឺអត់​ហ៊ាន»។

សម្រាប់​លោក ក្រេង បើ​ទោះបី​មិន​ហ៊ាន​និយាយ​ផ្ទាល់​ពេល​ប្រជុំ​ឃុំក្តី តែ​ភាសាក្នុង​ចិត្ត​របស់​លោក​ដែល​លោក​ចង់​បាននោះ​គឺការ​សាងសង់​មន្ទីរពេទ្យនៅក្នុង​ភូមិ​ឃុំ​របស់លោក៖ «មេភូមក៏ដោយ​ មេឃុំ​ក៏ដោយ​ចង់ឲ្យ​ស្តាប់​មតិ​ប្រជាពលរដ្ឋ។ មែនស្តាប់​ហើយ​ធ្វើ​ហ្មងទេ គឺ​គិត​សិន​ទៅ​ ថា​តើ​វា​ចំណេញ​ឬ​ខាត ឬ​មតិ​ពលរដ្ឋ​ហ្នឹង​ត្រឹម​ត្រូវ​បាន​គោលការណ័​អភិវឌ្ឍនៅក្នុង​ភូមិ​ឃុំហ្នឹង។ រក​មធ្យោបាយហើយ​បើ​មតិ​ពលរដ្ឋ​ត្រឹម​ត្រូវ​សូម​ឲ្យ​គាត់ធ្វើ​តាម​មតិ​ប្រជាពលរដ្ឋ»។

នៅពេល​ដែល​លោក ក្រេង និយាយ​ដូច្នេះ​ប្រហែលជា​អ្នក​ភូមិ​ដែលធ្លាប់​មាន​បទ​ពិសោធន៍ចូលរួម​នៅក្នុង​ការ​ធ្វើសេចក្តី​សម្រេចចិត្ត​របស់​ឃុំ​មិន​បាន​ដឹង​ថា​តើ​ការ​ចូលរួម​របស់ពួកគេ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា។

អ្នក​ភូមិ​ម្នាក់​ទៀត​បាន​បង្ហាញពីការ​ប្តេជ្ញាចិត្ត​ខ្ពស់​នៅក្នុងការ​ចូលរួម​ប្រជុំ​ឃុំ។ លោក បៀត ហែន ជាអ្នកលក់កូនដំណាំស្វាយចន្ទី។ ជាងប៉ះកង់​រថយន្តនិង​លក់​ដំណាំកូន​ចន្ទីរ​អាយុ​២៦​ឆ្នាំ​រូបនេះ​និយាយថា​វា​ជាការ​ល្អណាស់​ដែល​បាន​ចូលរួម​ប្រជុំ​ឃុំ ប៉ុន្តែ​មិន​ដែលមាន​នរណា​អញ្ជើញគាត់ទេ៖ «ខ្ញុំនៅផ្ទះរាល់ថ្ងៃ បើដឹងខ្ញុំទៅហើយ ទៅអើតមើលការផ្សព្វផ្សាយ ថាគេនិយាយយ៉ាងម៉េចៗ ខ្ញុំគិតថាវាសំខាន់ បើមានប្រជាពលរដ្ឋចូលរួមច្រើន ជាមួយឃុំឬចៅហ្វាយស្រុកគេមក ព្រោះពួកគាត់មកក្នុងនាមបំណងល្អ មកដើម្បីជួយប្រជាពលរដ្ឋ ហើយបើមកមិនជួយប្រជាពលរដ្ឋ បើមកមិនចូលដែរ ខ្ញុំចង់ចូលរួមជាមួយឃុំ តាមខែនៅនឹងមានមេក្រុម មេក្រុមច្រើន តែមិនដែលឃើញមេក្រុមមកប្រាប់ផង ដូចអត់មានប្រជុំអីផង»។​

ពៅ ស្រីម៉ុំ គឺជា​ស្រ្តី​ដែល​មាន​កូន​ប្រុស​ស្រី​៤នាក់​នៅក្នុង​បន្ទុក។ គាត់គឺជាអ្នក​លក់គុយទាវ​នៅក្នុង​ភូមិ។ ស្រីមុំ​បាន​និយាយ​ប្រាប់អ្នក​យកព័ត៌មាន​ថា គាត់មិន​ដែលបាន​ចូលរួមនៅក្នុងការ​សម្រេចចិត្ត​របស់ក្រុម​ប្រឹក្សាឃុំ​​បឹង​ល្ងាឡើយ៖ «ដូចថាយើងលក់ដូរអញ្ចឹងឃុំនិងយ៉ាងម៉េចៗយើងអត់ដែលដឹង អត់ដែលមានបញ្ហាអីចឹង តែបើមានបញ្ហាអីទៅប្រាប់គាត់ដោះស្រាយឲ្យយើង ហើយបើយើងមិនដឺលមានបញ្ហា​អីផង តែបើយើងត្រូវទៅធ្វើសំបុត្រកំណើតអាហ្នឹងខ្ញុំទៅអត់អីទេ បើនិយាយទៅនៅភូមិឃុំគេខាងនោះប្រហែលជាគេបានដឹង បើនៅនេះខ្ញុំអត់ដែលបានដឹង»។

មាត្រា​៦៣ នៃ​ច្បាប់​ស្តីពីការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ ចែង​ថា​ក្នុងការ​រៀបចំផែនការ​អភិវឌ្ឍឃុំ​សង្កាត់ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ត្រូវ​ចាត់វិធានការ​ ទី១ វាយ​តម្លៃ​អំពី​កម្រិត​អត្ថិភាព​នៃការ​អភិវឌ្ឍន៍និងកម្មភាព​អភិវឌ្ឍន៍នៅក្នុង​ឃុំ​សង្កាត់​របស់ខ្លួន។ ទី២ប្រមូល​ផ្តុំ​សេចក្តីត្រូវ​ការ​ក្នុងឃុំ សង្កាត់​និងកំណត់​អាទិភាពចំពោះ​សេចក្តី​ត្រូវការ​ទាំង​នោះ​ ដោយ​ផ្អែក​ទៅ​លើ​ធនធាន​ទាំងឡាយ​ដែល​ឃុំ សង្កាត់​មាន​និង​ធនធាន​ដែលបា​នទទួល។ ទី៣​រៀប​ចំ​កម្មវិធី​ដែលអាច​ឆ្លើយ​តបនានា តាម​រយៈ​ការផ្តល់​សេវា​និង​ការ​អភិវឌ្ឍ ហើយ​កម្មវិធី​ទាំងនេះ​ត្រូវ​បញ្ចូល​ក្នុង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ឃុំ​សង្កាត់។ ទី៤ ផ្តល់​សេវា​និងការ​អភិវឌ្ឍអនុលោម​ទៅតាម​ថវិកា​ខ្លួន។ ទី​៥ ពិនិត្យ​​តាម​ដាន​និង​វាយ​តម្លៃចំពោះ​លទ្ធផល​នៃការ​អនុវត្ត​ផែនការអភិវឌ្ឍន៍។ ទី​៦ ប្រើ​ប្រាស់​លទ្ធផល​ផ្សេងៗ​ដើម្បី​វាយ​តម្លៃ​អំពីកំរិត​នៃការ​អភិវឌ្ឍ​ថ្មី​ៗក្នុង​ឃុំ​សង្កាត់​របស់ខ្លួន និង​ទី៧​ធ្វើ​សេចក្តី​រាយការណ៍​អំពី​លទ្ធផល​នៃការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​ជូនពលរដ្ឋ​របស់ខ្លួន។​

ដាច់​ដោយឡែក​មាត្រា​៧១​នៃ​ច្បាប់​ដដែល​នេះ​បាន​ចែង​ថា ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ត្រូវ​ពិនិត្យ​ពិចារណា​ទៅ​លើ​មតិ​យោបល់​ផ្សេងៗ​ដេល​បាន​ផ្តល់ចំពោះ​សេចក្តី​រាយការណ៍​…ហើយ​ត្រូវ​ទទួល​យក​មតិយោបល់​ល្អៗ​ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់។ ​

ស្តាប់​មើល​ទៅ​នីតិ​វិធី​ហាក់​ដូចស្មុគ្រស្មាញ។ សម្រាប់​លោក​ បៀត ហែន ​មិន​បាន​យល់អំពី​នីតិវិធីនេះ​ទេ។ ប៉ុន្តែ​គាត់​និយាយថា​គាត់​សម្បាយ​ចិត្ត​ប្រសិន​បើ​គាត់​មាន​ឱកាស​បាន​ចូលរួម៖ «បញ្ចេញ​មតិ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ពលរដ្ឋ​មិន​ចង់​បាន​មាសពេជ្រអី​ទេ ចង់​បាន​តែ​ចូលរួម​បញ្ចេញ​មតិ​យោបល់​ដើម្បី​ឲ្យជួយពលរដ្ឋ»។

ក្នុង​ផែនការ​វិនិយោគ​ឃុំ​កាលពី​ឆ្នាំ​២០១៦ ឃុំ​បឹងល្វា​បាន​ទទួល​លុយ​ពីថ្នាក់​ជាតិចំនួនពីររយហុកសិប​លានរៀល(២៦០ ១០៩ ៣៧១រៀល) ឬ​ស្មើ​នឹងប្រមាណជា​ប្រាំមួយម៉ឺន​ប្រាំពាន់​ដុល្លារ​អាមេរិក។

ឃុំ​នេះ​បាន​សម្រេច​ប្រើ​ប្រាស់​លុយនោះ​ដើម្បីកសាង​ផ្លូវ​ដែល​មាន​ប្រវែង​បួនពាន់ប្រាំរយកៅសិប​ប្រាំមួយម៉ែត្រ។ដាច់​ដោយឡែកនៅក្នុង​ឆ្នាំ២០១៧ ឃុំ​បឹង​ល្វា​ទទួល​បាន​ថវិកា​ជាតិ​ចំនួនពីររយហុក​សិប​ប្រាំមួយ​លានរៀល(២៦៦ ១៦០ ០០០រៀល)ឬ​ប្រហែល​ប្រាំ​មួយម៉ឺន​ប្រាំមួយពាន់​ដុល្លារអាមេរិកដើម្បី​អភិវឌ្ឍន៍ឃុំនេះ។

មេឃុំ​បឹង​ល្វាលោក ប៉ែន លឿ រៀប​រាប់​ឡើង​វិញ​អំពី​អ្វី​ដែល​ជា​បញ្ហា​អាទិភាព​និង​ការ​សម្រេចចិត្ត​កាលពី​មួយ​ឆ្នាំមុន៖ «ខ្ញុំ​បាន​ណែនាំ​ឲ្យ​មានការ​គៀងគរ​ពលរដ្ឋ​និង​ចាស់​ព្រឹទ្ធាចារ្យ​ខ្លះ​ឲ្យ​បាន​លើកឡើង​ពី​បញ្ហា​អាទិភាព​ដែល​ត្រូវ​ធ្វើការ​អភិវឌ្ឍ»។​

មេឃុំ​បឹង​ល្វាលោក ប៉ែន លឿ
មេឃុំ​បឹង​ល្វាលោក ប៉ែន លឿ

​ថវិកាឃុំ​មិនគ្រប់គ្រប់គ្រាន់​គឺជា​គឺជា​ហេតុ​ផល​ចំបងមួយ​សម្រាប់​លោក ប៉ែន លឿ៖ «ពលរដ្ឋបានលើកយកបញ្ហាផ្សេងដើម្បីដាក់ជួនក្រុមប្រឹក្សា​ ក្នុងនោះបញ្ហាផ្លូវលំត្រូវបានលើកយ៉ាងច្រើនក្នុងកិច្ចប្រជុំឃុំ ដើម្បីឲ្យឃុំជួយកសាង និងជួសជុល ដោយេហតុថាពួកគាត់ជាច្រើនត្រូវការដឹកកសិផលទៅទីផ្សានិងការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។​ ក្រុមប្រឹក្សាបានយកមតិរបស់ពួកគាត់ដើម្បីប្រជុំ និងធ្វើសេចក្តី។ ដោយថវិការរបស់ឃុំតិចនោះលទ្ធផលពុំតាមអ្វីដូចដែលពួកគាត់ចង់បានឡើយ»។

នៅពេលដែលកម្មវិធី​អភិវឌ្ឍន៍ឃុំ​នៅ​ឆ្នាំ២០១៧នេះ​ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្តហើយក៏ដោយ ក៏ប៉ុន្តែលោក ប៉ែន លឿ កំពុងតែ​ជញ្ជឹងគិតថា​តើ​ត្រូវ​ប្រើ​វិធីសាស្រ្តបែបណាដើម្បីជម្រុញឲ្យ​ពលរដ្ឋនៅក្នុងមូលដ្ឋាន​របស់​លោកចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុងការអនុវត្តផែនការ​ទាំងអស់នោះ៖ «រៀល​រាល់​ខែ​ខ្ញុំ​បាន​ប្រជុំ​។ ខ្ញុំ​ណែនាំ​ឲ្យ​មេភូមិ​គ្រប់​ភូមិ​សួរនាំ​ប្រជាពលរដ្ឋ​អំពី​បញ្ហា​និង​តម្រូវការ​។ មេភូមិ​ត្រូវ​មក​រាយការណ៍​វិញ​នៅ​ពេល​ប្រជុំនៅខែ​បន្ទាប់»។

សម្រាប់លោក ម៉ាន់ វ៉ាន់​ផានិត មើល​ឃើញថា​កញ្ចប់​ថវិកាបន្ថែម​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​គឺជា​ការចាំបាច់។ លោកមានប្រសាសន៍ថា​ថវិកាជាតិ​សម្រាប់ការ​អភិវឌ្ឍន៍នៅ​មូលដ្ឋាន​គួរតែ​បន្ថែម​ដើម្បី​អាច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ឆ្លើយ​តបបាន​ទៅ​តាម​តម្រូវការ​របស់​ពលរដ្ឋ។ លោក ផានិត​ ក៏ទទូច​ឲ្យ​ពលរដ្ឋ​មានភាព​សកម្ម​ច្រើន​ជាងមុន​ក្នុងការ​តាម​ដាននិង​ធ្វើសកម្មភាព​ជាមួយនឹង​អាជ្ញាធរមូលដ្ឋាន។ លោកផានិតនិយាយថា​លុះ​ត្រា​តែ​ពលរដ្ឋ​សកម្មនិង​អាជ្ញាធរ​ប្រឹង​ប្រែងដើម្បី​គៀងគរ​ពលរដ្ឋ​ចូលរួម​ទើប​អាចធ្វើឲ្យ​ការ​អភិវឌ្ឍ​មាន​ប្រសិទ្ធភាព​និង​ឆ្លើយតបនិងតម្រូវការ៕

ដោយលោក ហ៊ុន ឌីម៉ូ និងលោក ណុប វី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ